ខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រទាំង ១០ ដែលអ្នកស្រឡាញ់វិទ្យាសាស្ត្រគួរទស្សនា, តើមួយណាសមជាប់លេខ១?

0

(បរទេស)៖ ពីមួយថ្ងៃទៅមួយថ្ងៃផ្នែកសិល្បៈភាពយន្ត​ដែលទាក់ទងទៅនឹងវិស័យវិទ្យាសាស្ត្រ, បច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងៗឡើង ហើយអ្វីដែលសំខាន់នោះគឺ ភាពយន្តទាំងនោះបានផ្សារភ្ជាប់ទៅនឹងជីវិតប្រចាំថ្ងៃ ក៏ដូចជាទស្សនវិស័យវែងឆ្ងាយ​ចំពោះមនុស្សជាតិផងដែរ។ ភាពយន្តទាំងនោះ ភាគច្រើនបានផ្តោតលើបច្ចេកវិទ្យាដូចជា ការវិវត្តន៍នៃបញ្ញាសិប្បនិម្មិត (AI) និងសព្វាវុធយោធាជាដើម ។

បន្ថែមពីខាងលើ ភាពយន្តទាំងនោះច្រើននិយាយអំពីជីវិតក្រៅភព បរិស្ថាន និង ទ្រឹស្ដីផ្សេងៗពាក់ព័ន្ធវិទ្យាសាស្ត្ររូបវិទ្យា ជីវវិទ្យា និងគីមីវិទ្យាជាដើម។ល។ ខាងក្រោមនេះគឺ រឿងប្រឌិតបែបវិទ្យាសាស្ត្រទាំង ១០ ដែលអ្នកទាំងអស់គ្នាមិនគួររំលង៖

១០៖ «2001: A Space Odyssey»

ខ្សែភាពយន្តចេញកាលពីឆ្នាំ១៩៦៨មួយនេះ គឺជាកំពូលរឿងប្រឌិតបែបវិទ្យាសាស្ត្រមួយ​ដែលនិយាយពីការវិត្តន៍នៃពពួកមនុស្សដំបូង ដោយចេះប្រើនូវឆ្អឹងសត្វ ធ្វើជាអាវុធប្រមាញ់ និងការពារខ្លួន ហើយក្រោយមកមនុស្សក៏ឈានដល់បច្ចេកវិទ្យាកម្រិតកំពូល​ដែលអាចឲ្យមនុស្សធ្វើដំណើរក្នុងលំហ​ទៅកាន់ភពផ្សេង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺខ្សែរភាពយន្តកាលពីឆ្នាំ១៩៦៨ មួយនេះ បានបង្ហាញនូវបច្ចេកវិទ្យាដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលមនុស្សភាគច្រើននៅសម័យនោះ មិនសូវស្គាល់ថា ជាអ្វីតែចំពោះសម័យនេះយើងស្គាល់ច្បាស់ថាជា បញ្ញាសិប្បនិម្មិតនោះឯង។

៩៖ «Valerian: The City of Thousands Planet»

ខ្សែភាពយន្តនេះផងដែរ គឺនិយាយពីបម្លាស់ទីលំនៅនៃមនុស្ស​ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ហើយធ្វើឲ្យទំហំនៃស្ថានីយនោះ​ត្រូវពង្រីកឲ្យធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ បន្ទាប់មក ស្ថានីយនេះក៏ទទួលស្វាគមន៍ជីវិតឆ្លាតវៃ​ដែលបម្លាស់ទីពីគ្រប់ទិសទី ដែលក្រោយមកប្រែក្លាយស្ថានីយនេះ ទៅជាទីក្រុងអវកាសអាល់ហ្វា។ ដោយសារវាមានទំហំមហិមារ ហើយទំនាញវាប៉ះពាល់ដល់ផែនដីខ្លាំង ដូច្នេះ គេត្រូវរំកិលវាទៅឲ្យឆ្ងាយពីផែនដី ។

៨៖ «២០១២»

