លោក Elon Musk ចង់បញ្ជូនមនុស្សទៅភពអង្គារ១លាននាក់នៅឆ្នាំ២០៥០ ហើយអ្នកមិនទាន់មានលុយអាចធ្វើការខ្ចីប្រាក់សិន…

0

(អាមេរិក)៖ តាមរយៈសារបង្ហោះលើ Twitter ប្រកបដោយមហិច្ឆតាខ្ពស់បំផុតនោះ នាយកក្រុមហ៊ុនអវកាសអាមេរិក SpaceX លោក អេឡុន ម៉ាសក៍ (Elon Musk) ចង់បញ្ជូនមនុស្សឲ្យទៅរស់នៅភពអង្គាររហូតដល់ទៅ ១លាននាក់ គិតត្រឹមឆ្នាំ២០៥០ ខណៈការនាំមនុស្សដំបូងៗទៅភពអង្គារ នឹងអាចកើតមានឡើងនៅកំឡុងទសវត្សរ៍ឆ្នាំ២០២០ នេះហើយ។

លោក Elon Musk បានអះអាងថា នាវាអវកាស ឬគ្រប់គ្នាស្គាល់ថា Starship ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្តសាកល្បងនៅឡើយនោះ នឹងត្រូវផលិតរហូតដល់ទៅ ១,០០០គ្រឿងឯណោះ ខណៈវាកំពុងត្រូវបានផលិតហើយនៅក្នុងរដ្ឋតិចសាស់។ បិតាស្ថាបនិក SpaceX រូបនេះថែមទាំងបានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍ Starship ក្នុងរយៈពេល ១០ឆ្នាំមកហើយ ហើយយើងមានលទ្ធភាពផលិតវា ១០០គ្រឿងក្នុងមួយឆ្នាំឯណោះ។

មិនត្រឹមតែមហិច្ឆតាផលិតនាវាអវកាសឲ្យបានច្រើននោះឡើយ លោក Elon Musk ថែមទាំងបានបង្ហាញគោលដៅ ចង់បាញ់ Starship រហូតដល់ទៅ ៣គ្រឿងក្នុងមួយថ្ងៃ ដើម្បីបញ្ជូនមនុស្សទៅធ្វើដំណើរកម្សាន្តនៅភពអង្គារ ដែលវាស្វាគមន៍សម្រាប់មនុស្សគ្រប់គ្នា ហើយចំពោះអ្នកដែលចង់ទៅ តែគ្មានថវិកាគ្រប់គ្រាន់នោះ ក្រុមហ៊ុនក៏មានកម្មវិធីណែនាំឲ្យអ្នកដំណើរ ធ្វើការខ្ចីប្រាក់សិនផងដែរ។ តើអ្នកនៅតែមិនទាន់ចាប់អារម្មណ៍ទៀតមែនទេ? លោក Elon ក៏សន្យារកការងារឲ្យអ្នកធ្វើ នៅលើភពអង្គារផងដែរ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Elon Musk ខាងលើនេះបានលាយឡំនឹងភាពកំប្លែងបន្តិច ប៉ុន្តែគំរោងប្រកបដោយមហិច្ឆតារបស់ SpaceX គឺមិនមែនជារឿងលេងសើចនោះឡើយ។ បើមើលលើផែនការអភិវឌ្ឍ និងគំរូរបស់ SpaceX ដែលត្រូវបានបង្ហាញកាលពីឆ្នាំ២០១៩ រួចទៅហើយនោះ វាគឺជាប្រព័ន្ធដឹកជញ្ជូននៅក្នុងទីអវកាស ប្រកបដោយឥទ្ធិពលបំផុតមិនអាចប្រកែកបាន ព្រោះនាវានេះអាចដឹកទំនិញបានទម្ងន់ ១០០តោន និងមនុស្ស ១០០នាក់ឡើងទៅទីអវកាសបានក្នុងពេលតែ ១។

លោក Musk ហាក់មិនទាន់បង្ហើបអំពីគ្រាប់រ៉ុក្កែតណាមួយ ដែលអាចរុញច្រាន Starship ក្នុងរយៈចម្ងាយរាប់លានគីឡូម៉ែត្រពីផែនដីនៅឡើយទេ ប៉ុន្តែចំណីអាហារ ទឹក គ្រឿងបរិក្ខាសំណង់ ឧបករណ៍ប្រើប្រាស់ និងប្រព័ន្ធទ្រទ្រង់ជីវិតមនុស្ស ត្រូវបានធានាជូនជាស្រេច សម្រាប់មនុស្សម្នានៅលើនាវាអវកាស។ បន្ថែមពីនេះ ដើម្បីអាចឲ្យមនុស្សកសាងទីស្នាក់នៅអចិន្ត្រៃយ៍លើភពអង្គារបាន SpaceX ត្រូវការបញ្ជូន Starship ឲ្យគ្រប់ចំនួនដែលបានកំណត់ក្នុងគំរោង នោះគឺនាវា ១,០០០គ្រឿង ដឹកទំនិញទម្ងន់ ១០០មេហ្គាតោន និងមនុស្ស ១០០,០០០នាក់៕

ប្រភព៖ Business Insider (ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here