ថៃរៀបចំការដង្ហែក្បួនសត្វដំរី ដើម្បីរំលឹកដល់សត្វរាប់រយលានក្បាល ដែលបានងាប់ក្នុងភ្លើងឆេះព្រៃនៅអូស្ត្រាលី

0

(ថៃ)៖ សិស្សសាលាជាច្រើននាក់ និងសត្វដំរីជាច្រើនក្បាល បានចូលរួមក្នុងពិធីដើរជាក្បួនដង្ហែរដោយស្ងៀមស្ងាត់ នៅឯជំរំសត្វដំរីមួយនៅក្នុងប្រទេសថៃនាថ្ងៃចន្ទនេះ ដើម្បីសម្ដែងការគោរព និងលើកកម្ពស់ការយល់ដឹងអំពីសត្វព្រៃ បន្ទាប់សត្វរាប់លានក្បាលបានងាប់ នៅក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃ នៅប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

ព្រឹត្តិការណ៍ខាងលើត្រូវបានរៀបចំឡើង ដោយអាជ្ញាធរនៃតំបន់ទេសចរណ៍ Ayutthaya Elephant Palace & Royal Kraal ដោយសត្វបានលើកផ្ទះបដាសរសេស ជាភាសាអង់គ្លេស «Pray for Australia» ឬ «បន់ស្រន់ឱ្យអូស្ត្រាលី» ដែលកំពុងរងគ្រោះដោយសារភ្លើងឆេះព្រៃ។ ថ្លែងនាឱកាសចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ សិស្សបឋមម្នាក់ឈ្មោះ ឡាក់សាផន លឿតភិរិយ៉ាកាម៉ុល (Laksaporn Loetpiriyakamol) បានលើកឡើងដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំចង់បញ្ជូនការគាំទ្ររបស់ខ្ញុំ ទៅកាន់សត្វព្រៃទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី ហើយខ្ញុំចង់ឱ្យសត្វព្រៃទាំងអស់​នៅក្នុងប្រទេសអូស្ត្រាលីរួចផុតពីសេចក្ដីស្លាប់»។

គួរជម្រាបថា គិតចាប់តាំងពីភ្លើងឆេះព្រៃនៅអូស្ត្រាលី ឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មានមនុស្ស ២៨នាក់ហើយបានបាត់បង់ជីវិត រីឯផ្ទះជាង ២,០០០ខ្នងរងការបំផ្លិចបំផ្លាញ ខណៈសត្វអាចដល់ទៅជាងមួយពាន់លានក្បាលត្រូវបានគេសង្ស័យថា បានងាប់ ឬកំពុងប្រឈមមុខនឹងហានិភ័យការផុតរលត់ជីវិត ដែលកំពុងលុកលុយប្រទេសអូស្ត្រាលី ដោយមិនដឹងពេលណាត្រូវបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here