(ហាណូយ)៖ ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា កំពុងព្យាយាមឆ្ពោះទៅនាំមុខគេ​ក្នុងការផលិតថាមពលអគ្គិសនី តាមរយៈទួរប៊ីនដែលប្រើកម្លាំងខ្យល់បក់​នៅតាមបណ្តោយឆ្នេរសមុទ្រជាង ៣,៤០០គីឡូម៉ែត្ររបស់ខ្លួន ជាការឆ្លើយតបចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។

បច្ចុប្បន្នប្រទេសវៀតណាមទាំងមូល មានសមត្ថភាពផលិតថាមពលអគ្គិសនីសរុប ៥៤ជីហ្គាវ៉ាត់ (១GW = ១,០០០ម៉េហ្គាវ៉ាត់) ហើយរដ្ឋាភិបាលវៀតណាមកំពុងតែសម្លឹងមើល ការពង្រីកឥទ្ធិពលនៃការផលិតរបស់ខ្លួន ឲ្យដល់ចំនួនលើទ្វេដងនោះគឺ ១៣០ជីហ្គាវ៉ាត់ នៅរយៈពេល ១០ឆ្នាំខាងមុខទៀត។ ហេតុដូច្នេះការបង្កើតបណ្តាញទួរប៊ីន​ផលិតថាមពលអគ្គិសនីពីកម្លាំងខ្យលបក់ គឺជាភស្តុតាងមួយដែលបញ្ជាក់ថា ផែនការខាងលើនេះ​អាចនឹងសម្រេចចេញលទ្ធផលទៅតាមមហិច្ឆតា។

ជុំវិញការបង្កើតតំបន់ស្រូបយកថាមពលខ្យល់ នៅតាមបណ្តោយឆ្នេរនៃប្រទេសវៀតណាម​ក្រុមហ៊ុនថាមពលដាណឺម៉ាក DEA បានគណនាថា នឹងផលិតថាមពលបានរហូតដល់ ១៦០ជីហ្គាវ៉ាត់ ប្រសិនបើវាដំណើរការពេញលេញ។ ការគណនានេះត្រូវបានធ្វើឡើង ដោយក្រុមហ៊ុន DEA ជាមួយនឹងអាជ្ញាធរថាមពលកកើតឡើងវិញរបស់វៀតណាម (REAV)។

គួរបញ្ជាក់ថា ប្រទេសវៀតណាមមានអំណោយផល នៅក្នុងផែនការបង្កើតបណ្តាញផលិត​ថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ ព្រោះតែខ្លួនមានឆ្នេរសមុទ្រដ៏វែងអន្លាយប្រវែងជាង ៣,៤០០គីឡូម៉ែត្រ។ អ្នកជំនាញរបស់ DEA បានលើកឡើងថា ប្រសិនបើផែនការខាងលើនេះ​ចាប់ផ្តើមដោយរលូនជាបន្តបន្ទាប់​នៅប៉ុន្មានឆ្នាំខាងមុខទៀត ប្រទេសវៀតណាមនឹងនាំមុខគេនៅអាស៊ីអាគ្នេយ៍ ក្នុងការផលិតថាមពលអគ្គិសនី​ចេញពីកម្លាំងខ្យល់បក់។

យោងតាមប្រភពពីអ្នកជំនាញថាមពលវៀតណាមឈ្មោះ មិញ ហាដុង (Minh Ha Duong) ផែនការដែលត្រូវបានបញ្ចេញកាលពីខែមីនា ឆ្នាំ២០២០បានបង្ហាញថា ប្រទេសនេះអាចផលិតថាមពលអគ្គិសនី​ពីកម្លាំងខ្យល់បក់រហូតដល់ ១៤.៧ជីហ្គាវ៉ាត់ ដោយបូករួមទាំងទួរប៊ីន​ដែលត្រូវដាក់ក្នុងទឹកសមុទ្រ និងនៅក្បែរឆ្នេរសមុទ្រ។ បើសិនជាផែនការដំណើរការទៅតាមការគ្រោងទុក វៀតណាមនឹងមានថាមពលអគ្គិសនី​ពីកម្លាំងខ្យល់សរុប ១២ជីហ្គាវ៉ាត់នៅឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here