អឺរ៉ុប និងរុស្ស៊ីខកពេលបាញ់បង្ហោះយានទៅកាន់ភពអង្គារហើយ ដោយត្រូវរង់ចាំដល់ឆ្នាំ២០២២…

0

(អឺរ៉ុប)៖ មិនមែនដោយសារបញ្ហាវីរុសកូរ៉ូណាថ្មី ជាឧបសគ្គធំនោះឡើយ ប៉ុន្តែការសម្រេចពន្យារពេលបាញ់បង្ហោះ យានស្រាវជ្រាវភពអង្គារឈ្មោះថា ExoMars ដែលជាកិច្ចសហការរវាងអឺរ៉ុប និងរុស្ស៊ីនាពេលនេះ បានកើតឡើងព្រោះតែក្រុមវិស្វករ មិនអាចធ្វើតេស្តយាននេះឲ្យរួចរាល់ទាន់ពេល នៅមុនការបាញ់បង្ហោះ ដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែកក្កដា និងសីហា ឆ្នាំ២០២០ ខាងមុខ។

គំរោងផលិតយានស្រាវជ្រាវភពអង្គារ ExoMars រវាងអឺរ៉ុប និងរុស្ស៊ីមួយនេះ ត្រូវបានចាប់ផ្តើមជាផ្លូវការ តាំងតែងពីឆ្នាំ២០០៥ មកម្ល៉េះ។ វាស្ថិតនៅក្នុងគោលដៅ ទៅស្វែងរកដាននៃជីវិត​ដែលអាចធ្លាប់កើតមានកាលពីអតីតកាល នៅលើភពអង្គារ។ អង្គការអវកាសអឺរ៉ុប ESA និងរុស្ស៊ី Roscosmos បានសហការគ្នា ដើម្បីស្វែងយល់អំពីវត្តមានទឹក បណ្តុំសារធាតុគីមី និងបរិយាកាសនៅភពអង្គារ ព្រមទាំងដើម្បីសាកល្បងបច្ចេកវិទ្យា ដែលអាចបញ្ជូនយានពីភពអង្ការ ត្រឡប់មកកាន់ផែនដីវិញផងដែរ។

គួរបញ្ជាក់ថា ទាំងអង្គការ NASA, អង្គការអវកាសចិន និងអង្គការអវកាសអឺរ៉ុប-រុស្ស៊ី​ សុទ្ធតែបានជ្រើសរើសយកឆ្នាំ២០២០ ជាពេលត្រូវបានបង្ហោះយានទៅកាន់ភពព្រះអង្គារដូចគ្នា ព្រោះវាជាពេលវេលាដែលផែនដី និងភពអង្គារ គោចរមកកាន់ទីតាំងត្រសងគ្នា (កៀកគ្នាសន្សឹមៗ) ដែលងាយស្រួលក្នុងការឲ្យក្រុមអ្នកវិទ្យាសាស្ត្របាញ់បង្ហោះយាន និងបញ្ជាទៅធ្វើការចុះចតនៅទីនោះ ដោយចំណាយពេលតិច។

ដូច្នេះវាមានន័យថា​ ការខកខានរបស់អឺរ៉ុប និងរុស្ស៊ី ក្នុងការបាញ់បញ្ជូនយាន ExoMars ចេញពីភពផែនដីនៅកំឡុងពាក់កណ្តាលឆ្នាំ២០២០នេះ វានឹងធ្វើឲ្យពួកគេរង់ចាំរហូតដល់ឆ្នាំ២០២២ ទើបអាចមានឱកាសបែបនេះម្តងទៀត។ ទោះបីជាបែបនេះក្តី អង្គការអវកាសអឺរ៉ុប និងរុស្ស៊ី បានចាត់ទុកការពន្យារពេលនេះ​គឺជាត្រៀមខ្លួនឲ្យកាន់ប្រសើរឡើង។ ការពិតទៅឧបករណ៍គ្រប់យ៉ាងលើ ExoMars គឺត្រូវបានកសាង និងបំពាក់រួចស្រេចទៅហើយ ប៉ុន្តែអ្វីដែលចាំបាច់នោះ គឺការត្រួតពិនិត្យវា ដែលត្រូវធ្វើឡើងជាតំណាក់ៗ៕

ប្រភព៖ BBC (ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here