អូស្ត្រាលីបញ្ចេញ «២ពាន់លានដុល្លារ» ដើម្បីសង្គ្រោះប្រជាជន និងស្តារជីវចំរុះ​ដែលវិនាសហិនហោចដោយសារភ្លើងឆេះព្រៃ

0

(ស៊ីដនី)៖ ខណៈភ្លើងឆេះព្រៃកំពុងតែបន្តនៅឡើយ នៅតំបន់ជាច្រើននៃភាគខាងកើតប្រទេស រដ្ឋាភិបាលអូស្ត្រាលីរបស់លោកនាយករដ្ឋមន្ត្រី ស្កុតត៍ ម៉ូរីសុន (Scott Morrison) បានអះអាងថានឹងបញ្ចេញថវិកាជាតិ ២ពាន់លានដុល្លារអូស្ត្រាលី (១.៤ពាន់លានដុល្លារអាមេរិក) បន្ថែមពីថវិកាជាច្រើនលានដុល្លារ ដែលត្រូវបានបញ្ចេញរួចទៅហើយ ដើម្បីជួយសង្គ្រោះប្រជាជន និងស្តារជីវចំរុះនានាឡើងវិញ។

ក្រោយការប្តេជ្ញាខាងលើនេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីក៏បានបន្ថែមទៀតផងដែរថា ថវិកាបន្ថែមនឹងត្រូវផ្តល់ បើសិនជាតម្រូវការនៅតែមាននោះ។ សម្រាប់ថ្ងៃចន្ទនេះដែរ មនុស្សពីរនាក់បន្ថែមទៀតត្រូវបានគេរាយការណ៍ បានបាត់ខ្លួននៅក្នុងរដ្ឋ New South Wales ខណៈដែលចំនួនមនុស្សស្លាប់ នៅក្នុងមហន្តរាយភ្លើងឆេះព្រៃ​ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកទល់នឹងពេលនេះបានកើនឡើងដល់ ២៤នាក់។

បន្ថែមពីលើមនុស្សស្លាប់ និងសត្វព្រៃរាប់រយលានក្បាល​ងាប់យ៉ាងអណោចអធមបំផុតនោះ លំនៅឋានប្រជាជនអូស្ត្រាលីប្រមាណជាង ២,០០០ខ្នងក៏ត្រូវបានភ្លើងព្រៃលេបត្របាក់ខ្ទេចខ្ទី។ ដោយឡែកលោកនាយករដ្ឋមន្ត្រី​អូស្ត្រាលី ក៏បានទទួលរងការរិះគន់ពីមហាជនមួយចំនួនផងដែរ ដោយសារតែលោក​បានអវត្តមាននៅពេលដែលភ្លើងឆេះព្រៃចាប់ផ្តើមកញ្ជ្រោលខ្លាំងបំផុត ខណៈប្រជាជនអូស្ត្រាលីដែលបានរងគ្រោះ បាត់បង់អ្វីគ្រប់យ៉ាងនៅតំបន់ត្រូវបានភ្លើងព្រៃ​លេបត្របាក់នោះ បានស្តីបន្ទោសធ្ងន់ៗទៅលើរដ្ឋាភិបាល ដែលមានភាពយឺតយ៉ាវ។

គួរបញ្ជាក់ថា ភ្លៀងបានចាប់ផ្ដើមធ្លាក់ជាបណ្តើរៗហើយ នៅតំបន់មួយចំនួនក្នុងប្រទេសអូស្ត្រាលី ក្នុងនោះរួមទាំងភាគខាងកើតផងដែរ ដែលកំពុងតែទទួលរងគ្រោះដោយមហន្តរាយភ្លើងឆេះព្រៃ រីឯសីតុណ្ហភាពក៏បានចុះត្រជាក់ជាបណ្ដើរៗ។ ទោះបីជាបែបនេះក្តី មន្ត្រីជំនាញអូស្ត្រាលីបានព្រមានថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំអាចនឹងឆាបឆេះសាជាថ្មី៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AP (ថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០)

 

LEAVE A REPLY

Please enter your comment!
Please enter your name here