កញ្ចប់ថវិកាសម្រាប់ព្រះច័ន្ទយូរ៉ូប៉ាគឺ «៤.២៤ពាន់លានដុល្លារ» តែអង្គការ NASA កំពុងរកវិធីដើម្បីចំណាយឲ្យតិចជាងនេះ

0

(អាមេរិក)៖ ក្រុមការងារបេសកកម្ម Europa Clipper របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលជាការឆ្ពោះទៅសិក្សាព្រះច័ន្ទ Eurora របស់ភពព្រហស្បតិ៍ (Jupiter) កំពុងព្យាយាមស្វែងយកជម្រើស ដើម្បីសន្សំសំចៃការចំណាយទៅលើបេសកកម្មនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន Space News នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

បេសកកម្ម Europa Clipper ទទួលបានកញ្ចប់ថវិកាទំហំ ៤.២៥ពាន់លានដុល្លារ សម្រាប់គ្រប់ដំណាក់កាលនៃការអភិវឌ្ឍ និងការធ្វើប្រតិបត្តិការទាំងអស់របស់វា។ អង្គការ NASA មិនទាន់បានសម្រេចយកកាលបរិច្ឆេទណាមួយ ឬក៏គ្រាប់រ៉ុក្កែត សម្រាប់បេសកកម្មនេះនៅឡើយទេ ប៉ុន្តែសភាអាមេរិកបានណែនាំ NASA ឲ្យប្រើប្រាស់រ៉ុក្កែតជំនាន់ថ្មី Space Launch System ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ ខណៈវានឹងអនុញ្ញាតឲ្យយាន Europa Clipper ទៅដល់ភពព្រហស្បតិ៍ផ្ទាល់តែម្តង ដោយមិនត្រូវការការប្រើបច្ចេកទេសហោះហើរឆ្វែល ដើម្បីយកកម្លាំងជំនួយពីទំនាញភពណាមួយនោះឡើយ។

គួរជម្រាបថា ព្រះច័ន្ទទឹកកក Europa របស់ Jupiter ត្រូវបានជ្រើសរើសជាគោលដៅសម្រាប់ការសិក្សាលម្អិត ដោយសារតែវាត្រូវគេជឿថា មានលាក់មហាសមុទ្រទឹករាវ នៅក្រោមផ្ទៃស្រទាប់ទឹកកកដែលស្រោពជុំវិញវា។ ទោះជាមិនទាន់មានកាលបរិច្ឆេទចេញដំណើរផ្លូវការក៏ដោយ បេសកកម្ម Europa Clipper ត្រូវគេរំពឹងថា អាចនឹងចាប់ផ្តើមប្រព្រឹត្តទៅលឿនបំផុតនៅឆ្នាំ២០២៥។ ពាក់ព័ន្ធគម្រោងបញ្ជូនយានទៅសិក្សាព្រះច័ន្ទភពព្រហស្បតិ៍ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ក៏មានផែនការអភិវឌ្ឍយានឲ្យទៅស្រាវជ្រាវព្រះច័ន្ទចំនួន ៣ ទៀតរបស់ Jupiter ផងដែរ នៅឆ្នាំ២០២២ ក្នុងនោះរួមមានព្រះច័ន្ទ Ganymede, Callisto និង Europa ៕

LEAVE A REPLY

Please enter your comment!
Please enter your name here