(អាមេរិក)៖ អវកាសយានិកអង្គការ NASA ចំនួនពីររូបគឺលោក Bob និង លោក Doug កំពុងតែរំភើបខ្លាំងឡើងៗ ព្រោះតែអ្នកទាំងពីរត្រូវត្រៀមខ្លួនឲ្យបានល្អបំផុត ដើម្បីជិះយាន Crew Dragon របស់ក្រុមហ៊ុនអវកាសអាមេរិក​ SpaceX ឡើងទៅកាន់ទីអវកាសជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ Space នាថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០។

បើតាមគំរោង អវកាសយានិកជើងចាស់ទាំងពីររូបខាងលើនេះនឹងជិះយាន Crew Drago ដែលជាផ្នែកមួយនៃគំរោងសាកល្បង Demo-2 Mission ចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។ វានឹងក្លាយជាលើកទី ១ ដែលអវកាសយានិកត្រូវ​បាញ់បញ្ជូនចេញពីទឹកដីអាមេរិក ទៅកាន់ទីអវកាស គិតចាប់តាំងពីឆ្នាំ២០១១ ដែលអង្គការ NASA បានបិទបញ្ចប់កម្មវិធី Space Shuttle ជាស្ថាពរ។

គួរបញ្ជាក់ថា ប្រសិនបើការបាញ់បង្ហោះ ប្រព្រឹត្តទៅដោយជោគជ័យនោះ នៅថ្ងៃទី២៨ ខែឧសភា (មួយថ្ងៃក្រោយការបាញ់បង្ហោះចេញពីផ្ទៃផែនដី) អវកាសយានិកទាំងពីររូប នឹងទៅដល់ស្ថានីយអវកាសអន្តរជាតិ (ISS) ហើយនឹងចំណាយពេលបំពេញបេសកកម្ម​នៅទីនោះរហូតដល់ ៣ខែ។ ចាប់តាំងពីការបិទគំរោង Space Shuttle មកអង្គការ NASA បានពឹងផ្អែកលើកម្មវិធីបាញ់បង្ហោះយាន Soyuz របស់រុស្ស៊ី ដើម្បីដឹកនាំអវកាសយានិក ឡើងទៅបំពេញបេសកកម្មនៅទីអវកាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here