(អឺរ៉ុប)៖ រូបភាពថ្មីដែលទើបត្រូវបានថត ដោយផ្កាយរណបឈ្មោះ Sentinel-1 នៃទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានបង្ហាញថា ផ្ទាំងទឹកកកធំជាងគេបំផុត​នៅលើពិភពលោក A-68 ទើបតែបានរបេះផ្នែកធំមួយទៀត​ចេញពីតួខ្លួនរបស់វា ដែលប្រការនេះបានបង្ហាញកាន់តែច្បាស់ថា ទីអវសានរបស់ផ្ទាំងទឹកកកមហាយក្ស ស្ថិតនៅតំបន់ទ្វីបទឹកកកអង់តាក់ទិចមួយនេះ កាន់តែខិតជិតមកដល់ហើយ។ នេះបើតាមការដកស្រង់ពី Live Science នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

ផ្នែកដែលទើបរបេះចេញខាងលើនេះ មានទំហំរហូតដល់ទៅ ១៧៥គីឡូម៉ែត្រក្រឡាឯណោះ ដែលទិដ្ឋភាពដ៏គួរឲ្យសង្វេគនេះ ត្រូវបានថតកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ ទោះបីវាជាលើកទី ២ សម្រាប់ផ្ទាំងទឹកកកមហាយក្ស A-68 ក្នុងការរបេះផ្នែកធំៗចេញពីខ្លួនវាមែន ប៉ុន្តែលើកនេះវាកាន់តែបង្ហាញច្បាស់ថា A-68 ពិតជានឹងបន្តបាត់បងរូបរាងវាទៅមុខទៀត ឬរហូតបែកខ្ញែកខ្លួនខ្ទេចខ្ទី ទៅក្នុងទឹកសមុទ្រតែម្តង។

ជុំវិញបញ្ហាខាងលើនេះ លោក Adrian Luckman អ្នកជំនាញសិក្សាផ្នែកផ្ទាំងទឹកកក និងការប្រែប្រួលបរិយាកាសបានប្រាប់សារព័ត៌មាន BBC ថា «ខ្ញុំគិតថា ដំណើរឈានទៅរកការបំបែកខ្លួនទាំងស្រុងរបស់វា (A-68) កំពុងចាប់ផ្តើមពីពេលនេះទៅហើយ ប៉ុន្តែបំណែកសល់ពីការបំបែកខ្លួនរបស់វា នឹងបន្តស្ថិតនៅរាប់ឆ្នាំទៅមុខទៀតក្នុងសមុទ្រ…»។

គួរបញ្ជាក់ថា នៅពេល A-68 បានរបេះចេញពីទ្វីបអង់តាក់ទិច នៃប៉ូលខាងត្បូងភពផែនដីដំបូង កាលពីខែកក្កដា ឆ្នាំ២០១៧ វាមានទំហំរហូតដល់ទៅ ៦,០០០គីឡូម៉ែត្រក្រឡាឯណោះ ប៉ុន្តែសដោយយោងលើទិន្នន័យពីផ្កាយរណប នៅក្នុងខែមេសា ឆ្នាំ២០២០នេះ បន្ទាប់ពីផ្ទាំងទឹកកកមួយដុំធំ ទើបរបេះចេញបន្ថែមទៀតនោះ A-68 នៅសល់ទំហំត្រឹមតែ ៥,១០០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ។

សម្រាប់ផ្ទាំងទឹកកក ដែលរបេះចេញពីទ្វីបអង់តាក់ទិច និងអណ្តែតលើផ្ទៃសមុទ្របែបនេះ គឺមិនមានមួយណាផ្សេងដែលធំដូច A-68 នោះឡើយ។ សម្រាប់ផ្ទាំងទឹកកកមួយទៀត​ ដែលជាប់ក្នុងកំណត់ត្រាកាលពីឆ្នាំ២០០០ ថាជាផ្ទាំងទឹកកកធំបំផុត​របេះចេញពីទ្វីបអង់តាក់ទិចដែរនោះ មានទំហំតែ ៤,២០០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ហើយវាក៏បានបំបែកខ្លួនជាបំណែកៗអស់រួចទៅហើយដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here