បើផែនដីជាប្រភេទ Super-Earth ឬមានមាឌធំជាងបច្ចុប្បន្ន១០ដង តើជីវិតនានានឹងទៅជាយ៉ាងណា?

0

(បរទេស)៖ សម្រាប់រយៈពេលជិត ៤ឆ្នាំ កែវយឺតអវកាស Kepler របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានអង្កេតមើលផ្កាយច្រើនជាង ១៥០,០០០ដួង ដើម្បីស្វែងករកភពដែលស្រដៀងផែនដី ហើយបេសកកម្មនេះមិនបានធ្វើឲ្យអ្នកវិទ្យាសាស្រ្ត​ខកបំណងឡើយ គឺវាបានរកឃើញភពជាច្រើនជាប្រភេទ Super-Earth (ធំជាងផែនដី ប៉ុន្តែតូចជាងភពណិបទូន)។

ភពទាំងនេះភាគច្រើនជាភពថ្ម មានទំហំតូចជាងភពឧស្ម័នយក្សនានា ស្ថិតនៅក្បែរផ្កាយរបស់ពួកវា ហើយហ៊ុមព័ទ្ធដោយស្រទាប់បរិយាកាស​ដែលមានកម្រាស់ស្តើង។ ក៏ប៉ុន្តែពួកវាធំជាងភពផែនដីរបស់យើងឆ្ងាយ គឺអាចចន្លោះពី ០២ដងរហូតដល់ ១០ដងនៃម៉ាសរបស់ភពយើង។

ដោយសារតែភព Super-Earth មានវត្តមានច្រើន ដូច្នេះហើយមានការងឿងឆ្ងល់ថា តើនឹងមានអ្វីកើតឡើងប្រសិនបើភពយើងមានទំហំធំជាងបច្ចុប្បន្នពីរដង ឬសូម្បីតែ ១០ដង។ បើតាមទ្រឹស្តី មនុស្ស ភ្នំ និងដើមឈើអាចកម្ពស់ទាបជាងធម្មតា ព្រោះថាបើផែនដីធំជាងមុន យើងនឹងធ្ងន់ជាងមុន ដោយសារកំណើននៃកម្លាំងទំនាញ។ ជាមួយគ្នានេះ ភពយើងក៏នឹងទាក់ទាញអាចម៍ផ្កាយញឹកញាប់ជាងមុនផងដែរ ជាពិសេសអាចម៍ផ្កាយទំហំធំៗ។

 

មិនតែប៉ុណ្ណោះ ប្រសិនបើភពយើងរីកមាឌរហូតដល់ ១០ដង នោះកែប្រែប្រួលខ្លាំងអាចនឹងចាប់ផ្តើមនៅផ្នែកខាងក្នុងរបស់ផែនដី ដូចជា វានឹងធ្វើឲ្យស្នូលផែនដីប្រែជារឹងទាំងស្រុង ព្រមទាំងរីកមាឌ ហើយប្រការនេះនឹងប៉ះពាល់ដល់ស្រទាប់ម៉ាញេទិច ដែលមានតួនាទីការពារភពរបស់យើង ដោយវានឹងចុះខ្សោយ ឬមួយក៏បាត់បង់តែម្តង។

យ៉ាងណាមិញដោយសារភព Super-Earth មិនទាន់ត្រូវបានអ្នកវិទ្យាសាស្រ្តសិក្សាស្វែងយល់លម្អិតបានច្រើនទេនោះ ពួកគេពុំទាន់អាចកំណត់ច្បាស់នោះឡើយថា ផែនដីនឹងអាចទ្រទ្រង់ជីវិតបានដែរ ឬទេប្រសិនបើវាជាប្រភេទ Super-Earth ខណៈការលើកឡើង ខាងលើគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការសិក្សាខាងលើនេះពិតជាមានប្រយោជន៍ធំធេង ព្រោះបច្ចុប្បន្ននេះ យើងអាចត្រឹមអង្កេតឃើញស្រមោល Super-Earth ពីចម្ងាយរាប់សិបឆ្នាំពន្លឺឡើងទៅ ហើយក៏ធ្វើការវិភាគអំពីបរិយាកាស និងសមាសធាតុផ្សំរបស់ពួកវា តាមរយៈប្រភេទតារា​ដែលពួកវាកំពុងគោចរជុំវិញ និងទីតាំងរបស់ភពនោះ នៅក្នុងប្រព័ន្ធផ្កាយរបស់ពួកវាប៉ុណ្ណោះ។ ការយកផែនដីធ្វើជាឧទាហរណ៍ នឹងអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រវិភាគបានកាន់តែស៊ីជម្រៅ​បន្ថែមទៀតអំពីលក្ខណៈនៃ Super-Earth ជាពិសេសគឺលទ្ធភាពអាចកើតមានជីវិតនៅទីនោះ៕

ប្រភព៖ Space (ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here