ស្វែងយល់ពីផ្កាយយក្ស Betelgeuse ស្ថិតនៅក្បែរក្រុមតារាយាមនង្គ័ល ដែលនឹងផ្ទុះនៅ១សែនឆ្នាំទៀតប៉ុណ្ណោះ

0

(បរទេស)៖ បេធែលជូស (Betelgeuse) គឺជាផ្កាយយក្សក្រហមមួយ ដែលស្ថិតនៅចម្ងាយ ៧០០ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់យើង (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ហើយជាគឺវាវត្ថុភ្លឺបំផុតលំដាប់ទី ២ លើផ្ទៃមេឃផែនដី (បន្ទាប់ពីផ្កាយពណ៌ស Sirius A) និងស្ថិតនៅក្នុងកញ្ចុំផ្កាយ (Orion) ឬនៅក្បែរៗក្រុមតារាយាមនង្គ័ល ដែលមានតារាបីដួងធំៗតម្រៀបគ្នាជាជួរ ឲ្យមនុស្សលោកលើភពផែនដី​មើលឃើញរាល់យប់នោះ។

១. តើយើងអាចមើលឃើញផ្កាយ Betelgeuse ផ្ទុះដែរ ឬទេ?

ផ្កាយយក្សក្រហម Betelgeuse ពិតជាកំពុងទាក់ទាញចំណាប់អារម្មណ៍ របស់ក្រុមតារាវិទូអន្តរជាតិជាខ្លាំង ព្រោះពួកគេបានគណនាថា វានឹងផ្ទុះនាយ៉ាងហោចណាស់ ១០០,០០០ឆ្នាំទៀត ហើយប្រាកដណាស់ពន្លឺនៃបន្ទុះស៊ូពើណូវ៉ានោះ (Supernova) ប្រាកដជាឲ្យមនុស្សម្នានៅលើផែនដី មើឃឃើញជាក់ជាមិនខាន (ប្រសិនបើរយៈពេលនោះ​មនុស្សលោកនៅមានវត្តមានលើផែនដី)។ ស្តាប់ទៅគឺជារឿងរំភើបផង និងភ័យផង ប៉ុន្តែពេលឃើញតួលេខនៃឆ្នាំខាងលើនេះហើយ លោកអ្នកអាចបំភ្លេចរឿងនេះបានដោយងាយ និងបន្តគេងលក់យ៉ាងសុខស្រួលទៀតផង។

២. តើផ្កាយ Belelgeuse មានទំហំប៉ុណ្ណា ហើយហេតុអ្វីទើបគេដឹងថា វាជិតផ្ទុះ?

Betelgeuse ត្រូវបានក្រុមតារាវិទូគណនាថា អាចមានម៉ាស់ចន្លោះពី ១០ ទៅ ២០ដងនៃម៉ាស់របស់ព្រះអាទិត្យយើង (ព្រះអាទិត្យមានអង្កត់ផ្ចិត ១.៣លានគីឡូម៉ែត្រ)។ ការហ៊ានសន្មត់ថា Betelgeuse នឹងត្រូវផ្ទុះនោះ គឺយោងទៅលើពិនិត្យទំហំ និងរង្វិលជុំរបស់វា ព្រមទាំងកម្រិតនៃពន្លឺមិនហ្នឹងនររបស់វាជាដើម។

ជាការពិតផ្កាយយក្សក្រហម Betelgeuse មានទំហំធំល្មមគ្រប់គ្រាន់ និងចម្ងាយមិនឆ្ងាយពេកនោះឡើយពីផែនដីរបស់យើង ដែលអាចឲ្យក្រុមតារាវិទូ ងាយស្រួលធ្វើការអង្កេត និងសិក្សាតំរុយខ្លះៗពីវា។ បើយើងយកផ្កាយនេះ មកដាក់នៅទីតាំងព្រះអាទិត្យរបស់យើងនោះ វានឹងលេបយកភពទាំងអស់ដូចជាភពពុធ សុក្រ ផែនដី អង្គារ និងអាចភពព្រហស្បតិ៍ផងដែរ។

៣. តើជុំវិញផ្កាយ Betelgeuse មានភពកំពុងគោចរដែរ​ ឬទេ?

ក្រុមតារាវិទូហ៊ានសន្មត់ថា ផ្កាយ Betelgeuse ក៏ធ្លាប់មានភពមួយចំនួន ដែលជាប្រភេទភពថ្មគោចរនៅជុំវិញវាផងដែរ ប៉ុន្តែនៅពេលផ្កាយនេះចាប់ផ្តើមរីកមាឌធំឡើងៗ ដែលជាសញ្ញាទៅរកបន្ទុះស៊ូពើណូវ៉ានោះ វាក៏បានលេបយកភពទាំងអស់របស់វាតែម្តង។

គួរបញ្ជាក់ថា នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ នេះតែម្តង ផ្កាយយក្សក្រយម Betelgeuse បានថមថយចុះនូវពន្លឺខុសពីធម្មតាប្រមាណ ១.៥ ហើយនេះគឺជាបាតុភូតដែលបង្ហាញថា តារាមួយកំពុងត្រៀមទៅរកបន្ទុះស៊ូពើណូវ៉ាហើយ។ ផ្កាយនេះមានអាយុកាលក្មេងទើបតែជិត ១០លានឆ្នាំប៉ុណ្ណោះ ហើយបដិវត្តន៍របស់វានឹងកើតមានឡើងម្តងទៀតនៅក្នុងរយៈពេល ១សែនឆ្នាំខាងមុខ ខណៈពន្លឺជះចេញក្រោយការផ្ទុះរបស់វា នឹងអាចប្រកួតប្រជែងជាមួយពន្លឺព្រះច័ន្ទ នៅពេលរាត្រីផងក៏ថាបាន៕

ប្រភព៖ Science Alert (ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here