NASA ប្រាប់បុគ្គលិកក្នុងមជ្ឈមណ្ឌលមួយនៅកាលីហ្វ័រញ៉ា ឲ្យធ្វើការងារពីផ្ទះវិញ ក្រោយរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩

0

(កាលីហ្វ័រញ៉ា)៖ មជ្ឈមណ្ឌលស្រាវជ្រាវ Ames របស់អង្គការ NASA ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានធ្វើការជូនដំណឹងឲ្យបុគ្គលិកនានា ធ្វើការងារពីផ្ទះរៀងៗខ្លួនវិញ ក្រោយពីបុគ្គលិកម្នាក់ត្រូវបានធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុស COVID-19។

មជ្ឈមណ្ឌល Ames មានទីតាំងស្ថិតនៅក្នុងសង្កាត់ Moffett Field នៃតំបន់សេដ្ឋកិច្ចពិសេស Sillicon Valley ត្រូវបានអាជ្ញាធរសុខាភិបាល​ចុះទៅពិនិត្យ និងតាមដានរដ្ឋអ្នកពាក់ព័ន្ធ ក្រោយពីបុគ្គលិកម្នាក់របស់មជ្ឈមណ្ឌលស្រាវជ្រាវនេះ ត្រូវបានរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មីនោះ ហើយជាបណ្តោះអាសន្ន បុគ្គលិកនានាត្រូវធ្វើកិច្ចការងារពីផ្ទះ ខណៈអ្នកដែលធ្លាប់ស្និទ្ធស្នាលនឹងបុគ្គលិកខាងលើនេះ នឹងត្រូវកោះហៅឲ្យមកពិនិត្យសុខភាពជាបន្ទាន់។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់គណៈគ្រប់គ្រងមជ្ឈមណ្ឌល Ames ត្រូវបានធ្វើឡើង​ដោយមានកិច្ចពិគ្រោះយោបល់ ជាមួយទីស្នាក់កណ្តាលអង្គការ NASA ជាមុន។ សម្រាប់ការបើកដំណើរការឡើងវិញនូវមជ្ឈមណ្ឌលខាងលើនេះ គឺនឹងត្រូវបញ្ជាក់នៅពេលខាងមុខទៀត ខណៈការវាយតម្លៃអំពីគំរោងស្រាវជ្រាវវិទ្យាសាស្ត្រនានា ដែលនឹងត្រូវរងផលប៉ះពាល់នោះ​ គឺមិនទាន់មានការបញ្ជាក់នោះឡើយ។

បច្ចុប្បន្ននេះសហរដ្ឋអាមេរិកទាំងមូល មានការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 សរុបចំនួនជាង ៧៥០ករណីក្នុងនោះអ្នកជំងឺ ២៦នាក់ស្លាប់៕

ប្រភព៖ Space (ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here