ក្រោយតេស្តរ៉ុក្កែតធុនធំជោគជ័យ ចិនបញ្ចេញព័ត៌មានអំពីស្ថានីយអវកាស​ដែលមានឈ្មោះថា «វិមានសួគ៌ា»

0

(ប៉េកាំង)៖ ក្រោយទទួលជោគជ័យក្នុងការបាញ់បង្ហោះលើកដំបូង នៃគ្រាប់រ៉ុក្កែតធុនធំស៊េរីថ្មី Long March-5B និងការធ្វើតេស្តយានជំនាន់ថ្មី ចិនទើបតែបញ្ចេញព័ត៌មានបន្ថែមទៀត ទាក់ទងទៅនឹងគម្រោងស្ថានីយអវកាសរបស់ខ្លួន ដែលគ្រោងនឹងសម្រេចការសាងសង់​​នៅប៉ុន្មានឆ្នាំខាងមុខនេះទៀតប៉ុណ្ណោះ។

ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិនដែលត្រូវបានរំពឹងថា នឹងដំឡើងរួចរាល់ជាស្ថាពរនៅអំឡុងឆ្នាំ២០២២ នឹងធ្វើប្រតិបត្តិការនៅគន្លងកម្រិតទាប (LEO) របស់ផែនដី គឺនៅរយៈកម្ពស់ចន្លោះ ៣៤០-៤៥០គីឡូម៉ែត្រ សម្រាប់រយៈពេលលើសពី ១០ឆ្នាំ។ ស្ថានីយអវកាសនោះ មានឈ្មោះ ធានហ្គុង (Tiangong) ដែលមានន័យថា «វិមានសួគ៌ា»។ ក្នុងកាលៈទេសៈធម្មតា វានឹងអាចទទួលអវកាសយានិក ០៣នាក់ឲ្យស្នាក់នៅបាន ហើយអាចឡើងដល់ ០៦នាក់ កំឡុងពេលត្រូវផ្លាស់ប្តូរវេនប្រចាំការ។

ស្ថានីយអវកាសខាងលើ នឹងមានរូបរាងដូចអក្សរឡាតាំង «T» ដោយកំណាត់បន្ទប់ស្នូលធំមួយនឹងស្ថិតនៅកណ្តាល ហើយកំណាត់បន្ទប់ពីរទៀត ​ដែលសម្រាប់បម្រើដល់ការងារពិសោធន៍ស្រាវជ្រាវ នឹងត្រូវតភ្ជាប់នៅសងខាងដូចក្បាលអក្សរ «T»។ កំណាត់បន្ទប់នីមួយៗនឹងមានទម្ងន់ជាង ២០តោន ធ្វើឲ្យស្ថានីយទាំងមូលនឹងមានទម្ងន់សរុបប្រហែល ៦៦តោន។

អនុប្រធានផ្នែករចនាស្ថានីយអវកាសរបស់ចិន បាននិយាយថា បើយើងប្រដូចមន្ទីរពិសោធន៍អវកាស Tiangong-1 និង Tiangong-2 ទៅនឹងអាផាតមិនដែលមានបន្ទប់គេងតែមួយ គឺស្ថានីយអវកាសនេះ ប្រៀបដូចទៅនឹងអាផាតមិនមួយ ដែលមានបន្ទប់គេងដល់ទៅ ០៣ រួមជាមួយ និងបន្ទប់លំហែមួយ បន្ទប់បាយមួយ និងបន្ទប់ស្តុកសម្ភារៈមួយយ៉ាងដូច្នោះ។

ក្នុងចំណោមកំណាត់បន្ទប់ទាំង ០៣ កំណាត់បន្ទប់ស្នូលត្រូវបានដាក់ឈ្មោះឲ្យថា ធានហឺ (Tianhe) ដែលមានបណ្តោយប្រវែង ១៦.៦ម៉ែត្រ និងមុខកាត់ អតិបរមា ៤.២ម៉ែត្រ។ Tianhe នឹងបម្រើជាមជ្ឈមណ្ឌលគ្រប់គ្រង និងចាត់ចែងការងាររបស់ស្ថានីយ និងជាកន្លែងស្នាក់នៅចម្បង​របស់ក្រុមអវកាសយានិកចិន ហើយអាចអនុញ្ញាតឲ្យមាន​ការធ្វើពិសោធន៍ផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្តខ្លះៗបាន។

