(បរទេស)៖ ការសិក្សាថ្មីមួយបានលើកឡើងថា ភពអេលៀនដោយពោពេញដោយធូលី អាចក្លាយជាឱកាសល្អប្រសើរមួយ សម្រាប់ជីវិតកកើត និងប្រមូលផ្តុំ ខណៈក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែស្វែងរកភស្តុបន្ថែម ដើម្បីគាំទ្រគំនិតដែលបានលើកឡើងនេះ។ នេះបើតាមការចេញផ្សាយដោយ Space នាថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០។

គ្រប់គ្នាពិតជាបានដឹងហើយអំពីតួនាទីនៃធូលី ក្នុងការបង្កឲ្យមានបរិយាកាសប្រែប្រួល នៅលើភពផែនដី និងភពអង្គារ។ យោងតាមការសិក្សាថ្មី នៃក្រុមអ្នកវិទ្យាសាស្ត្រសាកលវិទ្យា East Anglia នៃទីក្រុង Norwich ប្រទេសអង់គ្លេស ភពនានាដែលមានចំនួនធូលី ពោពេញដោយសារធាតុរ៉ែ អាចរក្សាលទ្ធភាពទ្រទ្រង់ជីវិតរបស់ពួកវាបាន នៅពេលវាស្ថិតនៅចម្ងាយត្រឹមត្រូវ ពីផ្កាយរបស់ពួកវា។ វាជាការបង្កើតឱកាសឲ្យពពួកភព exoplanet អាចមានលទ្ធភាពទ្រង់ទ្រង់ជីវិត នៅក្នុងទម្រង់ណាមួយ។

ក្រុមអ្នកសិក្សានៅសាកលវិទ្យា University of Exeter និង University of East Anglia ក៏បានធ្វើការសន្និដ្ឋានដូចខាងលើនេះដែរ ដោយយោងទៅលើការសិក្សា​ចំពោះភពលំដាប់ M-dwarf មួយចំនួន​ដែលគោចរនៅកៀកផ្កាយ​របស់ពួកវា ដែលមានទំហំតូចជាងព្រះអាទិត្យរបស់យើង។ ភពទាំងនោះគឺជាប្រភេទភពដែលគោចរជាលក្ខណៈ មួយចំហៀងបែរទៅរកផ្កាយរបស់ពួកវារហូត និងមួយចំហៀងទៀត​គឺយប់រហូតតែម្តង។

យោងតាមការសិក្សាខាងលើនេះ ទោះជាស្ថានភាពរបស់ភពទាំងនោះ​ខុសប្លែកទាំងស្រុងពីផែនដី និងភពអង្គារក្តី ប៉ុន្តែចរន្តខ្យល់ និងការចល័តធូលីខ្យល់ផ្ទុកទៅដោយសារធាតុរ៉ែ គឺមានការប្រែប្រួលយ៉ាងពិតប្រាកដ។ អ្នកស្រាវជ្រាវសន្មត់ថា ចរន្តខ្យល់ព្យុះធូលីនឹងជួយឲ្យតំបន់ពេលថ្ងៃ​របស់ភពទាំងនោះរក្សាសីតុណ្ហភាពបានល្អ និងជួយឲ្យតំបន់យប់របស់ភព មានកម្តៅសមរម្យ។

លោក Ian Boutle សាស្ត្រាចារ្យដឹកនាំការសិក្សានៅសាកលវិទ្យាល័យ University of Exeter បានលើកឡើងថា «នៅលើផែនដី និងភពអង្គារ ព្យុះធូលីបានធ្វើឲ្យផ្ទៃភពទាំងពីរប្រែប្រួលអាកាសធាតុជាពីរប្រភេទ នោះគឺក្តៅផង និងត្រជាក់ផង។ ប៉ុន្តែសម្រាប់ពពួកភព ដែលមួយចំហៀងរបស់វាបែរទៅរកព្រះអាទិត្យរហូតបែបនេះ គឺពិតជាខុសប្លែកពីភពរបស់ប្រព័ន្ធព្រះអាទិត្យយើង»។

ក្រុមអ្នកសិក្សាបានបន្តទៀតថា «នៅទីនោះ ផ្នែកងងឹតនៃភពទាំងនោះ គឺស្ថិតនៅពេលយប់ជារៀងរហូត ហើយឥទ្ធិពលនៃការឡើងកំដៅភព នឹងរលាយបាត់។ ចំណែកឯនៅពេលថ្ងៃវិញ ឥទ្ធិពលត្រជាក់នឹងរលត់ទៅវិញ។ ចលនាប្រែប្រួលនេះហើយ ទើបធ្វើឱ្យភពទាំងនោះមានសីតុណ្ហភាពល្មម ដូច្នេះវាធ្វើឱ្យភពទាំងនោះអាចឲ្យជីវិតរស់នៅបាន»។

គួរបញ្ជាក់ថា ការសិក្សាខាងលើនេះបានឲ្យជាលទ្ធផលថា ព្យុះ ឬខ្យល់ធូលី (Airborne dust) នៃភពមួយពិតជាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការប្រែប្រួលបរិយាកាសភពនោះ ពីព្រោះតែធូលីក៏មានផ្ទុកទៅដោយសារធាតុរ៉ែ និងអាចបង្កឲ្យបរិយាកាសកើនឡើងកម្តៅ ឬចុះត្រជាក់ផងដែរ។ ទោះបីជាយ៉ាងណា គេនៅតែមិនអាចកំណត់ច្បាស់តែម្តងថា ភពទាំងអស់ដូចបានសិក្សាខាងលើ មានផ្ទុកជីវិតតែម្តងនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here