សំនួរគោលៗទាំង ០៥ ធ្វើឲ្យអ្នកស្វែងយល់កាន់តែច្បាស់អំពី James Webb តេឡេស្កូបឆ្លុះចក្រវាឡ ២០២១

0

(បរទេស)៖ ថ្ងៃនេះ Cambo Space សូមធ្វើការលម្អិតបន្តិច អំពីមុខងារសំខាន់ៗ នៃកែវយឺតអវកាស James Webb ដែលត្រូវបានពន្យារពេលបាញ់បង្ហោះ ជាច្រើនលើកច្រើនសារ ក៏ព្រោះតែបញ្ហាដោះស្រាយមិនចេះចប់។ James Webb ពិតជាធំខ្លាំងណាស់ ព្រោះគ្រាន់តែតួខ្លួនវាទាំងមូលនៅពេលធ្វើការពន្លៀតអស់នោះ គឺមានទំហំជិតប៉ុនតារាងវាយថេនីសមួយទៅហើយ។

១. តើកែវយឺតអវកាស James Webb បង្កើតឡើងដើម្បីអ្វី?

ចម្លើយដែលគ្រប់គ្នានឹងឆ្លើយនោះ គឺវាត្រូវបានបង្កើតឡើងដើម្បីស្រាវជ្រាវនៅទីអវកាស។ តែសម្រាប់ភាពស៊ីជម្រៅវិញ កែវយឺតអវកាស James Webb ដែលយើងអាចហៅថា Webb ឬក៏ JWST ពិតជាមានទំហំធំណាស់ ហើយវាត្រូវបានចាត់ទុកជាមន្ទីរពិសោធន៍នៅក្នុងទីអវកាស ដែលប្រើប្រាស់រលកសញ្ញា infrared នៅក្នុងការស្វែងយល់ឲ្យកាន់តែច្បាស់បន្ថែម អំពីរបកគំហើញសំខាន់ៗ ដែលត្រូវបានរកឃើញដោយកែវយឺតអវកាស Hubble ក្នុងរយៈពេល ៣០ឆ្នាំមកហើយ។ វានឹងអាចជះរលកសញ្ញាក្នុងរយៈចម្ងាយឆ្ងាយជាងមុន និងប្រកបដោយលក្ខណៈបត់បែនខ្ពស់ដ៏ពិសេសអស្ចារ្យ។

២. តើកែវយឺតអវកាស James Webb អាចសិក្សាភពអេលៀន បានកាន់តែប្រសើរជាងមុនពិតមែនឬទេ?

ជាពិតណាស់ តួនាទីរបស់ James Webb គឺចំរុះ ហើយការសិក្សាអំពីភពអេលៀន ដែលត្រូវបានរកឃើញដោយកែវយឺតអវកាសផ្សេងៗកន្លងមក ក៏ស្ថិតនៅក្នុងគោលដៅនេះដែរ។ បើយើងនិយាយជារួមវិញ James Webb មានតួនាទីសំខាន់ៗ ៤ នោះគឺទី ១៖ ស្វែងរកពន្លឺដែលចេញពីតារា និងកាឡាក់ស៊ី​នានា​ដែលកកើតដំបូងៗគេក្នុងចក្រវាឡ បន្ទាប់ពីបន្ទុះ Big Bang, ទី ២៖ ធ្វើការសិក្សាអំពីការកកើត និងការវិវឌ្ឍន៍របស់កាឡាក់ស៊ីនានា, ទី ៣៖ ធ្វើការស្វែងយល់​អំពីការកកើតនៃប្រព័ន្ធផ្កាយនានា និងភពដែលគោចរជុំវិញពួកវា និង ទី ៤៖ ធ្វើការសិក្សាអំពីចង្កោមភព និងការកកើតដំបូងរបស់ពួកវានោះឯង (ស្វែងយល់ពីបុគ្គលិកលក្ខណៈស៊ីជម្រៅ និងសារធាតុផ្សំនៃភពទាំងនោះ)។

៣. តើកែវយឺតអវកាស James Webb នឹងត្រូវបាញ់បង្ហោះនៅពេលណាឲ្យប្រាកដ?