កំណាត់បន្ទប់ Tianhe មានច្រកចំនួនពីរសម្រាប់តភ្ជាប់ជាមួយកំណាត់បន្ទប់ពិសោធន៍ទាំងពីរ ហើយមានកន្លែងចូលចតយានអវកាសចំនួន ០៣។ ក្រៅពីនេះ វាក៏មានទ្វារសម្រាប់ឲ្យអវកាសយានិក ចេញទៅធ្វើការងារផ្សេងៗ​នៅខាងក្រៅក្បែរៗស្ថានីយបានផងដែរ។

សម្រាប់កំណាត់បន្ទប់ពិសោធន៍ទាំងពីរវិញ គឺមានឈ្មោះថា វិនធាន (Wentian) និង ម៉េងធាន (Mengtian) ដែលនឹងត្រូវប្រើប្រាស់ជាចម្បង សម្រាប់ការពិសោធន៍ស្រាវជ្រាវផ្នែក បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ហើយក៏អាចបម្រើជាកន្លែងស្នាក់នៅ និងជាកន្លែងជ្រកកោន ក្នុងគ្រាមានអាសន្នថែមទៀតផង។ កំណាត់បន្ទប់ទាំងពីរនេះ ក៏មានកន្លែងឲ្យយានចូលចតដែរ។

គ្រាប់រ៉ុក្កែត Long March-2F និងយានអវកាស ហ្សិនចូវ (Shenzhou) នឹងត្រូវប្រើប្រាស់សម្រាប់ការដឹកជញ្ជូនក្រុមអវកាសយានិក ព្រមទាំងវត្ថុធាតុខ្លះៗ រវាងផែនដីនិងស្ថានីយអវកាសនោះ។ យាន Shenzhou អាចដឹកអវកាសយានិកបាន ០៣នាក់ ហើយប្រើប្រាស់ជាយានសម្រាប់ជួយសង្រ្គោះ នៅក្នុងគ្រាអាសន្នបាន។

រីឯរ៉ុក្កែត Long March-7 និងយានដឹកទំនិញ Tianzhou នឹងត្រូវប្រើប្រាស់ជាចម្បង ដើម្បីដឹកជញ្ជូនវត្ថុធាតុ ឥន្ធនៈ រួមជាមួយឧបករណ៍ផ្សេងៗ សម្រាប់ស្ថានីយអវកាសចិន។ ចំណែករ៉ុក្កែត Long March-5B នឹងត្រូវប្រើប្រាស់ជាពិសេស សម្រាប់ការនាំយកកំណាត់បន្ទប់ទាំង ០៣ ដើម្បីទៅដំឡើងនៅទីអវកាស។

គួរជម្រាបថា គ្រាប់រ៉ុក្កែត Long March-5B ក៏នឹងនាំយកកែវយឺតអវកាសអុបទិចមួយគ្រឿង​ឡើងទៅលើទីអវកាសផងដែរ ដែលវានឹងហោះនៅលើគន្លង ដូចគ្នាជាមួយស្ថានីយអវកាសចិនតែម្តង។ កែវយឺតអវកាសនោះ មានឈ្មោះថា ស៊ុនធាន (Xuntian) ហើយត្រូវគេរំពឹងថា នឹងអាចធ្វើប្រតិបត្តិការបានយ៉ាងហោចណាស់ ១០ឆ្នាំ។ កែវយឺតអវកាសនេះ អាចចូលទៅចតនៅស្ថានីយអវកាសចិនបាន ដើម្បីទទួលការជួសជុល និងបញ្ជូលឥន្ធនៈបន្ថែម។ ដោយឡែក បច្ចុប្បន្ននៅក្នុងទីអវកាស មានស្ថានីយអវកាសតែមួយប៉ុណ្ណោះ គឺស្ថានីយអវកាសអន្តរជាតិ ISS ដែលភាគច្រើនស្ថិតក្រោមការ ធ្វើប្រតិបត្តិការរបស់ក្រុមអវកាសយានិកអាមេរិក និងរុស្ស៉ី៕

ប្រភព៖ China Xinhua News Agency (ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here