ចង់លាក់ខ្លួនដល់ណាទៀត? ទីបំផុតប្រហោងខ្មៅជិតផែនដីយើងបំផុត «១ពាន់ឆ្នាំពន្លឺ» ទើបត្រូវបានរកឃើញ!

1

(បរទេស)៖ ប្រហោងខ្មៅមួយ (Black Hole) ត្រូវបានរកឃើញនៅចម្ងាយ ១,០០០ឆ្នាំពន្លឺពីផែនដី ដែលប្រការនេះធ្វើឲ្យវាក្លាយជាប្រហោងខ្មៅ ដែលមានទីតាំងនៅកៀកប្រព័ន្ធសូឡារបស់យើងបំផុត គិតមកទល់ពេលបច្ចុប្បន្ន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្រ្ត ប្រហោងខ្មៅខាងលើខ្លួនវាផ្ទាល់​គឺមិនអាចត្រូវមើលឃើញឡើយ ដោយពួកគេបានរកឃើញវត្តមានរបស់វា ដោយសារតែផ្កាយចំនួន ០២ដែលនៅក្បែរវា។ ផ្កាយទាំង ០២ដួងនោះ អាចមើលឃើញបានដោយភ្នែកទទេ នាពេលយប់ដែលមាន មេឃស្រឡះល្អ នៅតំបន់អឌ្ឍគោលខាងត្បូងផែនដី។

ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ពួកគេបានចំណាយពេលអង្កេតមើលប្រព័ន្ធផ្កាយនោះ ដែលស្ថិតក្នុងកញ្ចុំផ្កាយ តេឡេស្កូព្យូម (Telescopium) ហើយក៏បានកត់សម្គាល់ឃើញផ្កាយមួយដួង​ក្នុងចំណោមផ្កាយទាំង ០២ តែងតែគោចរជុំវិញវត្ថុអាថ៌កំបាំងមួយជារៀងរាល់ ៤០ថ្ងៃ (ពេលវេលាលើផែនដី) ខណៈផ្កាយមួយដួងទៀតនៅរាងឆ្ងាយពីផ្កាយទី១ និងពីប្រហោងខ្មៅផងដែរ។

ហេតុនេះហើយវាបានធ្វើឲ្យក្រុមតារាវិទូដឹងថា តាមពិតប្រព័ន្ធនោះជាប្រព័ន្ធមានវត្ថុដល់ទៅ ៣ គឺមានប្រហោងខ្មៅថែមមួយទៀត ដែលមានម៉ាស់ច្រើនជាងព្រះអាទិត្យយើងយ៉ាងហោចណាស់ ០៤ដង។

ជុំវិញរបកគំហើញខាងលើ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ជាច្រើនឆ្នាំកន្លងមក ប្រហោងខ្មៅមួយចំនួនក៏ធ្លាប់ត្រូវបានរកឃើញនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងដែរ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍រវាងប្រហោងខ្មៅខាងលើ និងប្រហោងខ្មៅពីមុនៗមកនោះ គឺវាមិនមានការធ្វើប្រតិកម្មយ៉ាងកម្រោល​ជាមួយបរិស្ថាននៅជុំវិញខ្លួននោះទេ ដែលជាហេតុធ្វើឲ្យប្រហោងខ្មៅនោះ​មើលទៅងងឹងសូន្យឈឹងតែម្តង ខណៈភាគច្រើនប្រហោងខ្មៅធ្លាប់តែត្រូវគេឃើញ​មានសំណុំពន្លឺនៅជុំវិញពួកវា ដែលសំណុំពន្លឺទាំងនោះគឺជារូបធាតុដែលពួកវាកម្ទេចជាធូលីភ្លើង និងស្រូបយកទៅ។

គួរបញ្ជាក់ថា សម្រាប់ប្រហោងខ្មៅពីមុន ដែលត្រូវបានចាត់ទុកថា ស្ថិតនៅជិតផែនដីយើងបំផុតនោះមានឈ្មោះថា HR 6819 ក្នុងរយៈចម្ងាយ ៣,០០០ឆ្នាំពន្លឺ ( ១ឆ្នាំពន្លឺ = ៩.៤៦១ពាន់លានគីឡូម៉ែត្រ)៕

1 COMMENT

  1. 1000 ឆ្នាំពន្លឺស្មើនឹង100000 កោដកោដគីឡូម៉ែត
    មែន

LEAVE A REPLY

Please enter your comment!
Please enter your name here