ហេតុអ្វីគ្រប់គ្នាត្រូវតែរំភើប ក្រោយការរកឃើញភព TOI 700 d ដែលស្រដៀងផែនដីខ្លាំងមិនធ្លាប់មាន?

0

(ហូណូលូលូ)៖ ជាការពិតណាស់ នៅពេលក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្ររកឃើញ​ភពណាមួយនៅប្រព័ន្ធផ្កាយផ្សេង ដែលមានបុគ្គលិកលក្ខណៈឆ្លុះបញ្ចាំង អំពីអ្វីដែលផែនដីយើងកំពុងមាននោះ ពួកគេប្រាកដជារំភើប និងអន្ទះសាក្នុងការប្រកាសរបកគំហើញនេះ ប្រាប់ដល់មនុស្សម្នានៅលើសកលលោក។ ប៉ុន្តែសាធារណៈមតិមួយចំនួនបានចោទសួរថា តើមានអ្វីគួរឲ្យរំភើប ឬអស្ចារ្យ បើភពដែលមានលក្ខណៈស្រដៀងផែនដី ត្រូវបានរកឃើញជាច្រើនរួចមកហើយនោះ?

ខណៈសាធារណមតិខ្លះបានលើកឡើងយ៉ាងដូច្នេះក្តី ប៉ុន្តែរហូតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នេះ ក្តីរំភើបនៅតែមិនទាន់ចប់នៅឡើយទេសម្រាប់ក្រុមអ្នកសិក្សា ដែលបានស្វែងយល់ច្រើនអំពីរឿងនេះ បើទោះបីជាព័ត៌មានខាងលើនេះ ត្រូវបានប្រកាសតាំងតែពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដែលជាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ សម្រាប់វិស័យអវកាស និងវិទ្យាសាស្ត្រនាដើមឆ្នាំ២០២០។

TOI 700 d គឺជាភពមួយត្រូវបានដាក់ចូលក្នុងចង្កោមពិសេស ​ដែលនេះមានន័យថា វាជាភពដែលមានលទ្ធភាពអាចលាក់ទុកជីវិតខ្ពស់ជាងគេបំផុត។ តាមរយៈការអង្កេតដោយកែវយឺតអវកាស TESS ទៅលើប្រព័ន្ធផ្កាយ TOI 700 (មានម៉ាស = ៤០% ព្រះអាទិត្យយើង) យើងអាចមើលឃើញភពចំនួនបី​កំពុងគោចរនៅជុំវិញផ្កាយនោះ ហើយវាមានចម្ងាយជាង ១0១.៤ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)។

ខុសពីបងប្អូនវាចំនួនពីរទៀត សម្រាប់ភព TOI 700 d ត្រូវបានក្រុមតារាវិទូអះអាងថា មានទំហំប្រហាក់ប្រហែលហ្នឹងភពផែនដីយើងនេះតែម្តង ខណៈគន្លងគោចររបស់វាវិញ គឺស្ថិតនៅតំបន់អំណោយផលខ្ពស់ ដែលយើងហៅជាភាសាអង់គ្លេសថា Habitable Zone ពីផ្កាយរបស់វា ហេតុដូច្នេះមានន័យថា TOI 700 d អាចរក្សាទឹកនៅលើផ្ទៃរបស់វា នៅក្នុងទម្រង់ជាវត្ថុរាវ ប្រសិនបើភពនោះមានទឹកដូចភពផែនដីយើង។

