(ផ្លូរីដា)៖ នៅទីបំផុតអវកាសយានិកអង្គការ NASA ចំនួនពីររូបគឺលោក Bob Behnken និង Doug Hurley ជិះនៅលើយាន Crew Dragon ដែលត្រូវបានអភិវឌ្ឍឡើងដោយ​ក្រុមហ៊ុនអវកាស SpaceX បានចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) ប្រកបដោយជោគជ័យហើយ​នៅវេលាម៉ោង ៧៖១៦ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវហ្នឹងម៉ោង ៩៖១៦នាទីយប់ម៉ោងនៅភ្នំពេញ។

បើគិតចាប់ពីរយៈពេលនៃការបាញ់បង្ហោះយានខាងលើ ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Falcon 9 Block 5 (B1058) ចេញផុតពីផ្ទៃផែនដី​កាលពីវេលាម៉ោង ៣៖២២នាទីរសៀលថ្ងៃសៅរ៍ (ម៉ោងនៅផ្លូរីដា) គឺយាន Crew Dragon ត្រូវការពេលរហូតដល់ ១៩ម៉ោង​ទើបអាចរំកិលខ្លួន ទៅចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) ដែលមានកម្ពស់ជាង ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី។

នេះជាបេសកកម្មលើកដំបូងបំផុត​ក្នុងប្រវត្តិសាស្ត្រ ដែលអាមេរិកអាចមានយាន​បាញ់ចេញពីទឹកដីរបស់ខ្លួន ឡើងទៅកាន់ទីអវកាសឡើងវិញ បន្ទាប់ពីកម្មវិធី Space Shuttle របស់អង្គការ NASA ត្រូវបានបិទបញ្ចប់កាលពីឆ្នាំ២០១១។ នៅសល់តំណាក់កាលចុងក្រោយមួយទៀត គឺក្រោយពីការស្នាក់នៅ ISS ចំនួន ០២សប្តាហ៍ អវកាសយានិក Bob Behnken និង Doug Hurley នឹងត្រូវទម្លាក់ខ្លួនចុះមកកាន់ផ្ទៃសមុទ្រផែនដីវិញ។

គួរបញ្ជាក់ថា ជោគជ័យនៃបេសកកម្មទាំងស្រុងខាងលើនេះ នឹងមានន័យថា អាមេរិកលែងពឹងលើយាន Soyuz របស់រុស្ស៊ី ដើម្បីដឹកអវកាសយានិករបស់ខ្លួន​ឡើងទៅកាន់ស្ថានីយអវកាសទៀតហើយ។ NASA ធ្លាប់ចំណាយពីជាង ៧០ ទៅ ៨០លានដុល្លារអាមេរិកសម្រាប់មួយកៅអីលើយាន Soyuz របស់រុស្ស៊ី ប៉ុន្តែសម្រាប់ SpaceX វិញគឺមួយកៅអី NASA នឹងអាចចំណាយមិនដល់ ៦០លានដុល្លារនោះឡើយ៕

ប្រភព៖ New York Times (ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here