ចិនធ្វើតេស្តរ៉ុក្កែត Long March-5B ដែលនឹងជួយកសាង​ស្ថានីយអវកាសផ្ទាល់ខ្លួន​​នាឆ្នាំ២០២២

0

(ប៉េកាំង)៖ គ្រាប់រ៉ុក្កែតខ្នាតធំស៊េរីថ្មីរបស់ចិនឈ្មោះថា Long March-5B ទីបំផុតត្រូវបានបាញ់បង្ហោះសាកល្បងជាលើកដំបូងហើយ នៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ ដែលវានឹងត្រូវប្រើប្រាស់ជាចម្បង ដើម្បីដឹកជញ្ជូនគ្រឿងផ្គុំសម្រាប់ការសាងសង់​ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២២ តាមការគ្រោងទុក។

គ្រាប់រ៉ុក្កែតធុនធំ និងមានពណ៌សខាងលើនេះ បានហោះឡើងចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស វិនឆាង (Wenchang) ដែលស្ថិតខេត្តដីកោះហៃណាន ភាគខាងត្បូងប្រទេសចិន កាលពីវេលាម៉ោង ០៦​៖០០នាទីល្ងាចថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងប៉េកាំង)។

សម្រាប់វត្ថុសំខាន់មួយ ដែលរ៉ុក្កែតនោះបានដឹកនាំ​ទៅកាន់ទីអវកាស កំឡុងការហោះហើរសាកល្បងរបស់វា គឺជាគំរូយានអវកាសជំនាន់ថ្មីរបស់ចិន ដែលមានសមត្ថភាពដឹកអវកាសយានិក។ យានតេស្ត​នោះ ត្រូវបានបញ្ជូនចូលទៅដល់គន្លងអវកាស ដែលត្រូវបានកំណត់ទុកដោយជោគជ័យ។

ទីភ្នាក់ងារអវកាសចិន បានចាត់ទុកការបាញ់បង្ហោះដោយជោគជ័យនៃគ្រាប់រ៉ុក្កែត Long March-5B ជាការបើកសម្ពោធនូវ​​ដំណាក់កាលទី ៣ នៃកម្មវិធីរុករកក្នុងទីអវកាសដោយមនុស្សរបស់ប្រទេសចិន នោះគឺការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន ខណៈ Long March-5B ត្រូវ​បានអភិវឌ្ឍឡើងជាពិសេស ដើម្បីសម្រេចគោលដៅនេះ។

រ៉ុក្កែត Long March 5B មានបណ្តោយប្រវែង ៧៣.៧ម៉ែត្រ និងមុខកាត់ ៥ម៉ែត្រសម្រាប់ផ្នែកខាងក្រោម ព្រមទាំង ៣.៣៥ម៉ែត្រសម្រាប់ផ្នែកខាងលើ។ គ្រាប់រ៉ុក្កែតខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចិន​អភិវឌ្ឍឡើង​ដោយប្រើប្រាស់ចំហេះឥន្ធនៈរុញច្រាន ដែលមិនប៉ះពាល់ដល់បរិស្ថាន​មានដូចជា អ៉ីដ្រូហ្សែនរាវ, អុកស៊ីហ្សែនរាវ និងប្រេងកាតជាដើម។

គួរបញ្ជាក់ថា រ៉ុក្កែត Long March-5B ដែលចិនសម្ងំអភិវឌ្ឍអស់ ១០ឆ្នាំមកហើយនេះ នឹងជួយជម្រុញសមត្ថភាពរបស់ចិន​ក្នុងការដឹកទំនិញពីផ្ទៃដី ឡើងទៅកាន់គន្លងគោចរកម្រិតទាប នៃភពផែនដី (Low Earth orbit) ដែលពីមុនមកអាចបានត្រឹមតែ ១៤តោនប៉ុណ្ណោះ ប៉ុន្តែពេលអាចឡើងរហូតដល់ ២២តោន ដែលស្មើនឹងកម្រិតស្តង់ដាររបស់វិស័យអវកាស​នៃប្រទេសនាំមុខដទៃៗទៀតទៅហើយ៕

ប្រភព៖ China News Agency (Xinhua) (ថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here