តារាវិទូអាមេរិកមួយរូបចង់ឲ្យមានការ «ឧបត្ថម្ភប្រាក់ទ្រង់ទ្រាយធំ» ដើម្បីរុករកជីវិតអេលៀន

0

(អាមេរិក)៖ តារាវិទូអាមេរិកលោក Anthony Beasley បាននិយាយថា ការរុករកជីវិតឆ្លាតវៃក្រៅពីភពផែនដីនៅក្នុងចក្រវាឡយើង ត្រូវការការគាំទ្រឲ្យបានផុសផុល ព្រោះវាគឺជារឿងសំខាន់ដែលមិនគួរមើលរំលង។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

កំឡុងសន្និសីទរបស់អង្គការអ្នកវិទ្យាសាស្រ្តអាមេរិក American Association for the Advancement of Science ដែលប្រព្រឹត្តទៅនៅទីក្រុង Seattle លោក Beasley បានអំពាវនាវឲ្យមានការជួយជ្រោមជ្រែងទ្រង់ទ្រាយធំ សម្រាប់កិច្ចប្រឹងប្រែងរុករកជីវិតអេលៀនឆ្លាតវៃហៅកាត់ថា SETI។ ពាក់ព័ន្ធនឹង SETI មានគម្រោងមួយហៅថា Breakthrough Listen។

សម្រាប់គម្រោងខាងលើនេះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៦ និងរយៈពេល ១០ឆ្នាំ ក្រោមការឧបត្ថម្ភពីសំណាក់មហាសេដ្ឋីរុស្ស៊ី លោក យូរី មីលណឺ (Yuri Milner) ក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ។ Breakthrough Listen មានគោលដៅស្វែងរកសញ្ញានៃទំនាក់ទំនង របស់ពពួកជិវិតអេលៀនឆ្លាតវៃ ដែលអាចស្ថិតនៅជ្រុងណាមួយ នៅក្នុងចក្រវាឡយើងនេះមិនខាន។

ដោយឡែកទីភ្នាក់ងារអវកាសអាមេរិក NASA ក៏បានមានគម្រោងមួយទំហំ ១០លានដុល្លារក្នុងមួយឆ្នាំ ដែលផ្តោតទៅលើផ្នែក SETI នេះដែរ ប៉ុន្តែវាត្រូវបានលុបចោលវិញកាលពីឆ្នាំ១៩៩៣ ក្រោយព្រឹទ្ធសភាអាមេរិកយល់ថា វាជាការចំណាយលុយដោយឥតប្រយោជន៍។ មកទល់ពេលនេះ មិនមានការគាំទ្រទ្រង់ទ្រាយធំណាមួយ សម្រាប់ផ្នែក SETI ឡើយ មិនថាតែនៅក្នុងសហរដ្ឋអាមេរិក ឬក៏នៅប្រទេសដទៃទៀតជុំវិញពិភពលោកនោះឡើយ។

លោក Anthony Beasley បានសង្កត់ធ្ងន់ថា SETI គឺជារឿងដ៏សំខាន់ ដែលយើងមិនគួរព្រងើយកន្តើយឡើយ ហើយពេលនេះលោកជឿជាក់ថា ពួកយើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្តល់ចម្លើយសម្រាប់ការងឿងឆ្ងល់ថា «តើមាននរណាផ្សេងទៀតដែរឬអត់នៅ ក្នុងចក្រវាឡក្រៅពីមនុស្សលោក?» ហើយយើងប្រហែលជាអាចសម្រេចបាន នូវរបកគំហើញវិទ្យាសាស្រ្ត​ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្ត ប្រសិនបើពួកយើងយកចិត្តទុក និងខំប្រឹងប្រែងទាំងអស់គ្នា។

គួរបញ្ជាក់ថា ទោះបីជាអង្គការ NASA មិនចូលរួមកម្មវិធីខាងលើនេះក្តី ប៉ុន្តែអ្វីដែលអង្គការ​អវកាសនាំមុខគេលើលោកមួយនេះបាននិងកំពុងធ្វើ ក៏ស្ថិតនៅក្នុងទិសដៅស្វែងយល់ និងស្វែងរយកជីវិតឆ្លាតវៃដោយប្រយោលទៅហើយដែរ។ កម្មវិធីទាំងនោះមានដូចជា ការសិក្សាអំពីប្រព័ន្ធព្រះអាទិត្យយើងទាំងមូល ព្រមទាំងការបាញ់បង្ហោះកែវយឺតអវកាស និងកសាងតេឡេស្កូបធំៗលើផ្ទៃផែនដីផ្ទាល់ ដែលបាននាំឲ្យក្រុមតារាវិទូសិក្សា និងរកឃើញភពរាប់ពាន់រួចមកហើយ ខណៈភពមួយចំនួន ត្រូវបានគេសង្ស័យថា កំពុងលាក់ទុកជីវិតក្នុងទម្រង់ណាមួយថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here