នេះជាជោគជ័យមួយជំហានទៀតនៃ SpaceX ក្នុងការបំផ្ទុះគ្រាប់រ៉ុក្កែត​ចោលកណ្តាលអាកាស ដើម្បីធ្វើតេស្តសុវត្ថិភាព

0

(វ៉ាស៊ីនតោន)៖ កំឡុងការធ្វើតេស្តយ៉ាងសំខាន់មួយ នាថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមហ៊ុនអវកាសរបស់អាមេរិក SpaceX បានធ្វើការបាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយ ហើយបំផ្ទុះវាចោលនៅលើផ្ទៃអាកាសតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។

ការសាកល្បងនោះត្រូវបានធ្វើឡើង ក្នុងន័យជាការត្រៀមសម្រាប់នៅពេលមានករណីអាសន្នណាមួយ ដែលអនុញ្ញាតឲ្យអវកាសយានិក គេចផុតពីគ្រោះថ្នាក់។ ក្រុមហ៊ុន SpaceX បានចាប់ផ្តើមការធ្វើតេស្ត​ជាមួយការបាញ់បង្ហោះរ៉ុក្កែត Falcon 9 មួយគ្រាប់ ឡើងចេញពីជ្រោយខាណាវែរ៉ាល់ (Canaveral) រដ្ឋផ្លូរីដា ហើយប្រមាណជា ០៩នាទីក្រោយមក និងនៅរយៈកម្ពស់ ២០គីឡូម៉ែត្រ យាន Crew Dragon ដែលស្ថិតនៅក្បាលគ្រាប់រ៉ុក្កែតនោះ បានផ្តាច់ខ្លួនចេញពី Falcon 9 រួចម៉ាស៊ីនរបស់យានអវកាសនោះ ក៏បានរុញច្រានវាឡើងខ្ពស់បន្ថែមទៀត​ឲ្យផុតពីគ្រោះថ្នាក់ ស្របពេលដែលគ្រាប់រ៉ុក្កែត​ដែលនាំយកវាឡើងទៅលើផ្ទៃអាកាស ត្រូវពន្លត់ម៉ាស៊ីនដោយចេតនាដើម្បីបំផ្ទុះ ពោលគឺធ្វើដូចជាមានគ្រោះថ្នាក់ចៃដន្យបានកើតឡើង។

យាន Crew Dragon ត្រូវបានរុញច្រានឡើងដល់កម្ពស់ ៤៤គីឡូម៉ែត្រលើផ្ទៃអាកាស មុនពេលទម្លាក់ខ្លួនចុះមកវិញដោយសុវត្ថិភាព ចូលទៅក្នុងផ្ទៃមហាសមុទ្រអាត្លង់ទិក ដោយប្រើឆ័ត្រយោង។ រីឯគ្រាប់រ៉ុក្កែតដែល Falcon 9 ដែលត្រូវបានកម្ទេចនោះ គឺក្រុមហ៊ុន SpaceX ធ្លាប់បានប្រើប្រាស់វា ៣លើករួចមកហើយ។ រ៉ុក្កែតរបស់ SpaceX គឺជាប្រភេទរ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញបាន។

គួរជម្រាបថា ការធ្វើតេស្តនេះស្ថិតក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍ​យានអវកាសរបស់ក្រុមហ៊ុន SpaceX នៅក្រោមកិច្ចសន្យានៃទីភ្នាក់ងារអវកាសអាមេរិក NASA ដើម្បីនាំយកក្រុមអវកាសយានិករបស់ NASA ឡើងទៅក៏ដូចជាត្រឡប់មកពី​ស្ថានីយអវកាសអន្តរជាតិ NASA ខណៈចាប់តាំងពីឆ្នាំ២០១១ មករហូតដល់សព្វថ្ងៃ អង្គការ NASA បានពឹងផ្អែកការធ្វើដំណើរលើយាន និងគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី។ រីឯក្រុមហ៊ុន Boeing ក៏កំពុងស្ថិតក្រោមកិច្ចសន្យាស្រដៀងគ្នានេះដែរ ដោយយានរបស់ Boeing ឈ្មោះ Starliner។

ក្រុមហ៊ុន SpaceX អាចនឹងចាប់ផ្តើមសាកល្បងដឹកអវកាសយានិកឡើងទៅស្ថានីយ ISS ក្នុងពេលប៉ុន្មានខែខាងមុខ បើឆាប់បំផុតគឺនៅខែមេសា។ សម្រាប់ការធ្វើតេស្តកាលពីថ្ងៃអាទិត្យវិញ គឺពុំមានអវកាសយានិកពិតប្រាកដ​ជិះនៅលើយាន Crew Dragon ឡើយ គឺមានតែមនុស្សសិប្បនិម្មិត ០២នាក់ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here