ជប៉ុនរកឃើញថា ផ្កាយដុះកន្ទុយចំនួនពីរមានប្រភពពីក្រៅប្រព័ន្ធព្រះអាទិត្យ និងកំពុងចល័តចេញទៅវិញហើយ

0

(តូក្យូ)៖ ក្រុមតារាវិទូនៅប្រទេសជប៉ុនថ្មីៗនេះបានឲ្យដឹងថា អាចម៍ផ្កាយដុះកន្ទុយ (Comet) ចំនួនពីរដែលកំពុងហោះចាកចេញពីប្រព័ន្ធព្រះអាទិត្យយើងនោះ តាមពិតទំនងជាមានប្រភពមកពីក្រៅប្រព័ន្ធផ្កាយរបស់យើង។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីវែបសាយព័ត៌មាន EarthSky នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

ក្រោយការប្រៀបធៀបគន្លងធ្វើដំណើររបស់ Comet ទាំងពីរខាងលើ ជាមួយវត្ថុពីរទៀតគឺដុំថ្មអវកាស 1I/Oumuamua និង 2I/Borisov ដែលមាន ប្រភពមកពីក្រៅប្រព័ន្ធព្រះអាទិត្យ ក្រុមអ្នកវិទ្យាសាស្រ្តនៃមជ្ឈមណ្ឌលស្រាវជ្រាវតារាសាស្រ្តជប៉ុន NAOJ បានរកឃើញថា អាចម៍ផ្កាយដុះកន្ទុយទាំងពីរនោះទំនងជាមានប្រភពដើម​មកពីខាងក្រៅប្រព័ន្ធផ្កាយរបស់យើង។

គួរជម្រាបថា អាចម៍ផ្កាយដុះកន្ទុយទាំងអស់ មិនមែនសុទ្ធតែនៅគោចរជុំវិញព្រះអាទិត្យរហូតឡើយ។ ពួកវាមួយចំនួនត្រូវហោះចាកចេញ​ទៅក្រៅប្រព័ន្ធព្រះអាទិត្យ ដោយនឹងមិនត្រឡប់មកវិញនោះឡើយ។ ការគណនារកទីតាំងដែលដុំថ្មទាំងនោះ​ឆ្ពោះទៅជារឿងងាយស្រួល តែសម្រាប់ការកំណត់រកប្រភពដើមថា តើពួកវាមកពីណាគឺជារឿងលំបាកខ្លាំងជាង។

បើតាមក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនខាងលើ គឺមានសេណារីយ៉ូចំនួនពីរដែលអាចទៅរួច។ ទីមួយគឺពីដំបូងឡើយ Comet ទាំងនោះស្ថិតនៅ គន្លង​ដែលមានស្ថិរភាពមួយឆ្ងាយល្មមពីព្រះអាទិត្យ ប៉ុន្តែដោយសារតែការធ្វើប្រតិកម្មនៃកម្លាំងទំនាញ​ជាមួយវត្ថុដែលពួកវាឆ្លងកាត់ បានធ្វើឲ្យ Comet ទាំងនោះឃ្លាតចេញពីគន្លងដើមរបស់ពួកវា ហើយធ្លាក់ចូលទៅក្បែរព្រះអាទិត្យ មុនពេលត្រូវរុញច្រាន​ឲ្យខ្ទាតចេញទៅក្រៅប្រព័ន្ធព្រះអាទិត្យតែម្តង។

សម្រាប់សេណារីយ៉ូទីពីរ គឺ Comet ទាំងនោះមានប្រភពមកពីកន្លែងដ៏សែនឆ្ងាយមួយ ប្រហែលមកពីប្រព័ន្ធផ្កាយដទៃទៀត ហើយអំឡុងដំណើរផ្សងព្រេងរបស់ពួកវា Comet ទាំងនោះក៏ស្រាប់តែបានឆ្លងកាត់ប្រព័ន្ធផ្កាយរបស់យើង មុនពេលបន្តដំណើររបស់ពួកវាតទៅមុខទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here