HOT NEWS: ដុំថ្មនៃភពព្រះអង្គារ មានផ្ទុកម៉ូលេគុលសរីរាង្គ​ដែលមានអាយុកាល៤ពាន់លានឆ្នាំ!

0

(អាមេរិក)៖ ការស្រាវជ្រាវរកដាននៃជីវិត​កាលពីអតីតកាលនៅលើភពព្រះអង្គារ កាន់តែបង្ហាញពន្លឺបន្ថែមទៀតហើយ​បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ម៉ូលេគុលសរីរាង្គ (Organic Molecules) មានអាយុកាលរហូតដល់ ៤ពាន់លានឆ្នាំ​ត្រូវបានរកឃើញនៅក្នុងដុំថ្ម Allan Hills 84001 (ALH84001) ដែលមានប្រភពមកពីភពអង្គារ។ នេះបើតាមការចេញផ្សាយដោយ Space នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

មិនមែនតែប៉ុណ្ណឹងឡើយ នៅក្នុងដុំថ្មភពអង្គារខាងលើនេះ ក៏មាននូវនីដ្រូសែន (អាសូត) និងសារធាតុផ្សំមួយចំនួនទៀត ដែលជីវិតលើផែនដីនេះពឹងផ្អែក​ផងដែរ។ សារធាតុទាំងអស់នេះ​​ត្រូវបានរកឃើញនៅក្នុងបណ្តុំរ៉ែកាបូន នៅក្នុងដុំថ្មដែលខ្ទាតមកពីភពអង្គារ និងធ្លាក់មកលើភពផែនដី​កាលពីរាប់ម៉ឺនឆ្នាំមុន ហើយវាត្រូវបានគេដឹងថា ជាប្រភេទរ៉ែកាបូន​ដែលតែងស្ថិតនៅក្នុងបាតបឹង ឬសមុទ្រជាដើម។

តាមរយៈរបកគំហើញខាងលើនេះ បានធ្វើឲ្យក្រុមអ្នកសិក្សារាប់ទសវត្សរ៍មកនេះ កាន់តែមានសុទិដ្ឋិនិយម​ចំពោះទ្រឹស្តីកន្លងមកដែលថា ភពអង្គារធ្លាប់មានបរិយាកាសក្រាស់ សមុទ្រ បឹង និងទន្លេធំៗ ហើយប្រាកដណាស់ តថភាពដែលត្រូវបានស្រមៃ​កាលពីអតីតកាលនោះ​ក៏អាចមានបង្កប់ជីវិត​នៅក្នុងទម្រង់ណាមួយនៅទីនោះផងដែរ។

កន្លងមកនេះគ្រឿងយន្តរុករក Curiosity របស់អង្គការ NASA ក៏ធ្លាប់បានរកឃើញសំណាកសរីរាង្គពីបុរាណ នៅក្នុងបឹងយក្ស Gale ដែលមានទំហំមុខកាត់ ១៥៤គីឡូម៉ែត្រនៅលើភពអង្គារផងដែរ។ ភពអង្គារបច្ចុប្បន្នពិតជាខុសប្លែកពីមុខ បន្ទាប់ពីវាបានវិវឌ្ឍកាន់តែត្រជាក់ និងស្ងួតហួតហែងខ្លាំងទៅៗ ចាប់តាំងពីអំឡុង ៣.៥ពាន់លានឆ្នាំមុន ដោយក្រុមវិទ្យាសាស្ត្រមិនទាន់អាចកំណត់មូលហេតុ​ឲ្យបានច្បាស់លាស់នោះឡើយ។

ដោយឡែកដុំថ្មអវកាសឈ្មោះ Allan Hills 84001 ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រគិតថា បានខ្ទាតចេញពីភពអង្គារ​ក្រោយការបុកទង្គិចដ៏ខ្លាំងក្លាមួយលើភពក្រហមនោះ កាលពីប្រមាណ ១៦លានឆ្នាំមុន។ Allan Hills 84001 ត្រូវបានគេជឿជាក់ថា បានរសាត់អណ្តែងអស់រាប់លានឆ្នាំ ទើបអាចមានឱកាសធ្លាក់មកលើភពផែនដី កាលពី ១៣,០០០ឆ្នាំមុន។

Allan Hills 84001 ត្រូវបានរកឃើញនៅទ្វីបទឹកកកអង់តាក់ទិច នៃប៉ូលខាងត្បូងភពផែនដី កាលពីឆ្នាំ១៩៨៤។ រហូតដល់ឆ្នាំ១៩៩៦ ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោក David McKay បានដឹកនាំការស្រាវជ្រាវ​អំពីដុំថ្មខាងលើនេះ និងបានអះអាងថា ភ័ស្តុតាងគួរឱ្យចាប់អារម្មណ៍ អំពីជីវិតលើភពព្រះអង្គារពីបុរាណ ត្រូវបានរកឃើញក្នុង Allan Hills 84001។

សម្រាប់ការសិក្សាថ្មី ដឹកនាំដោយអ្នកនាង Mizuho Koike នៃក្រុមការងារសិក្សាស្រាវជ្រាវរបស់ទីភ្នាក់ងារអវកាសជប៉ុនវិញ បានសំឡឹងមើល Allan Hills 84001 នៅក្នុងផ្លូវថ្មីមួយទៀត។ ពួកគេបានប្រើប្រាស់ពន្លឺ X-ray និងការវិភាគដោយតិចនិចខ្ពស់បំផុត ទើបអាចឆ្លុះទៅដល់​សារធាតុរ៉ែកាបូណាតនៅក្នុង Allan Hills 84001 បាន។ វាគឺជាលើកដំបូងបំផុត ព្រោះមិនដែលមាននរណា អាចរកឃើញសរីរាង្គផ្ទុកដោយនីដ្រូសែន (អាសូត) លាក់បំពួននៅក្នុងដុំថ្មនោះឡើយពីមុនមក។

ក្រុមអ្នកស្រាវជ្រាវជប៉ុន និងអន្តរជាតិបានគណនាថា សរីរាង្គនានាដែលផ្ទុកក្នុងសារធាតុកាបូន នៅក្នុងដុំថ្មមកពីភពអង្គារខាងលើនេះ គឺយ៉ាងហោចណាស់មានអាយុកាល ៤ពាន់លានឆ្នាំ។ យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់មួយបែបទៀតថា អ្វីដែលបានរកឃើញពេលនេះ មិនមែនជាភស្តុបញ្ជាក់តែម្តងថា ភពអង្គារពិតជាធ្លាប់មានជីវិត​កាលពីអតីតកាលនោះឡើយ ព្រោះសរីរាង្គទាំងនោះ​ក៏អាចកើតចេញពីបាតុភូតនានា ឬក៏ជាផ្នែកជីវសាស្ត្រផងក៏ថាបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here