(បរទេស)៖ ការសិក្សាទ្រង់ទ្រាយធំមួយបានបញ្ចេញលទ្ធផល​ដ៏គួរឲ្យភ្ញាក់ផ្អើលប្រចាំទសវត្សរ៍ថ្មីនេះតែម្តង នោះគឺអរិយធម៌អេលៀន​យ៉ាងហោចណាស់ជាង ៣០ កន្លែងឯណោះ កំពុងស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយវែបសាយ Independent របស់អង់គ្លេស​នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

ការសិក្សាថ្មីខាងលើនេះ គឺបានយោងទៅលើទ្រឹស្តីនៃការកកើតជីវិត​នៅលើភពផែនដីរបស់យើង ហើយបញ្ជ្រៀបទៅលើភពនានា​ដែលត្រូវបានគេសង្ស័យថា អាចកំពុងមានអរិយធម៌អេលៀន​កកើតឡើង ដែលសុទ្ធតែស្ថិតនៅក្នុងកាឡាក់ស៊ីយើងនេះដូចគ្នា។ ជាលទ្ធផលនៃការសិក្សាបានបង្ហាញឲ្យគ្រប់គ្នាឃើញថា ភពយ៉ាងហោចណាស់ជាង ៣០ នៅក្នុងកាឡាក់ស៊ី Milky Way អាចជាទីតាំងដែលពពួកអេលៀន កំពុងកសាងអរិយធម៌​​ និងកំពុងរង់ចាំយើងទៅស្វែងរក។

សាស្ត្រាចារ្យ Christopher Conselice នៃសាកលវិទ្យាល័យ Nottingham បានលើកឡើងថា «យ៉ាងហោចណាស់ភពជាង ៣០ កំពុងមានពួកអេលៀនកសាងអរិយធម៌យ៉ាងសកម្ម នៅក្នុងកាឡាក់ស៊ីយើងនេះ ដោយស្ថិតនៅក្នុងការសន្មត់ថា វាត្រូវការពេលយ៉ាងហោចណាស់ ៥ពាន់លានឆ្នាំ​សម្រាប់ជីវិតឆ្លាតវៃ អាចកកើតកូនចៅនៅលើភពទាំងនោះបាន មិនខុសពីជីវិតនៅលើភពផែនដីយើងឡើយ។ គំនិតនេះ គឺជាការសម្លឹងមើលទៅលើដំណើរវិវដ្ត ដោយប្រើប្រាស់ទម្រង់ខូស្មិច។ យើងអាចហៅរបៀបគណនានេះថា Astrobiological Copernican Limit (ដែនកំណត់គូភើនិកនៃតារាសាស្ត្រ និងជីវសាស្ត្រ)»។

ដែនកំណត់គូភើនិកនៃតារាសាស្ត្រ និងជីវសាស្ត្រ កើតចេញជាពីរទម្រង់នោះគឺទី ១ ដែនកំណត់ក្នុងទម្រង់ខ្សោយ (Weak Limit) ដោយវាមានន័យថា ជាទម្រង់នានានៃជីវិតឆ្លាតវៃ ដែលកកើតឡើងនៅលើភពណាមួយ ក្នុងពេលណាមួយបន្ទាប់ពី ៥ពាន់លានឆ្នាំមុន។ សម្រាប់ទី ២ វិញគឺដែនកំណត់ក្នុងទម្រង់ខ្លាំង (Strong Limit) នោះគឺទម្រង់នានានៃជីវិតឆ្លាតវៃ ដែលបានកកើតឡើងពីចន្លោះ ៤.៥ពាន់លានឆ្នាំ ទៅ ៥ពាន់លានឆ្នាំមុន។

ការសិក្សាបានកំណត់ទៀតថា ទម្រង់នៃជីវិតទាំងពីរខាងលើនេះ គឺតម្រូវឲ្យមានបរិស្ថានភពដែលពោពេញដោយលោហធាតុ ឬធាតុដែក។ វាមិនខុសពីមនុស្ស ដែលអាចមានការអភិវឌ្ឍអរិយធម៌លឿន ដោយសារតែព្រះអាទិត្យរបស់យើង​ពោពេញដោយលោហធាតុនោះឡើយ។ ការសិក្សានេះ គឺពិតណាស់ថា បានឆ្លងកាតការវិភាគខ្លាំងទៅលើផ្កាយរបស់ភពទាំងអស់នោះ ហើយប្រសិនបើផ្កាយទាំងនោះ មានធាតុផ្សំស្រដៀងៗព្រះអាទិត្យយើង នោះភពស្ថិតក្នុងគន្លងត្រឹមត្រូវ ដែលគោចរជុំវិញផ្កាយទាំងអស់នោះ ក៏អាចជាកន្លែងដែលពពួកជីវិតអេលៀន ងាយកសាងអរិយធម៌បានលឿន មិនខុសពីជីវិតនៅលើផែនដីនោះដែរ ឬក៏អាចខ្លាំងជាងផែនដីយើងឆ្ងាយផងក៏ថាបាន។

គួរបញ្ជាក់ថា តាមរយៈការសិក្សាអំពីបេក្ខភាពភពពិសេសៗ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ​សង្ស័យកន្លងមកនេះថា មានភាពអំណោយផលខ្លាំង​សម្រាប់ជីវិតក្នុងទម្រង់ណាមួយនោះ ក្រុមអ្នកវិទ្យាសាស្ត្រអាចកំណត់ចំនួនជាក់លាក់តែម្តង នោះគឺភពយ៉ាងហោចណាស់ក៏ ៣៦ ដែរដែលអាចមានពពួកអេលៀន​កំពុងកសាងអរិយធម៌ដូចនៅលើភពផែនដី។

ក្រុមអ្នកវិទ្យាសាស្ត្រអាចគណនាបានថា អរិយធម៌អេលៀនដាច់ស្រយាលបំផុត អាចស្ថិតនៅភពដែលមានចម្ងាយរហូតដល់ ១៧,០០០ឆ្នាំពន្លឺពីផែនដីយើង។ យ៉ាងណាក៏ដោយ​បេក្ខភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ក៏កំពុងស្ថិតនៅជិតយើងបំផុតដែរ នោះគឺភព Proxima b ដែលកំពុងគោចរជុំវិញផ្កាយ Proxima Centauri និងមានចម្ងាយ ៤.២ឆ្នាំពន្លឺពីផែនដីយើង។

Proxima b ទទួលបានថាមពលពន្លឺ ប្រហាក់ប្រហែលនឹងថាមពលដែលផែនដី​ទទួលពីព្រះអាទិត្យដែរ។ ហេតុដូច្នេះប្រសិនមានសារធាតុទឹក​នៅលើភពនោះ ជីវិតប្រាកដជាអាចកើតមាន។ ទោះជាបែបនេះក្តី​​ការសិក្សាអំពីធាតុផ្សំក្នុងបរិយាកាសរបស់ភពអេលៀន ដែលស្ថិតនៅជិតផែនដីយើងបំផុតមួយនេះ គឺកំពុងតែបន្តនៅឡើយ ដើម្បីឲ្យយើងអាចឈានទៅសន្មត់ថា វាមានលាក់ជីវិតឬអត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here