ព្រះច័ន្ទមិនមែនស្លាប់ដូចការគិតឡើយ! ចលនាមួយចំនួន​ទើបត្រូវបានអង្កេតឃើញ

0

(អាមេរិក)៖ តាមពិតទៅព្រះច័ន្ទមិនមែនស្លាប់ ដូចការគិតពីមុនមកឡើយ បន្ទាប់ពីការសិក្សាថ្មីបានរកឃើញថា ជួរភ្នំនៅព័ទ្ធជុំវិញតំបន់រូបទន្សាយ​នៅលើផ្ទៃព្រះច័ន្ទដែលបែរមុខមករកផែនដីនោះ មានចលនាតិចតូនិក (ចលនាប្រែប្រួលនៃសំបក ឬពំនើងផ្នត់) ដ៏សកម្មជាប្រព័ន្ធតែម្តង។ នេះបើតាមការដកស្រង់ពី​ Space នាល្ងាចថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។

តាមរយៈទិន្នន័យពីផ្កាយរណប LRO របស់អង្គការ NASA ដែលកំពុងគោចរជុំវិញឋានព្រះច័ន្ទនោះ ក្រុមអ្នកវិទ្យាសាស្ត្របានពិនិត្យឃើញ​ជួរភ្នំជាច្រើន ដែលកើតចេញពីចលនាពំនើងផ្នត់នៅលើផ្ទៃព្រះច័ន្ទ ដូចមានបញ្ជាក់នៅក្នុងរូបភាព ដែលត្រូវបានគូសវាថ្មីខាងលើនេះ។ ជួរភ្នំទាំងនោះ​ពិតជាភស្តុតាងបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ព្រះច័ន្ទបានបង្កើតនូវចលនាតិចតូនិក ដែលនាំឲ្យផ្ទៃស្រទាប់លើរបស់វាប្រេះ និងពើងឡើងក្លាយជាជួរភ្នំ។

ខណៈដែលផ្ទៃព្រះច័ន្ទស្ទើរតែទាំងស្រុ​ង​ត្រូវបានគ្របដណ្តប់ដោយផេះនោះ វាក៏មានតំបន់មួយចំនួន ដែលមានស្រទាប់ថ្មក្រាលនៅក្រោមគំនរផេះផងដែរ ប៉ុន្តែដោយសារតែផេះគ្របដណ្តប់ក្រាស់ពេក ដូច្នេះគ្មានបាតុភូតណាមួយ ក្រៅតែពីការប្រែប្រួលចលានាតិចតូនិកនោះឡើយ ដែលអាចរុញច្រានឲ្យ​ស្រទាប់ថ្មទាំងនោះ ពើងឡើងផុតពីស្រទាប់ផេះ និងក្លាយជាជួរភ្នំបែបនេះ។

បើតាមការបញ្ជាក់ពីសាស្ត្រារ្យមួយរូប​នៃសាកលវិទ្យាល័យ Brown គឺលោក Peter Schultz បានឲ្យដឹងថា ខណៈជួរភ្នំ និងស្រទាប់ថ្មក្រាល​​បានផុសឡើង កម្អែរភ្លើងក៏បានហៀរហូរ​នៅតាមតំបន់ទាំងនោះផងដែរ ហើយចលនាទាំងអស់នេះហើយ គឺជាអ្នកបង្កឲ្យតំបន់ជួរភ្នំកកើតឡើង។ ទ្រឹស្តីរបស់លោក Schultz ក៏បានពន្យល់បន្ថែមទៀតផងដែរថា ប្រជុំជួរភ្នំខាងលើនេះ គឺទំនងជាមិនមែនកកើតឡើង កាលពីបុរាណនោះឡើយ ប៉ុន្តែវាអាចទាក់ទងនឹងចលនាតិចតូនិក​កាលពីពេលថ្មីៗនេះច្រើនជាង (មិនបានបញ្ជាក់ពេលវេលាច្បាស់លាស់)។

សរុបសេចក្តីមក ក្រុមសិក្សាដឹកនាំរួមគ្នាដោយ Peter Schultz គឺចង់បង្ហាញឲ្យគ្រប់គ្នាឃើញថា ព្រះច័ន្ទបច្ចុប្បន្នមិនមែនស្លាប់ ឬគ្មានសកម្មភាពអ្វីសោះនោះឡើយ ដោយសំបករបស់វា នៅតែមានចលនាប្រែប្រួលពីតិចទៅច្រើន ដូចការប្រទះឃើញជួរភ្នំខាងលើនេះជាឧទាហរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here