កែវយឺតឆ្លុះភពអេលៀនរបស់អឺរ៉ុប CHEOPS ដំណើរការល្អជាងការរំពឹងទុក ក្រោយមានការបារម្ភថា វាអាចខូចពេលកំពុងបាញ់បង្ហោះ

0

(អឺរ៉ុប)៖ កែវយឺតអវកាស CHEOPS របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ទើបតែបានបាញ់បញ្ជូនរូបភាពដំបូង ដែលវាថតបាននោះមកកាន់ផែនដីវិញ ក្រោយការបង្ហោះឡើងចេញពីផ្ទៃផែនដី កាលពីខែធ្នូ ឆ្នាំ២០១៩។

រូបភាពដំបូងដែល CHEOPS បានផលិតឡើងបង្ហាញពីប្រព័ន្ធផ្កាយមួយ នៅចម្ងាយ ១៥០ឆ្នាំពន្លឺពីផែនដី ដោយសារតែការបញ្ចេញពន្លឺ និងទីតាំងរបស់វា ផ្តល់ភាពអំណោយផលសម្រាប់ការធ្វើតេស្តផ្សេងៗ។ គម្របការពាររបស់កែវយឺតអវកាស CHEOPS ត្រូវបានបើកចេញកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ហើយចាប់តាំងពីនោះមកប្រព័ន្ធទាំងអស់របស់វា បានត្រៀមលក្ខណៈសម្រាប់ការផ្តិតយករូបភាពដំបូងនេះ។

ក្រោយពីបញ្ជូនវាឡើងទីអវកាស ក្រុមអ្នកវិទ្យាសាស្រ្តមានក្តីបារម្ភថា ភ្នែកអុបទិករបស់វា អាចនឹងបានទទួលការប៉ះពាល់កំឡុងពេលបាញ់បង្ហោះ តែនៅពេលទទួលបានរូបភាពដំបូងពីវា ពួកគេក៏ដឹងច្បាស់ភ្លាមៗថា កែវយឺតអវកាសនេះស្ថិតក្នុងសភាល្អធម្មតា ហើយរូបភាពដែលវាថតបាន គឺចេញមកបានប្រសើរជាងការរំពឹងទុកទៅទៀត។

គួរជម្រាបថា បេសកកម្មចម្បងរបស់កែវយឺតអវកាស CHEOPS ដែលមានឈ្មោះពេញថា CHaracterising ExOPlanet Satellite គឺរុករក និងស្រាវជ្រាវអេលៀន​នៅក្រៅប្រព័ន្ធព្រះអាទិត្យ ហើយអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណអំពីម៉ាស់ ដង់ស៊ីតេ សមាសធាតុផ្សំ និងសណ្ឋានរបស់ពួកវា ព្រមទាំងរយៈពេលនៃការធ្វើគោចររបស់ភពទាំងនោះ នៅជុំវិញផ្កាយពួកវាជាដើម៕

ប្រភព៖ ស៊ីនហួ (ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here