កែវយឺតអវកាស Spitzer លាលោកអ្នកជារៀងរហូតហើយ, មួយឆ្នាំទៀតទើបអាចមានថ្មី…

0

(អាមេរិក)៖ កែវយឺតអវកាសប្រើប្រាស់ភ្នែក Infrared ដើម្បីឆ្លុះមើលចក្រវាឡដ៏ល្អបំផុត​គឺ Spitzer នៅទីបំផុតបានសម្រាកជាស្ថាពរតែម្តង ហើយយ៉ាងហោចណាស់ក៏ត្រូវការពេល​មួយឆ្នាំទៀតដែរ ទើបកែវយឺតអវកាសដែលមានសមត្ថភាពដូចគ្នានេះ អាចលេចចេញជារូបរាង និងបន្តតួនាទីដូច Spitzer ទៅមុខទៀត។

អង្គការ NASA បានបិទដំណើរការ Spitzer Space Telescope កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដែលនេះមានន័យថា បេសកកម្មរយៈពេល ១៦ឆ្នាំរបស់វាត្រូវបញ្ចប់ជាស្ថានពរ។ ហើយជាការពិតណាស់ តេឡេស្កូប ឬកែវយឺតដែលនឹងបន្តវេនពី Spitzer គឺ James Webb Space Telescope ដែលត្រូវបានគ្រោងនឹងបាញ់បង្ហោះ នៅខែមីនា ឆ្នាំ២០២១ ជាពេលកំណត់ចុងក្រោយបំផុត បន្ទាប់ពីការពន្យារពេលអស់ជាច្រើនលើក។

ហេតុអ្វីអង្គការ NASA ដឹងថា Spitzer ត្រូវដល់ពេលបញ្ចប់បេសកកម្ម? វាប្រាកដណាស់ ព្រោះតេឡេស្កូបអវកាស Spitzer បានលេចធ្លាយសារធាតុទឹកចេញពីខ្លួនវាហើយ។ បញ្ហារបស់ Spitzer គឺស្ថិតនៅលើប្រព័ន្ធសាកអាគុយដោយខ្លួនឯង និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនៅក្នុងខ្លួនវា (ប្រព័ន្ធធ្វើឲ្យត្រជាក់) ដែលចាប់ផ្តើមឆ្លងគ្នា។ កាលពីវាទើបត្រូវបានបាញ់បង្ហោះដំបូងៗនៅឆ្នាំ២០០៣ ផ្នែកទាំងពីរនេះមិនមានបញ្ហារវាងគ្នានោះឡើយ ប៉ុន្តែនៅក្នុងការធ្វើប្រតិបត្តិការយូរឆ្នាំបន្តិច បញ្ហាធំក៏ចាប់ផ្តើមលេចឡើងតែម្តង។

គួរបញ្ជាក់ថា នៅក្នុងដំណើរការរយៈពេលជាង ១៦ឆ្នាំរបស់ Spitzer ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្របានធ្វើការស្វែងយល់ជាច្រើនអំពីការកកើត និងរួមបញ្ចូលគ្នានៃកាឡាក់ស៊ី និយាយជារួមគឺវាមិនសូវខុសពីកែវយឺតអវកាសផ្សេងៗទៀតនោះឡើយ ដែលមានតួនាទីក្នុងការជួយឲ្យយើងគ្រប់គ្នា អាចមើលនូវអ្វីដែលភ្នែករបស់យើងផ្ទាល់​មិនអាចមើលឃើញ។ បេសកកម្មស្រាវជ្រាវ ផលិត និងគ្រប់គ្រង Spitzer បានអំណាយថវិកាអស់ ១.៣៦ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ Space (ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០)
ប្រែសម្រួល៖ Cambo Space

LEAVE A REPLY

Please enter your comment!
Please enter your name here