បន្ទុះធំបំផុតមិនធ្លាប់មានក្រោយបន្ទុះ Big Bang ត្រូវបានរកឃើញក្នុងកាឡាក់ស៊ីមួយ ចម្ងាយរាប់រយលានឆ្នាំពន្លឺពីផែនដី

0

(អូស្ត្រាលី)៖ ក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលីបានប្រទះឃើញ បាតុភូតបន្ទុះធំបំផុតមិនធ្លាប់មាននៅក្នុងចក្រវាឡ គិតចាប់តាំងតែពីមហាព្រឹត្តិការណ៍ Big Bang (បន្ទុះប៊ីកប៊ែងជាអ្នកបង្កើតចក្រវាឡទាំងមូលកាលពី ១៣.៦ពាន់លានឆ្នាំមុន)។

ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល International Centre for Radio Astronomy Research (ICRAR) ក្នុងរដ្ឋអូស្រ្តាលីភាគខាងលិចបានឲ្យដឹងថា បាតុភូតនោះបានកើតឡើង​នៅក្បែរប្រហោងខ្មៅយក្ស (Supermassive Black Hole) នៅចំកណ្តាលកាឡាក់ស៊ីមួយ ដែលមានចម្ងាយរាប់រយលានឆ្នាំពន្លឺពីយើង (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)។ យ៉ាងណាមិញ ពួកគេនៅតែមិនទាន់ដឹងច្បាស់ទេថា វាកើតឡើងដោយសារអ្វី ប៉ុន្តែបន្ទុះនោះបានបង្កើតប្រហោងដ៏ធំមួយក្នុងសំណុំឧស្ម័ន​ដែលនៅព័ទ្ធជុំវិញប្រហោងខ្មៅយក្ស ពោលគឺអាចដាក់កាឡាក់ស៊ី Milky Way បានចំនួន ១៥ ចូលទៅក្នុងនោះ។

 

គួរជម្រាបថា របកគំហើញនេះត្រូវសម្រេចបាន តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូបចំនួន ០៤ រួមមាន Chandra របស់ទីភ្នាក់ងារអវកាសអាមេរិក NASA, XMM-Newton របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA, Murchison Widefield Array (MWA) នៅរដ្ឋអូស្រ្តាលីខាងលិច ព្រមទាំង Giant Metrewave Radio Telescope នៅប្រទេសឥណ្ឌា។ ការសិក្សាបន្តទៀតនោះ គឺកំពុងធ្វើឡើងដើម្បីស្វែងរកចម្លើយថា តើបន្ទុះដ៏ខ្លាំងក្លានោះកើតឡើងដោយសារអ្វី៕

ប្រភព៖ Space (ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០)

 

LEAVE A REPLY

Please enter your comment!
Please enter your name here