(អាមេរិក)៖ កែវយឺតអវកាស Wide Field Infrared Survey Telescope ហៅកាត់ថា WFIRST របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលមានតម្លៃអភិវឌ្ឍ ៣.២ពាន់លានដុល្លារ​ត្រូវបានដាក់ឈ្មោះថ្មីគឺ Nancy Grace Roman Space Telescope វិញ ដែលជាឈ្មោះបុគ្គលមានតួនាទីយ៉ាងសំខាន់បំផុត ក្នុងការបង្កើតកែវយឺតអវកាស Hubble។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយទស្សាវដ្តី Forbes នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

លោកស្រី Nancy Grace Roman គឺជាមន្រ្តីជាន់ខ្ពស់ម្នាក់ខាងផ្នែកតារាសាស្រ្ត​របស់ទីភ្នាក់ងារអវកាស NASA។ លោកស្រីបានបម្រើការងារ អស់រយៈពេល ២១ឆ្នាំនៅ NASA មុនពេលទទួលមរណភាពកាលពីឆ្នាំ២០១៨។ ស្នាដៃដ៏ធំបំផុតរបស់លោកស្រី Roman គឺការបង្កើតឡើងនូវកែវយឺតអវកាស Hubble Space Telescope ដែលត្រូវបានបង្ហោះឡើងទីអវកាសកាលពី ៣០ឆ្នាំមុន។ ហេតុនេះហើយលោកស្រីទទួលបាន រហស្សនាមថាជា «មាតាកែវយឺតអវកាស Hubble» តែម្តង។

គួររំឭកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ផ្តល់អនុសាសន៍ឲ្យលុបចោលគម្រោងបង្កើត កែវយឺតអវកាស WFIRST ប៉ុន្តែក្រោយមកត្រូវបានសភាអាមេរិកអនុញ្ញាតឲ្យបន្តឡើងវិញ ហើយផ្តល់កញ្ចប់ថវិកាបន្ថែម ០៨ភាគរយឲ្យទៅ NASA ថែមទៀត។ អង្គការ NASA បានបញ្ជាក់ថា ឈ្មោះរបស់លោកស្រី គឺសមនឹងនៅជាប់លើកែវយឺតអវកាសថ្មីនេះ។ លោកស្រី Roman គឺជាបុគ្គលដ៏សំខាន់ ដែលបានជួយបើកទំព័រប្រវិត្តិសាស្រ្តថ្មីរបស់ NASA ស្តីពីវិស័យអង្កេតបែបតារាសាស្រ្ត ដោយប្រើឧបករណ៍នៅទីអវកាសផ្ទាល់។

កាលពីខ្ទង់ទសវត្សរ៍ឆ្នាំ១៩៦០ លោកស្រី Roman បានរៀបចំគណៈកម្មាធិការមួយ ដែលរួមមានតារាវិទូ និងវិស្វករជំនាញៗ ដើម្បីធ្វើការងារពាក់ព័ន្ធការអភិវឌ្ឍ កែវយឺតអវកាស ហើយលោកស្រីបានបញ្ចុះបញ្ចូលឲ្យ NASA និងសភាអាមេរិកផ្តល់អាទិភាពខ្ពស់ ដល់ការបាញ់បញ្ជូនកែវយឺតអវកាសដ៏ ខ្លាំងបំផុតមួយ ដែលពិភពលោកមិនធ្លាប់បានឃើញឡើងទៅកាន់ទីអវកាស។

ងាកមកកាន់កែវយឺតអវកាស Nancy Grace Roman វិញ គឺត្រូវបានបំផុស​គំរោងអភិវឌ្ឍវាឡើងកាលពីឆ្នាំ២០១០ ហើយនៅឆ្នាំ២០១៦ រដ្ឋាភិបាលអាមេរិក​បានយល់ព្រមឲ្យគំរោងនេះធ្វើការអភិវឌ្ឍ។ វាត្រូវបានចាត់ទុកជាតេឡេស្កូប​ដែលនឹងត្រូវទៅជំនួសតំណែង Hubble នៅក្នុងការសិក្សាអំពីចក្រវាឡ​ឲ្យកាន់តែប្រសើរជាងមុន តាមរយៈកែវលែនមានទំហំមុខកាត់ ២.៤ម៉ែត្រ និងកាមេរ៉ាប្រើពន្លឺ Infrared មានទំហំ ២៨៨មេហ្គាភីចសែល ដែលមានសមត្ថភាពចាប់យករូបភាពធំលើស Hubble រហូតដល់ទៅ ១០០ដង ហេតុដូច្នេះវានឹងអាចរកឃើញផ្កាយ ភព និងភាពអាថ៌កំបាំងជាច្រើនផ្សេងទៀត​នៅក្នុងចក្រវាឡនេះ។

តេឡេស្កូបអវកាស Nancy Grace Roman ត្រូវបានគ្រោងទុកថា នឹងបញ្ចប់ការផលិតនៅក្នុងឆ្នាំ២០២០នេះ ហើយការធ្វើតេស្ត និងរៀបចំផ្នែកបច្ចេកទេសជាបន្តបន្ទាប់ នឹងត្រូវធ្វើឡើងរហូតដល់ឆ្នាំ២០២៥ ទើប Nancy Grace Roman ដែលមានទម្ងន់ជាង ៤តោននេះ ត្រូវបញ្ជូនឡើងទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត៕

LEAVE A REPLY

Please enter your comment!
Please enter your name here