អង់គ្លេសព្រមបញ្ចេញឯកសារជាច្រើនអំពី UFO ដែលត្រូវបានចងក្រងរាប់ទសវត្សរ៍មកនេះ!

0

(ឡុងដ៍)៖ កាលពីចុងឆ្នាំ២០១៩ ប្រទេសកាណាដាបានសម្រេចបញ្ចេញឯកសាររាប់ម៉ឺនច្បាប់ ពាក់ព័ន្ធ​ទៅនឹងការប្រទះឃើញ UFO ឬយើងនិយមហៅថា «ថាសហោះ» ដើម្បីឲ្យក្រុមអ្នកសិក្សាធ្វើការស្វែងយល់ និងវិភាគរកការពិតដោយខ្លួនឯង ហើយសម្រាប់ដើមឆ្នាំ២០២០ នេះវិញរដ្ឋាភិបាលអង់គ្លេសក៏បានសម្រេចចិត្ត​ធ្វើដូចកាណាដាដែរ ដោយក្រសួងការពារជាតិអង់គ្លេស នឹងបញ្ចេញឯកសារផ្លូវការទាំងឡាយ ទៅកាន់សាធារណជន បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលបានរៀបចំចងក្រង អស់ជាងមួយទសវត្សរ៍មកហើយ។

វានឹងក្លាយជាលើកដំបូងសម្រាប់ចក្រភពអង់គ្លេស ក្នុងការទម្លាយឯកសារអំពី UFO ជាសាធារណៈបែបនេះ ខណៈឯកសារកន្លងមកដែលត្រូវបានចេញផ្សាយ និងបង្កឲ្យមានការសង្ស័យជាច្រើនមកហើយនោះ គឺត្រឹមតែជាបណ្តុំឯកសារមិនផ្លូវការប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យក្រុមអ្នកសិក្សាមួយចំនួនអំពី UFO ឬជីវិតភពផ្សេង ទាមទារឲ្យរដ្ឋាភិបាលអង់គ្លេសបង្ហាញការពិតដល់ពួកគេ។

ក្រសួងការពារជាតិអង់គ្លេសនៅមិនទាន់បញ្ជាក់ថា តើខ្លួននឹងបញ្ចេញឯកសារអំពី UFO នៅពេលណាឲ្យប្រាកដនោះឡើយ ដោយបានត្រឹមអះអាងថា គឺនៅក្នុងឆ្នាំ២០២០ តាមរយៈវែបសាយផ្លូវការ gov.uk ដើម្បីឲ្យគ្រប់គ្នាមិនថាតែប្រជាជនអង់គ្លេសនោះឡើយ អាចចូលទៅឆែក និងស្វែងយល់ដោយខ្លួនឯង។ សម្រាប់ឯកសារទាំងនោះ គឺទំនងជាមិនខុសអំពីឯកសារនៅកាណាដានោះឡើយ ដោយរឿងរ៉ាវជាច្រើនករណី នឹងត្រូវប្រមូលផ្តុំចូលគ្នា ហើយគ្មានការបញ្ជាក់ថា UFO ឬជីវិតភពផ្សេងមានពិត ឬមិនពិតនោះឡើយ ប៉ុន្តែបណ្តាអ្នកសិក្សាអាចខិតខំស្រាវជ្រាវឯកសារ​ដែលមានប្រភពច្បាស់លាស់ទាំងអស់នេះហើយធ្វើការវិភាគ និងស្វែងយល់ដោយខ្លួនពួកគេផ្ទាល់។

គួរបញ្ជាក់ថា ការសម្រេចរបស់រដ្ឋាភិបាលអង់គ្លេសខាងលើនេះ គឺបានកើតមានឡើង​បន្ទាប់ពីស្ថាប័នព័ត៌មានមួយរបស់អង់គ្លេសឈ្មោះ PA Media បានដាក់សំណើផ្លូវការមួយ ស្នើសុំការបញ្ចេញឯកសារនានាអំពី UFO អនុលោមតាមច្បាប់ស្តីអំពីសេរីភាព នៃការទទួលបានព័ត៌មាន (Freedom of Information Act)។ មន្ត្រីរបស់ក្រសួងការពារជាតិអង់គ្លេសបានសម្រេចថា វាជាការប្រសើរបើសិនជាយើងបញ្ចេញឯកសារទាំងអស់នេះ (អំពីការប្រទះឃើញ UFO) ជាជាងរក្សាទុកជាឯកសារសម្ងាត់ជាតិ៕

ប្រភព៖ Live Science និង The Telegraph (ថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here