ឃើញត្រឹម Concept ក៏រំភើបដែរចំពោះយាន Lexus សម្រាប់ជិះលើព្រះច័ន្ទ! ប៉ុន្តែតើវាអាចក្លាយជាការពិតទេ?

0

(អឺរ៉ុប)៖ ក្រុមហ៊ុនផលិតរថយន្ត Lexus ក៏ដូចជា Toyota (Toyota ជាក្រុមហ៊ុនធំរបស់ Lexus) បានរួមគ្នាបង្កើតរចនាឡើងនូវ Concept គួរឲ្យចាប់អារម្មណ៍មួយចំនួន ស្តីពីយានជំនិះនៅលើឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីវែបសាយព័ត៌មាន Edgadget នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។

Concept យានជំនិះសរុបចំនួន ០៧ ត្រូវបានបង្កើតឡើងដោយស្ទូឌីយ៉ោ​ផ្នែកខាងរចនាម៉ូដរបស់ក្រុមហ៊ុនផលិតរថយន្តទាំងពីរ​សាខាប្រចាំនៅអឺរ៉ុប សម្រាប់ទស្សនាវដ្តី Document Journal។ ក្នុងចំណោម Concept ទាំង ០៧ គំរូរចនាដែលលេចធ្លោជាងគេមួយហៅថា Zero Gravity ត្រូវបាន ជ្រើសរើសយកទៅចុះផ្សាយក្នុងទស្សនាវដ្តីនោះ។ Concept «Zero Gravity» នេះ គឺជាយានជំនិះមានរូបរាងដូចជាម៉ូតូយន្ត ក៏ប៉ុន្តែមិនមានកង់នោះទេ ដែលអ្នករចនាវាឡើងទំនងចង់ប្រើទ្រឹស្តីបច្ចេកវិទ្យាហៅថា Magnetic levitation (បណ្តែតខ្លួនដោយប្រើកម្លាំងម៉ាញេទិច)។

គួរជម្រាបថា គំរូរចនាដទៃៗទៀត ក៏សុទ្ធតែគួរឲ្យចាប់អារម្មណ៍ដូចគ្នា រួមមានដូច Lexus Comos ដែលទំនងជាយានសម្រាកសំកាំងខ្លួនលើផ្ទៃអាកាសព្រមទាំង Bouncing Moon Roller, Lexus Lunar Cruiser និង Lexus Moon Racer ដែលទំនងជាយានសម្រាប់បើកបរផ្ទាល់លើផ្ទៃដី និង Lexus Lunar Mission ដែលជាយានអវកាសសម្រាប់ដឹកមនុស្សពីផែនដីទៅកាន់ព្រះច័ន្ទ។ ដោយឡែកអ្វីដែលប្រាកដពេលនេះ ពួកវាគ្រាន់តែជាការស្រមើស្រម៉ៃ​របស់អ្នករចនាម៉ូដយានជំនិះ​របស់ក្រុមហ៊ុនផលិតរថយន្ត Lexus និង Toyota ប៉ុណ្ណោះ ដោយយានជំនិះពិតប្រាកដដែល ត្រូវប្រើនៅឋានព្រះច័ន្ទនាពេលអនាគត ច្បាស់ជានឹងមានរូបរាងធម្មតាៗជាងអ្វីទាំងអស់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here