(អង់គ្លេស)៖ ការពិនិត្យឡើងវិញតាមបែបវិទ្យាសាស្ត្រថ្មីមួយបានឲ្យដឹងថា ទោះបីត្រូវបានចាត់ទុក ជាកន្លែងចោលសំរាមរបស់មនុស្សជាតិអស់ជាច្រើនទសវត្សរ៍មកហើយក្តី ក៏មហាសមុទ្រនានានៅលើពិភពលោក ហាក់នៅតែមានភាពរឹងមាំគួរអោយកត់សម្គាល់។
ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ការពង្រឹងភាពធន់នៃមហាសមុទ្រនេះ អាចនាំឱ្យមានការជាសះស្បើយឡើងវិញ ក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ ឬអាចអាចនិយាយបានថានៅឆ្នាំ២០៥០។ ទោះបីជាបែនេះក្តី ការផ្លាស់ប្តូរអាកាសធាតុ និងបញ្ហាប្រឈមក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលមានស្រាប់ គឺនៅជាឧបសគ្គធំៗដែលយើងត្រូវជម្នះបន្តទៅមុខទៀត។
ជាការពិតមហាសមុទ្របានរងការបំពុល ដោយសារតែសកម្មភាពនានារបស់មនុស្ស រាប់សតវត្សរ៍មកហើយ ប៉ុន្តែផលអវិជ្ជមានខ្លាំងគួរឲ្យកត់សម្គាល់ ទើបតែលេចចេញនៅរយៈពេល ៥០ឆ្នាំមុនមកដល់បច្ចុប្បន្ននេះប៉ុណ្ណោះ។ ពពួកសត្វត្រី និងសត្វសមុទ្រមួយចំនួនត្រូវបានមនុស្សធ្វើការនេសាទស្ទើរផុតពូជ ហើយខ្លះទៀតត្រូវវិនាសក៏ព្រោះតែការបំពុលដូចជាការកំពប់ប្រេង ការបង្ហូរកាកសំណល់ពុល ការកើនឡើងកម្តៅភពផែនដី និងសកម្មភាពទន្ទ្រានជាច្រើនទម្រង់ទៀត។
នៅរយៈពេលពីរទៅបីទសវត្សរ៍ចុងក្រោយនេះ ការកើនឡើងកម្តៅសកលបានធ្វើឲ្យទឹកសមុទ្រកើនឡើងនូវជាតិអាស៊ីតខ្លាំង ហើយលទ្ធផលនៃការសិក្សានេះ ត្រូវបានចេញផ្សាយដោយក្រុមការងារអន្តររដ្ឋាភិបាល ដែលសិក្សាអំពីការប្រែប្រែអាកាសធាតុ (IPCC)។ លទ្ធផលនៃការត្រួតពិនិត្យថ្មីនេះ បានទទួលស្គាល់លើទំហំនៃបញ្ហាជារួម ប៉ុន្តែវាក៏ជាការចង្អុលបង្ហាញ អំពីភាពអត់ទ្រាំគួរឱ្យកត់សម្គាល់នៃមហាសមុទ្រ។
ជាការពិតចំនួនសត្វត្រីបាឡែន Humpback បានស្ទុះងើបឡើងវិញចាប់តាំងពីមានការហាមឃាត់លើការនេសាទត្រីបាឡែនជាលក្ខណៈពាណិជ្ជកម្ម។ ប្រការនេះបាននាំឲ្យការគណនាកាលពីឆ្នាំ២០០០ថា ពពួកសត្វសមុទ្ររហូតដល់ ១៨% នឹងត្រូវវិនាសផុតពូជនោះ ធ្លាក់មកនៅត្រឹមតែ ១១.៤%នៅឆ្នាំ២០១៩។
ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា មនុស្សលោកយើងត្រូវតែដឹងពីអ្វីដែលយើងត្រូវធ្វើ ដើម្បីកសាងជីវិតសមុទ្រឡើងវិញ ហើយយើងមានភស្តុតាងដែលបង្ហាញថា គោលដៅនេះអាចសម្រេចបានក្នុងរយៈពេលបីទសវត្សរ៍ (ឆ្នាំ២០៥០)។
ក្រុមអ្នកស្រាវជ្រាវបានកំណត់នូវមូលដ្ឋានគ្រឹះសំខាន់ៗចំនួន ៩ ដែលជាគន្លឹះក្នុងការកសាងមហាសមុទ្រឡើងវិញដូចជា៖ តំបន់ដែលត្រូវទឹកសមុទ្រជោលិច, ព្រៃកោងកាង, ពពួកស្មៅសមុទ្រ, វាលថ្មប៉ប្រះទឹក, រុក្ខជាតិ ឬសារាយសមុទ្រ, ផ្កាថ្មចិញ្ចឹមអយស្ទឺ, ពពួកសត្វត្រី, សត្វកន្ធាយ megafauna និងសមុទ្រទឹកជ្រៅ។
គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានណែនាំឲ្យប្រទេសនានាធ្វើការគិតគូរអំពីការបញ្ចេញសកម្មភាពជាក់ស្តែងដើម្បីការពារសមុទ្រ និងសត្វនៅក្នុងសមុទ្រ ក្នុងនោះមានដូចជាការនេសាទដោយមានរដូវត្រឹមត្រូវ និងការស្តារទីជម្រកសម្រាប់ពពួកសត្វទាំងនោះឡើងវិញ។ ដោយឡែកការកាត់បន្ថយ សកម្មភាពបំពុលដែនសមុទ្រនៅគ្រប់ទម្រង់ ក៏ជារឿងចាំបាច់បំផុត ដែលត្រូវការគ្រប់គ្នាចូលរួមជួយ ទើបអាចឲ្យមហាសមុទ្រទាំងអស់ មាននិរន្តរភាពដើម្បីទ្រទ្រង់ជីវិតមនុស្សរាប់សតវត្សរ៍ទៅមុខទៀតបាន៕
ប្រភព៖ សារព័ត៌មាន BBC (ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០)