មិនមែនអ្វីៗសុទ្ធតែអវិជ្ជមានឡើយ! ប្រជាជនឥណ្ឌាអាចមើលឃើញ​ជួរភ្នំហិម៉ាល័យឡើងវិញ ក្រោយកំហាប់ខ្យល់ពុលថយចុះ

0

(ញូដេលី)៖ ប្រជាជនឥណ្ឌានៅភាគខាងជើង នៃរដ្ឋផាន់ចាប់ (Punjab) មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ចំពោះការមើលឃើញជួរភ្នំហិម៉ាល័យដែលមានចម្ងាយប្រហែល១៧០ គីឡូម៉ែត្រជាលើកដំបូង​ក្នុងរយៈជាច្រើនទសវត្យរ៍កន្លងមកនេះ ខណៈបរិមាណខ្យល់ពុលនៅក្នុងបរិយាកាសត្រូវបានកាត់បន្ថយ ដោយសារវិធានការបិទទ្វារប្រទេស នៅចំពោះមុខ COVID-19។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។

ប្រជាជនឥណ្ឌានៅទីក្រុងចាឡែនដារ (Jalandhar) និងតំបន់ជុំវិញនោះបានបង្ហោះរូបថតតាមប្រព័ន្ធទំនាក់ទំនងសង្គម អំពីផ្ទាំងទស្សនីយភាព នៃគេហដ្ឋានរបស់ពួកគេ ដោយនៅពីក្រោយឃើញមានជួរភ្នំហិម៉ាល័យដ៏ខ្ពស់ និងវែងអន្លាយ។ អមជាមួយរូបទាំងនេះ ពួកគេបាននិយាយរៀបរាប់ថា ជាច្រើនទសវត្សរ៍មកហើយ ពួកគេមិនដែលបានឃើញទិដ្ឋភាពបែបនេះឡើយ។

អ្នកស្រី មែនជីត ខាង (Manjit Kang) ដែលជាពលរដ្ឋម្នាក់រស់នៅទីនោះបានសរសេរនៅលើគណនី Twitter របស់ខ្លួនយ៉ាងដូច្នេះថា «នេះជាលើកដំបូងហើយក្នុងរយៈពេលជិត ៣០ឆ្នាំមកនេះ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់នូវជួរភ្នំហម៉ាល័យ ដោយសារតែវិធានការបិទទ្វារនៅប្រទេសឥណ្ឌា បានបោសសម្អាតខ្យល់ពុលក្នុងបរិយាកាស។ វាពិតជាអស្ចារ្យណាស់»។

បាតុភូតនេះអាចកើតមានឡើងវិញ ដោយសារការធ្វើឲ្យប្រសើរឡើងវិញនូវគុណភាពខ្យល់ នារយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីរោងចក្រឧស្សាហម្មនានាត្រូវបានបិទទ្វារ ជាពិសេសគឺឧស្សាហកម្មរថយន្ត ក៏ដូចជាឧស្សាហកម្មអាកាសចរណ៍​ត្រូវបានផ្អាកស្ទើរតែទាំងស្រុង ដើម្បីឆ្លើយតបទៅនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19៕

LEAVE A REPLY

Please enter your comment!
Please enter your name here