ទោះបីជាបែបនេះក្តី នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសួរថា តើភព TOI 700 d អាចមានជីវិតរស់នៅដែរឬទេ បើផ្កាយដែលវាកំពុងគោចរជុំវិញនោះ​ តូច និងមានពន្លឺខ្សោយជាងព្រះអាទិត្យយើងបែបនេះ? អ្នកវិទ្យាសាស្ត្រមួយរូបប្រចាំមជ្ឈមណ្ឌលតារាសាស្ត្រ នៃរដ្ឋម៉ាស្សាជូសេត គឺលោក Joseph Rodriguez បានឆ្លើយតបថា «យើងឥឡូវនេះកំពុងតែខិតទៅកាន់តែជិតវាហើយ… យ៉ាងហោចណាស់ក៏ប៉ុន្មានទសវត្សរ៍ទៀតដែរ ដើម្បីឲ្យយើងអាចឆ្លើយសំនួរអ្នកបាន…»។

គួរបញ្ជាក់ថា បើតាមសម្តីរបស់ក្រុមអ្នកវិទ្យាសាស្ត្រ ប្រសិនបើភពណាមួយ គោចរជុំវិញផ្កាយដែលមានលក្ខណៈកញ្ជ្រោល ឬមានអណ្តាតភ្លើង​ជះចេញជាញឹកញាប់ នោះមានន័យថា ប្រព័ន្ធផ្កាយនោះពោពេញដោយរលកវិទ្យុសកម្មកម្រិតខ្លាំងណាស់ ដែលវានឹងពិបាកឲ្យក្រុមអ្នកវិទ្យាសាស្ត្រជឿថា ភពដែលស្ថិតនៅក្នុងគន្លងត្រឹមត្រូវនៅទីនោះ អាចមានជីវិតរស់នៅទៅរួច។
ប៉ុន្តែសម្រាប់តារាក្រហម ដែលភព TOI 700 d កំពុងតែធ្វើគោចរជុំវិញនោះ គឺជាប្រភេទតារាមានពន្លឺនឹងនរ ព្រោះតាមរយៈការអង្កេតរបស់កែវយឺតអវកាស TESS នៅក្នុងរយៈពេល ១១ខែមកនេះ ក្រុមតារាវិទូមិនបានពិនិត្យឃើញចលនាកញ្ជ្រោល ឬអណ្តាតភ្លើងជះចេញពីវានោះឡើយ។

ជាក់ស្តែងនៅមានចម្ងល់ជាច្រើនទៀតអំពី TOI 700 d ដោយមតិមួយចំនួនលើកឡើងថា វាអាចជាភពដែលគ្មានរង្វិលខ្វាល់ ដែលនេះមានន័យថា ផ្នែកមួយចំហៀងរបស់វាអាចបែរទៅរកព្រះអាទិត្យវាជាប្រចាំ ហើយនោះវាក៏ជាអាចជាភពគ្មានលាក់ជីវិតអ្វីកើតដែរ។ ទោះបីជាបែបក្តី ដូចអ្នកវិទ្យាសាស្ត្រខាងលើបានអះអាងរួចហើយ យើងពិតជាត្រូវការពេលរាប់ទសវត្សរ៍ទៀតឯណោះ ដើម្បីឆ្លើយនឹងសំនួរបន្ថែមទៀត។

សរុបសេចក្តីមក យោងតាមការសិក្សាជាបឋមសិន ក្រុមអ្នកវិទ្យាសាស្ត្រអាចសន្មត់ថា ភព TOI 700 d ជាភពថ្មដូចផែនដីយើង និងមានគន្លងគោចរក្នុងតំបន់អំណោចផល ដូចផែនដីយើងដែរ។ ប៉ុន្តែសម្រាប់ពេលនេះ TOI 700 d ត្រឹមតែស្ថិតនៅក្នុងកិច្ចសន្យារបស់​ក្រុមអ្នកវិទ្យាសាស្ត្រថា នឹងធ្វើការសិក្សាពីវាបន្តទៀត ដោយការយកចិត្តទុកដាក់ជាពិសេស ព្រោះថាបេក្ខភាពប្រភេទនេះ មិនងាយមាននោះឡើយ៕

ប្រភព៖ Space (ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០)
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space Admin)

LEAVE A REPLY

Please enter your comment!
Please enter your name here