កែវយឺតអវកាស James Webb ត្រូវបានកំណត់កាលពីខែសីហា ឆ្នាំ២០១៩ ថានឹងត្រូវបាញ់បង្ហោះជាផ្លូវការ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដើម្បីឲ្យវាធ្វើប្រតិបត្តិការ នៅក្នុងរយៈចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី ដូច្នេះគឺវានៅតែសល់ពេលតែជាង ១ឆ្នាំទៀតប៉ុណ្ណោះក្នុងការបាញ់បង្ហោះ។ James Webb នឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋាន ELA-3 របស់អង្គការអវកាសអឺរ៉ុប ESA នៅលើដែនដី Guiana របស់បារាំង ស្ថិតនៅភាគខាងកើតនៃទ្វីបអាមេរិកខាងត្បូង ដែលជាប់ហ្នឹងមហាសមុទ្រអាត្លង់ទិក។

៤. តើកែវយឺតអវកាស James Webb ចាយអស់ប្រាក់ប៉ុន្មានហើយ និងប្រទេសណាខ្លះចូលរួមអភិវឌ្ឍន៍?

បើគិតត្រឹមដំណាច់ឆ្នាំ២០១៩ កែវយឺតអវកាស James Webb បានចាយអស់ថវិកា ៩.៧ពាន់លានដុល្លារអាមេរិកហើយ។ ចំនួននេះគឺបានកើនលើសទ្វេដង បើធៀបនឹងការគ្រោងចំណាយសម្រាប់កម្មវិធីអភិវឌ្ឍន៍ និងផលិត James Webb ដំបូងកាលពីឆ្នាំ២០០៩។ ប្រទេសដែលដឹកនាំការផលិត និងគ្រប់គ្រងកម្មវិធី James Webb គឺសហរដ្ឋអាមេរិក (NASA) ខណៈប្រទេសដែលសហការជាមួយនោះ គឺមានចំនួន ១៣ ដូចជា អូទ្រីស ប៊ែលហ្សិក កាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ ស៊ុយអែត ស្វីស និងអង់គ្លេស។ បន្ថែមពីនេះ សមាជិកនៃអង្គការអវកាស ESA នៃទ្វីបអឺរ៉ុប ក៏បានចូលជាវិភាគទានខ្លះៗដែរ។

៥. តើកែវយឺតអវកាស James Webb នឹងបង្កើតភាពអស្ចារ្យអ្វីខ្លះ សម្រាប់មនុស្សជាតិលើភពផែនដី?

ខណៈតួនាទីស្នូលរបស់វា ត្រូវបានបញ្ជាក់ក្នុងចម្លើយនៃសំនួរទីពីររួចទៅហើយ ដូច្នេះសមិទ្ធផលនៅថ្ងៃអនាគតរបស់វា គឺមានការតែរង់ចាំមើលថា តើបេសកកម្មអាចប្រព្រឹត្តទៅ​ដោយរលូនតាមការគ្រោងទុកឬអត់។ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា James Webb នឹងប្រើប្រាស់រលកសញ្ញា Infrared របស់វាដើម្បីឆ្លុះមើលអ្វីៗ ដែលកែវយឺតអវកាសមុនៗមិនធ្លាប់បានឃើញ ឬមិនអាចធ្វើបាន។ យើងនឹងអាចមើលឃើញការបង្កើតកាឡាក់ស៊ី តារា និងភពដំបូងៗ បន្ទាប់ពីបន្ទុះ Big Bang កាលពី ១៣.៦ពាន់លានឆ្នាំមុន។

សរុបសេចក្តីមក កែវយឺតអវកាស James Webb មានតួនាទីសំខាន់ នៅក្នុងការសិក្សាអំពីការកកើតនៃកាឡាក់ស៊ី ផ្កាយ និងភពនានា នៅក្នុងចក្រវាឡ ក្រោយពីបន្ទុះ Big Bang ទើបកើតមានឡើងក្តៅៗ៕

ប្រភព៖ jwst.nasa.gov
ប្រែសម្រួល និងរៀបរៀង៖ ឥន្ទ វុត្ថា (Cambo Space Admin)

LEAVE A REPLY

Please enter your comment!
Please enter your name here