ខ្សែរភាពយន្តចេញនៅឆ្នាំ២០០៩ មួយនេះ និយាយពីគ្រោះធម្មជាតិដ៏ខ្លាំងមហិមាមួយ កើតឡើងលើផែនដី នៅពេលភពទាំងអស់ក្នុងប្រព័ន្ធព្រះអាទិត្យយើង ដើរក្នុងខ្សែរស្របតែមួយ (តម្រៀបជាជួរ) ដែលធ្វើឲ្យផែនដីយើងរងនូវការរញ្ជួយយ៉ាងខ្លាំង គួបផ្សំនិងបន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិដ៏ធំមហិមាផងដែរផងដែរ។

៧៖ «World War Z»

សង្គ្រាមខ្មោចឆៅគឺជាខ្សែរភាពយន្តចេញឆ្នាំ២០១២ ហើយផ្ទៃនៃសាច់រឿងគឺឆ្លុះបញ្ចាំងពីការវិវត្តន៍នៃភាវៈរស់ ទៅជាកាចសាហាវ ហើយទីបំផុតពួកវីរុសក៏វិវត្តន៍ខ្លួន​ចម្លងដល់មនុស្ស​ដែលធ្វើឲ្យមនុស្សក្លាយជាខ្មោចឆៅ ដើររាតត្បាតវីរុសទាំងនោះទៅកាន់មនុស្សផ្សេងទៀត។ ដោយសារតែខ្មោចឆៅទាំងនោះ​មិនវាយប្រហារលើសារពាង្គកាយមានជំងឺ ទីបំផុតគេក៏ផលិតវ៉ាក់សាំងម្យ៉ាង​ដែលធ្វើឲ្យមនុស្សអាចបំបាំងផុតក្រសែភ្នែករបស់ខ្មោចឆៅទាំងនោះបាន។

៦៖ «Annihilation»

គឺជាខ្សែរភាពយន្តដែលនិយាយពីការវិត្តន៍​នៃភាវរស់ក្នុងតំបន់មួយ បន្ទាប់ពីមានហេតុការណ៍ធ្លាក់នូវរូបធាតុថាមពល Antimatter មកលើតំបន់នោះ។

៥៖ «Wandering Earth»

ខ្សែរភាពយន្តវិទ្យាសាស្ត្ររបស់ចិនមួយនេះ បានឆ្លុះបញ្ចាំងពីការឆ្លើយតប​នៃមនុស្សជាតិលើផែនដី ទៅនឹងការរីកមាឌដ៏សម្បើមនៃព្រះអាទិត្យ​ដែលនឹងធ្វើឲ្យព្រះអាទិត្យផ្ទុះឡើង​ក្នុងពេលដ៏ឆាប់មួយ។ ទីបំផុត គេក៏សាងសង់ម៉ាស៊ីនដ៏ធំមហិមា ពាសពេញផែនដី​ដើម្បីរុញភពមួយនេះទៅកាន់ប្រព័ន្ធផ្កាយមួយទៀត។

៤៖ «Arrival»

ការមកដល់ (arrival) គឺជាខ្សែរភាពយន្តមួយនិយាយពីការមកដល់​នៃជីវិតក្រៅភព ដែលមានឈ្មោះថា ហ៊ីបតូផត មកកាន់ផែនដី។ ចំណុចសំខាន់នៃរឿងនេះគឺ ហ៊ីបតូផត ធ្វើដំណើរមកកាន់ផែនដី ដើម្បីផ្ដល់នូវចំណេះដឹង និងបច្ចេកវិទ្យារបស់ពួកគេដល់មនុស្សយើង ក្នុងគោលបំណងឲ្យយើងរក្សាទុក និងជួយពួកគេវិញផងដែរ ។

៣៖ «Martian»

