(អាមេរិក)៖ ក្រោយស្ងប់ស្ងាត់អស់មួយរយៈ នៅទីបំផុតយានអវកាស Juno របស់អង្គការ NASA បានចាប់ផ្តើមបេសកកម្មរបស់ខ្លួន​សាជាថ្មីឡើងវិញហើយ ជាពិសេសទៅលើការថតរូបនៅជ្រុងផ្សេងៗនៃ​ភពព្រហស្បតិ៍ ដែលជាភពធំជាងគេបំផុតប្រចាំប្រព័ន្ធផ្កាយយើងនេះតែម្តង។ នេះបើតាមការដកស្រង់ពី Space នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។

បច្ចុប្បន្នភពព្រហស្បតិ៍កំពុងស្ថិតនៅចម្ងាយខ្ទង់ ៦៥០លានគីឡូម៉ែត្រពីភពផែនដី ហើយដោយឡែក Juno វិញក៏ជិតដល់ពេលគំរប់ខួប ០៤ឆ្នាំគត់​នៃការបំពេញបេសកកម្ម​ជុំវិញភពព្រហស្បតិ៍ផងដែរ។ យាន Juno ដែលប្រើប្រាស់ថាមពលចម្បង​ពីពន្លឺព្រះអាទិត្យ ទើបតែបានផ្តិតយកបណ្តុំរូបភាពបែបទូលាយ ជិត និងចំហៀង ដែលត្រូវបានដាក់ឈ្មោះឲ្យថា បណ្តុំរូបភាពសំណាង ឬ Lucky ដែលជាបេសកកម្មយាននេះតែងធ្វើ នៅក្នុងរយៈពេល ៥៣ថ្ងៃម្តង។

វាហាក់ដូចជាក្តីរំភើបមួយផងដែរសម្រាប់យើង ព្រោះភពព្រហស្បតិ៍​កំពុងតែខិតជិតពេលវេលា ដែលវានឹងត្រូវបញ្ចេញពន្លឺខ្លាំងបំផុត​នៅលើផ្ទៃមេឃផែនដីពេលរាត្រីហើយ នៅអំឡុងពាក់កណ្តាលខែកក្កដា ខាងមុននេះតែម្តង។ យាន Juno បានដល់ភពឧស្ម័នយក្សនោះដំបូង កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា សម្រាប់បណ្តុំរូបភាពថ្មីៗពេលនេះវិញ គឺជាការថតពីលើបណ្តុំពពកកញ្ជ្រោលនៃភពព្រហស្បតិ៍ ដែលនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រអាចមើលឃើញកាន់តែច្បាស់ អំពីចលនាខាងក្រៅរបស់បរិយាកាសភពព្រហស្បតិ៍។ អ្វីដែលគ្រប់គ្នាបានដឹងច្បាស់ គឺអំពីស្ថានភាពស្រទាប់ក្រៅបំផុតនៃភពព្រហស្បតិ៍ប៉ុណ្ណោះ ដោយឡែកស្ថានភាពខាងក្នុងរបស់វា ជាពិសេសគឺស្នូល យើងមានតែរង់ចាំយាន Juno ទម្លាក់ខ្លួនចូលភពយក្សនេះប៉ុណ្ណោះ ទើបយើងអាចមាន​ឱកាសដឹង​នូវភាពពិតនៅខាងក្នុងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here