ទាយទៅមើលថានេះជារូបអ្វី? ប្រព័ន្ធតេឡេស្កូបធំមួយលើលោក DKIST ផលិតវាឡើងដំបូងបំផុត…

0

(ហាវ៉ៃ)៖ ប្រព័ន្ធតេឡេស្កូបធំបំផុតនៅលើពិភពលោក Daniel K. Inouye Solar Telescope ហៅកាត់ DKIST ឬ Inouye ដែលមានមូលដ្ឋាននៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក បានផលិតរូបភាពមួយដំបូងយ៉ាងអស្ចារ្យនៃព្រះអាទិត្យ ដែលពុំធ្លាប់ឃើញពីមុនមកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយពី វែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។

រូបភាពថ្មីនោះដែលប្រព័ន្ធតេឡេស្កូប Inouye ផ្តិតយកបាន បង្ហាញឲ្យឃើញនូវសណ្ឋានម៉ាញេទិចតូចៗនៅលើផ្ទៃរបស់ព្រះអាទិត្យ ក្នុងកម្រិតយ៉ាងលម្អិតអស្ចារ្យបំផុត ដែលពុំធ្លាប់សម្រេចបាននាពេលកន្លងមកឡើយ។ ប្រព័ន្ធតេឡេស្កូបយក្សនេះ ត្រូវបានគេចាប់ផ្តើមការសង់សង់កាលពីឆ្នាំ២០១២ ហើយនាពេលនេះជិតចប់រួចរាល់ជាស្ថាពរទាំងស្រុងហើយ។ ប្រព័ន្ធតេឡេស្កូប Inouye នឹងជួយអ្នកវិទ្យាសាស្រ្តបង្កើនការស្វែងយល់អំពីព្រះអាទិត្យ ហើយវានឹងមិនសម្រេចគោលដៅនេះតែឯងឡើយ។

គួរជម្រាបថា ខណៈប្រព័ន្ធតេឡេស្កូប Inouye របស់អាមេរិក នឹងសិក្សាផ្កាយរបស់យើងពីចម្ងាយ យានអវកាស Parker Solar Probe របស់ ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលត្រូវបានបាញ់បញ្ជូនចេញពីផែនដីកាលពីឆ្នាំ២០១៨ កំពុងតែព្យាយាមសិក្សាព្រះអាទិត្យនៅចម្ងាយ យ៉ាងកៀកតែម្តង។ ចំណែកនៅខែកុម្ភៈខាងមុខនេះ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ក្រោមការសហការជាមួយ NASA នឹងបញ្ជូនយានមួយទៀតឈ្មោះ Solar Orbiter ដើម្បីសិក្សាពីឥទ្ធិពលរបស់ព្រះអាទិត្យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here