ក្រុមពន្លត់ភ្លើងឆេះព្រៃអូស្ត្រាលី ប្រឹងតស៊ូបំពេញកាតព្វកិច្ចទាំងមានខ្យល់ព្យុះ និងផ្គររន្ទះវាយប្រហារលើរដ្ឋ NSW

0

(កង់បេរ៉ា)៖ ខ្យល់ព្យុះ និងផ្គររន្ទះបានវាយប្រហារនៅទូទាំងរដ្ឋញូសោតវែលស៍ (NSW) ភាគខាងកើតប្រទេសអូស្ត្រាលី ដែលបានធ្វើឲ្យក្រុមពន្លត់អគ្គីភ័យពិបាកក្នុងការពន្លត់ភ្លើង​នៅល្ងាចថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ខណៈលំនៅឋានរាប់រយខ្នង បូករួមទាំងទ្រព្យសម្បត្តិ និងឯកជនជាច្រើនទៀតត្រូវបានភ្លើងលេបត្របាក់។

ទោះបីជាបែបនេះ ផ្នែកព្យាករណ៍អាកាសធាតុរបស់អូស្ត្រាលីបានឲ្យដឹងថា នៅថ្ងៃចន្ទស្អែកនេះ អាកាសធាតុនឹងប្រែទៅជាត្រជាក់ ហើយភ្លៀងក៏អាចធ្លាក់នៅតាមតំបន់មួយចំនួនក្នុងរដ្ឋ NSW ផងដែរ ដោយវានឹងធ្វើឲ្យស្ថានការណ៍ធូរស្រាលបន្តិចវិញផងក៏ថាបាន។ កាលពីព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរអូស្ត្រាលីបានចេញសេចក្តីណែនាំ ឲ្យប្រជាជនក្នុងរដ្ឋ NSW បើអាចសូមកុំចេញដើរ​ទៅក្រៅលំនៅឋាន ព្រោះភ្លើងឆេះព្រៃបាននិងកំពុងបង្កឲ្យខ្យល់អាកាសពុលយ៉ាងខ្លាំង។

អភិបាលក្រុង Bega Valley នៃភាគអាគ្នេយ៍រដ្ឋ NSW លោកស្រី Kristy McBain បានថ្លែងយ៉ាងដូច្នេះថា ផ្ទះរបស់ប្រជាជនជាង ៤០០ខ្នងបូករួមទាំងទ្រព្យសម្បត្តិរដ្ឋ និងឯកជន​ជាច្រើនទៀតត្រូវបានភ្លើងឆេះព្រៃ កម្ទេចគ្មានសល់ឡើយ គិតចាប់តាំងពីតំបន់របស់លោកស្រី បានទទួលរងគ្រោះក្នុងរយៈពេល ៣៤ថ្ងៃមកនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រទេសអូស្ត្រាលីបានប្រកាសភាពអាសន្នសម្រាប់​រដ្ឋធានីកង់បេរ៉ា (Canberra) និងតំបន់ក្បែរខាង ខណៈការកើនឡើងសីតុណ្ហភាព និងខ្យល់បក់ខ្លាំង អាចនឹងបង្កឱ្យភ្លើងឆេះព្រៃរីករាលដាលដល់កម្រិតមួយ ដែលក្រុមអ្នកពន្លត់អគ្គីភ័យមិនអាចគ្រប់គ្រងបាន។ ការប្រកាសអាសន្ននេះមានរយៈពេល ៧២ម៉ោង។

អូស្ត្រាលីបាន និងកំពុងតស៊ូប្រយុទ្ធនឹងមហន្តរាយភ្លើងឆេះព្រៃ នៅទូទាំងតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន ដែលបានផ្ដាច់ជីវិតមនុស្ស ៣៣នាក់, សត្វជាង ១ពាន់លានក្បាលបានងាប់, ផ្ទះ ២,៥០០ខ្នងត្រូវបានដុតបំផ្លាញ និងផ្ទៃដីច្រើនជាង ១១.៧លានហិកតា ត្រូវបានភ្លើងលេបត្របាក់។ គិតត្រឹមចុងសប្តាហ៍នេះ មានភ្លើងឆេះព្រៃចំនួនជិត ៦០កន្លែងកើតឡើងនៅក្នុងរដ្ឋ NSW, ២០កន្លែងនៅក្នុងរដ្ឋ Victoria និង ២២កន្លែងផ្សេងទៀតនៅរដ្ឋ South Australia ខណៈក្នុងរដ្ឋ New South Wales និងរដ្ឋ Victoria មានសីតុណ្ហភាពដល់ទៅ ៤០អង្សាសេ៕

ប្រភព៖ The Guardian (ថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here