បំណែកដ៏ធំនៃគ្រាប់រ៉ុក្កែតស៊េរីថ្មីរបស់ចិន ធ្លាក់មកលើមហាសមុទ្រអាត្លង់ទិក!

0

(បរទេស)៖ ផ្នែកសែសសល់ដ៏ធំនៃគ្រាប់រ៉ុក្កែត Long March 5B (CZ–5B) របស់ប្រទេសចិន ដែលត្រូវបានបាញ់បង្ហោះទៅកាន់គន្លងគោចរកម្រិតទាប (Low Earth Orbit) នៃភពផែនដីកាលពីសប្តាហ៍មុននេះ បានធ្លាក់មកលើផ្ទៃទឹក​នៃតំបន់មហាសមុទ្រអាត្លង់ទិក ខណៈក្រុមអ្នកតាមដានមួយចំនួន បានចាត់ទុកវារឿងអាចបង្កគ្រោះថ្នាក់បានផងដែរ។

ផ្នែកធំមួយនៃគ្រាប់រ៉ុក្កែត Long March 5B (CZ–5B) បានអណ្តែតនៅទីអវកាសអស់ប៉ុន្មានថ្ងៃមកហើយ បន្ទាប់ពីវាត្រូវបានបាញ់បង្ហោះ​ចេញពីមូលដ្ឋានអវកាសចិន នៅក្នុងខេត្តហៃណាន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ដើម្បីសាកល្បងសមត្ថភាពនៃរ៉ុក្កែតធុនធ្ងន់់ស៊េរីថ្មីចុងក្រោយ ដែលអាចទ្រទម្ងន់បានរហូតដល់ទៅជាង ២០តោននោះ។

បើតាមការអង្កេតពីមូលដ្ឋានគ្រប់គ្រងទីអវកាស Squadron ទី ១៨ របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បំណែករ៉ុក្កែត CZ-5B របស់ចិនបានធ្លាក់ ឆេះ និងបែកជាបំណែក ហើយស្រោចពីលើ​ដែនសមុទ្រអាត្លង់ទិក នៅជាប់ហ្នឹងដែនសមុទ្រ Mauritania នៃតំបន់អាហ្វ្រិកភាគពាយ័ព្យ។

គួរបញ្ជាក់ថា បំណែករ៉ុក្កែតចិន ដែលបានធ្លាក់មកលើផ្ទៃទឹកផែនដីវិញនេះ មានទម្ងន់រហូតដល់ទៅ ១៧.៨តោន ប៉ុន្តែនៅស្រាលជាងបំណែករ៉ុក្កែតរុស្ស៊ី Salyut–7 ដែលបានធ្លាក់កាលពីឆ្នាំ១៩៩១ ដែលមានទម្ងន់ ៣៩តោនឯណោះ។ ការបាញ់រ៉ុក្កែត Long March 5B (CZ–5B) គឺជាការតេស្តប្រព័ន្ធដឹកជញ្ជូន​មនុស្ស និងទំនិញទៅកាន់ទីអវកាស ខណៈដែលចិនមានមហិច្ឆតា​កសាងស្ថានីយអវកាសផ្ទាល់ខ្លួន នៅអំឡុងទសវត្សរ៍២០២០ និងបញ្ចូនមនុស្សទៅឋានព្រះច័ន្ទជាដើម៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Science Alert (ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here