(អាមេរិក)៖ ទោះបីយាន Cassini បានកម្ទេចខ្លួនទៅក្នុងភពសៅរ៍បាត់ទៅហើយមែន ប៉ុន្តែទិន្នន័យដ៏ច្រើនអនេកដែលវាបានផ្តិតយកពីប្រព័ន្ធភពសៅរ៍ ជាពិសេសព្រះច័ន្ទយក្ស Titan នៅតែស្ថិតក្នុងការសិក្សា និងវែកញែករកលទ្ធផលនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ Space នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

ការសិក្សា និងចេញលទ្ធផលខាងលើនេះ គឺក្រោយពីមានការវិភាគលើរូបភាពរបស់ Titan ថតដោយយាន Cassini និងការប្រើប្រាស់តេឡេស្កូបរលកវិទ្យុ Arecibo នៅលើកោះ Puerto Rico និងតេឡេស្កូប Green Bank នៃរដ្ឋ West Virginia សហរដ្ឋអាមេរិក។ រូបភាពរបស់ Cassini បានបង្ហាញឲ្យយើងឃើញផ្ទៃនៃអឌ្ឍគោលខាងត្បូង Titan មានតំបន់មួយពណ៌ស និងភ្លឺជាងគេជាមួយនិងវិសាលភាព ៥,១៥០គីឡូម៉ែត្រក្រឡា។

ចំណុចភ្លឺៗនោះ តាមការពិតទៅជាបាតបឹង ឬសមុទ្រសារធាតុអ៉ីដ្រូកាបូន (hydrocarbon lakes and seas) ដែលបានរីងហួតទៅហើយនៅលើផ្ទៃ Titan ទើបវាអាចបញ្ចេញពណ៌ភ្លឺ​ឲ្យយាន Cassini ផ្តិតរូបភាពបានបែបនេះ។ ការសិក្សាថ្មីនេះពិតជាមានប្រយោជន៍ ព្រោះក្រុមអ្នកវិទ្យាសាស្ត្រនឹងអាចស្វែងយល់បន្ថែម អំពីប្រវត្តិនៃការវិវឌ្ឍបរិយាកាសរបស់ Titan ដែលជាព្រះច័ន្ទធំជាងគេលំដាប់លេខ ២ ប្រចាំប្រព័ន្ធព្រះអាទិត្យ និងមានកំហាប់បរិយាកាស​ក្រាស់ជាង​បរិយាកាសផែនដីរហូតដល់ទៅ ៥០%នោះ។

ការសិក្សាអំពីបម្រែបម្រួលបរិយាកាសរបស់ Titan ដែលពោពេញដោយនីដ្រូសែន (អាសូត) គឺពិតជាសំខាន់ ព្រោះក្រុមអ្នកវិទ្យាសាស្ត្រអាចយកព្រះច័ន្ទនេះជាឧទាហរណ៍ ដើម្បីសិក្សាស្វែងយល់ពីភពអេលៀនផ្សេងៗដែលត្រូវបានរកឃើញ ហើយអាចឲ្យយើងបានដឹងអំពីទម្រង់នៃបរិយាកាសរបស់ពួកវា មិនខុសពីការយកភពផែនដីជាគោល ក្នុងការវិភាគថា ភពអេលៀនណាមួយ​អាចទ្រទ្រង់ជីវិតនោះឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភពដើម៖ Space

LEAVE A REPLY

Please enter your comment!
Please enter your name here