មហន្តរាយភ្លើងឆេះព្រៃទើបធូរស្រាលបន្តិច តែពេលនេះអូស្ត្រាលីកំពុងប្រឈមមុខព្យុះ និងអាចមានទឹកជំនន់ថែមទៀត

0

(អូស្ត្រាលី)៖ នៅថ្ងៃព្រហស្បតិ៍នេះស្ថានការណ៍ភ្លើងឆេះព្រៃ នៅភាគកើតប្រទេសអូស្ត្រាលី​ហាក់បានធូរស្រាលបន្តិចហើយ ក៏ប៉ុន្តែប្រទេសដីកោះដ៏ធំមួយន ត្រូវប្រឈមមុខការធ្លាក់ភ្លៀងខ្លាំងនៅតាមតំបន់ជាច្រើន ហើយព្យុះស៊ីក្លូនមួយក៏ត្រូវបានគេព្យាករណ៍ដែរថា នឹងវាយប្រហារភាគពា័ព្យប្រទេស នៅចុងសប្តាហ៍នេះថែមទៀត។

ទីភ្នាក់ងារឧតុនិយមអូស្រ្តាលី បានសេចក្តីប្រកាសឲ្យប្រុងប្រយ័ត្នកម្រិតខ្ពស់ ចំពោះបញ្ហាភ្លៀងធ្លាក់ខ្លាំងក៏ដូចជារន្ទះបាញ់សម្រាប់រដ្ឋ ឃ្វីនស៍ឡេន (Queensland) ស្របពេលដែលនៅតាមតំបន់នៃរដ្ឋ ញូសោតវែលស៍ (New South Wales) កំពុងតែជន់លិចដោយសារទឹកជំនន់ បង្កឡើងពីការធ្លាក់ភ្លៀង ហើយគេរំពឹងថា ភ្លៀងនឹងបន្តធ្លាក់ជោគជាំជាច្រើនថ្ងៃតទៅមុខទៀត។ រីឯព្យុះស៊ីក្លូនមួយដែលកំពុងកកើតនៅក្បែររដ្ឋអូស្រ្តាលីខាងលិច ត្រូវគេព្យាករណ៍ថា នឹងបោកបក់មកដល់ផ្ទៃដីនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះដែរ។

យ៉ាងណាមិញអាកាសធាតុត្រជាក់ និងមានសំណើមជាងមុនបែបនេះ បាននិងកំពុងជួយអូស្រ្តាលីទប់ទល់បញ្ហាភ្លើងឆេះព្រៃ ដែលបានអូសបន្លាយតាំងពីខែកញ្ញា ឆ្នាំ២០១៩ មកនោះបានបន្តិច។ ភ្លើងឆេះព្រៃរដូវនេះនៅតំបន់ភាគខាងកើតប្រទេសអូស្រ្តាលី បានដុតបំផ្លាញផ្ទៃដីជាង ១១.៧លានហិកតា, ផ្តាច់ជីវិតមនុស្ស ៣៣នាក់ បំផ្លាញលំនៅឋានប្រមាណ ២,៥០០ខ្នង, ហើយសត្វប្រហែល ១ពាន់លានក្បាលត្រូវបាត់បង់។

ទោះជាអាកាសធាតុហាក់ផ្តល់ភាពអំណោយផលបន្តិចក៏ដោយ អាជ្ញាធរអូស្រ្តាលីបានលើកឡើងថា ការគំរាមកំហែងពីភ្លើងឆេះព្រៃនៅមិនទាន់ចប់ឡើយ ហើយកិច្ចប្រឹងប្រែងពន្លត់អគ្គីភ័យ ទំនងជានឹងត្រូវបន្តយ៉ាងសកម្មជាច្រើនសប្តាហ៍ទៀត ខណៈគិតនៅត្រឹមថ្ងៃព្រហស្បតិ៍នេះ ភ្លើងឆេះព្រៃខ្ទង់ ៦០កន្លែងកំពុងបន្តឆេះក្នុងរដ្ឋ New South Wales និងវិចតូរៀ (Victoria)៕

ប្រភព៖ សារព័ត៌មាន CNA (ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២)

LEAVE A REPLY

Please enter your comment!
Please enter your name here