ខ្សែភាពយន្តដែលសម្ដែងដោយតារាសម្ដែងដ៏ល្បីគឺលោក ម៉ាតដេមុន មួយនេះបានឆ្លុះបញ្ចាំងពីជីវិតអវកាសយានិកម្នាក់​ដែលត្រូវបានគេចាកចាល​ទុកឲ្យនៅម្នាក់ឯងលើភពអង្គារតែម្នាក់ឯង។ ក្រោយមកអវកាសយានិកនោះក៏ ស្វែករកវិធីចិញ្ចិមជីវិតដោយដាំដំណាំសម្រាប់បរិភោគ នៅលើភពក្រហមមួយនេះ មុនការជួយសង្គ្រោះមកដល់ បូករួមទាំងវិធីឆ្លាតវៃជាច្រើនទៀត ក្នុងការដោះស្រាយបញ្ហា។

២៖ «Interstellar»
កំពូលរឿងប្រឌិតបែបវិទ្យាសាស្ត្រ ដែលបានចេញកាលពីឆ្នាំ២០១៤ មួយនេះ និយាយពីការស្វែងរកភពថ្មី​ដើម្បីតាំងទីលំនៅ ព្រោះថាភពផែនដីមិនអាចធ្វើជាទីលំនៅ​ដ៏សុខសាន្តរបស់មនុស្សជាតិបានទៀតឡើយ។ រឿងនេះផងដែរ ត្រូវបានតែងនិពន្ធឡើងដោយលោក គ្រីស្តូបហ្វ័រ ណូលែន ហើយចំណុចដែលមិនគួររំលងនោះ គឺការធ្វើដំណើរឆ្លងកាត់តាមច្រកពេលវេលា (Wormhole) និងការចូលទៅកាន់ប្រហោងខ្មៅជាដើម។

១៖ «Avatar»

អវតារគឺជារឿងប្រឌិតបែបវិទ្យាសាស្ត្រ ដែលរកលុយបានដ៏ច្រើនសន្ធឹកសន្ធាប់ ហើយផ្ទៃនៃសាច់រឿងនិយាយពី ការធ្វើដំណើរតាមអវកាស​ដោយប្រើយានដែលចាក់ឥន្ធនៈអែនធីម៉េតធ័រ (Antimatter) ទៅដាក់អាណានិគមលើព្រះច័ន្ទផេនដូរ៉ានៃភពប្រឌិត (ផូលីហ្វីមូស) ដែលឋិតនៅក្នុងប្រព័ន្ធផ្កាយអាល់ហ្វាសែនជូរី ។ រឿងនេះត្រូវបានដឹកនាំ និងបង្កើតឡើងដោយអ្នកដឹកនាំដ៏ល្បីល្បាញមួយរូបគឺ លោក ជេម កាម៉ារ៉ូន ហើយបានចាក់បញ្ចាំងតំបូងនៅឆ្នាំ២០០៩។ រឿងនេះផងដែរ គឺជាភាពយន្តដែលប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ា 3D ប្រភេទថ្មីដំបូងគេបង្អស់ ដែលបង្កើតចេញជារូបភាពដូចរូបពិតៗ (augmented-reality view) ។

គួរបញ្ជាក់ថា ទោះបីខ្សែជាភាពយន្តទាំង ១០ ខាងលើគ្រាន់តែជាការប្រឌិតឡើងក៏ដោយ ក៏ប៉ុន្តែវាបានឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយ នូវអ្វីដែលពាក់ពាក់ព័ន្ធនឹង​ការស្រមើស្រមៃរបស់មនុស្ស ចំពោះអនាគតរបស់មនុស្សជាតិនៃយើង។ មិនតែប៉ុណ្ណោះ មនុស្សក៏សាងអនាគត​ដូចទៅនឹងការប្រឌិតបែបវិទ្យាសាស្ត្រ​មួយចំនួននោះផងដែរ។ «ភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ គឺជាផ្លូវដែលធ្វើឲ្យមនុស្សចូលចិត្តវិទ្យាសាស្ត្រ» នេះជាសម្តីរបស់អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញគឺលោក មីឈីអុ កាគុ

បកប្រែ៖ វឌ្ឍនៈ
រៀបរៀង និងរក្សាសិទ្ធិ៖ Cambo Space (ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here