ក្រុមអ្នកវិទ្យាសាស្ត្រអង្កេតឃើញ «សញ្ញាមិនប្រក្រតីនៃ​សំណុំឧស្ម័ន-ធូលីអវកាស» នៅតំបន់កណ្តាលកាឡាក់ស៊ីរបស់យើង

0

(បរទេស)៖ ក្រុមតារាវិទូបានប្រទះឃើញការធ្វើចលនាមិនប្រក្រតី នៃសំណុំឧស្ម័ន-ធូលីអវកាស ដែលនៅក្បែរចំណុចកណ្តាលនៃកាឡាក់ស៊ីរបស់យើង (ចម្ងាយខ្ទង់ ២៦,០០០ពន្លឺពីផែនដី) ខណៈវាពិតជាមានជាប់ពាក់ព័ន្ធ ទៅនឹងប្រហោងខ្មៅមួយប្រភេទ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីវែបសាយព័ត៌មាន Science Alert នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

តាមរយៈការអង្កេតតាមដានលើសំណុំឧស្ម័ន ក៏ដូចជាធូលីអវកាសដែលនៅក្បែរៗ​ចំណុចកណ្តាលនៃកាឡាក់ស៊ី Milky Way អ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា ពួកវាកំពុងតែវិលវល់ជុំវិញវត្ថុមួយមានម៉ាស់ច្រើនជាងព្រះអាទិត្យប្រហែល ១០,០០០ដង ប៉ុន្តែពេលពួកគេក្រឡេករកមើលកន្លែងដែលវត្ថុនោះគួរស្ថិតនៅ បែរជាមិនមានឃើញអ្វីទៅវិញ។

ប្រការនេះបានធ្វើឲ្យអ្នកវិទ្យាសាស្រ្តសង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹងទ្រឹស្តីប្រហោងខ្មៅម៉្យាងវិញគេហៅថា ប្រហោងខ្មៅធុនកណ្តាល ឬ Intermediate Mass Black Hole។ បាតុភូតខាងលើគឺជាតំរុយទី ៥ ហើយ នៅតំបន់កណ្តាលកាឡាក់ស៊ីរបស់យើង ដែលបង្ហាញថា ប្រហោងខ្មៅប្រភេទនេះពិតជាអាចមានវត្តមានមែន ហើយអាចមានច្រើនថែមទៀត​នៅតំបន់បេះដូងរបស់កាឡាក់ស៊ី Milky Way យើងនេះ។

គួរជម្រាបថា បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តដឹងច្បាស់ថា ប្រហោងខ្មៅធម្មតា Stellar Mass Black Hole ដែលមានម៉ាសច្រើនជាងព្រះអាទិត្យរហូតដល់ ១០០ដង ពិតជាមានវត្តមានមែន ដោយប្រហោងខ្មៅប្រភេទនេះធំជាងគេ ដែលយើងបានប្រទះឃើញ គឺមានម៉ាសច្រើនជាងផ្កាយយើង ៦២ដង។ អ្នកវិទ្យាសាស្រ្តក៏ដឹងដែរថា ប្រហោងខ្មៅយក្ស Supermassive Black Hole ពិតមានវត្តមាន។ ប្រហោងខ្មៅប្រភេទនេះ ភាគច្រើនមានតែមួយៗប៉ុណ្ណោះ នៅក្នុងកាឡាក់ស៊ីធំៗនីមួយៗ ហើយនៅកណ្តាលកាឡាក់ស៊ីយើងក៏មានមួយដែរ។ ពួកគេមានម៉ាសចាប់ពីប្រមាណ ១០០,០០០ដងឡើងទៅ ច្រើនជាងម៉ាសរបស់ព្រះអាទិត្យយើង។

ជាយូរណាស់មកហើយ អ្នកវិទ្យាសាស្រ្តបានសង្ស័យថា អាចមានប្រហោងខ្មៅ ដែលមានម៉ាសនៅចន្លោះប្រហោងខ្មៅទាំងពីរប្រភេទនេះ គឺនៅចន្លោះ ១,០០០-១០០,០០០ ដងនៃម៉ាសផ្កាយរបស់យើង។ បើតាមអ្នកវិទ្យាសាស្រ្ត ពពួកប្រហោងខ្មៅប្រភេទនេះ មិនបញ្ចេញរលកវិទ្យុសកម្មណាមួយ ដែលអាចឲ្យយើងចាប់សញ្ញាពួកវាបានឡើយ។ ដូច្នេះក្រុមតារាវិទូតែងតាមរកមើលឥទ្ធិពល ដែលប្រហោងខ្មៅដ៏អាថ៌កំបាំងទាំងនេះ អាចមានទៅលើវត្ថុដទៃទៀត ដែលនៅក្បែរខ្លួនពួកវា ដូចជាករណីខាងលើជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here