(អឺរ៉ុប)៖ តាមពិតទៅអង្គការអវកាសអឺរ៉ុប ESA មានយានមួយគ្រឿងរួចទៅហើយ ដើម្បីត្រៀមបាញ់បញ្ចូនទៅភពអង្គារនៅឆ្នាំ២០២២ ដោយសហការជាមួយរុស្ស៊ីមានឈ្មោះថា ExoMars។ ប៉ុន្តែវាមិនថ្វីនោះទេ ព្រោះសល់ពេលច្រើនឆ្នាំទៀតដែរ ដូច្នេះពេលនេះអឺរ៉ុបកំពុងសិក្សា និងផលិតរ៉ូបូតថែម ១គ្រឿងទៀត​ដែលអាចនឹងត្រូវ​បាញ់បញ្ជូនទៅភពអង្គារនៅឆ្នាំ២០២៦ ស្ថិតក្នុងបេសកកម្មឈ្មោះ B2។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។

យានរ៉ូបូតថ្មីនេះមានឈ្មោះថា Fetch ដែលមានតួនាទីក្នុងការចល័ត និងជីកយកដុំថ្មពីភពអង្គារ រួចបាញ់បញ្ជូនវាត្រឡប់មកកាន់ភពផែនដីវិញ ឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវ។ ESA បានប្រគល់គំរោងនេះ​ទៅឲ្យក្រុមហ៊ុនអវកាស Airbus នៅអង់គ្លេស ធ្វើការសិក្សាដើម្បីឲ្យផែនការ B2 ក្នុងការផលិត​រ៉ូបូត Fetch អាចប្រព្រឹត្តទៅបាន។

គំរោងនាំយកដុំថ្មីពីភពអង្គារ ត្រឡប់មកកាន់ភពផែនដីនេះ គឺមិនមែនអឺរ៉ុបធ្វើតែឯងនោះឡើយ ដោយអង្គការ NASA របស់អាមេរិកទៅវិញទេ​ដែលជាអ្នកដឹកនាំផែនការនេះ ជាមួយដៃគូអឺរ៉ុប។ អង្គការ NASA នឹងបាញ់បង្ហោះយានថ្មីឈ្មោះ Perseverance ទៅកាន់ភពអង្គារ​នៅអំឡុងខែកក្កដា ឆ្នាំ២០២០ នេះតែម្តង​ដើម្បីបង្កើនការស្រាវជ្រាវលើភពអង្គារ និងសម្រួលដល់ការបាញ់បញ្ជូនដុំថ្មនៅភពអង្គារ​ត្រឡប់មកផែនដីវិញនៅប៉ុន្មានឆ្នាំបន្ទាប់ មិនមែនភ្លាមៗក្រោយវាទៅដល់នោះទេ។

គួរបញ្ជាក់ថា សម្រាប់ដំណើរការជារួមវិញនោះ គឺយាន Perseverance របស់អង្គការ NASA មានឧបករណ៍សម្រាប់ជីកយកដុំថ្ម ដែលមានសក្តានុពលណាមួយ​ រួចដាក់បញ្ចូលទៅក្នុងឧបករណ៍ផ្ទុក និងទម្លាក់វានៅលើដីភពអង្គារ។ បន្ទាប់មកទៀតរ៉ូបូត Fetch មានតួនាទីក្នុងការចល័តទៅយកឧបករណ៍ផ្ទុកដុំថ្មភពអង្គារនោះ ហើយដឹកនាំវាទៅដាក់ភ្ជាប់ជាមួយតួខ្លួនគ្រាប់រ៉ុក្កែត។ ក្រោយមករ៉ុក្កែតនឹងត្រូវបាញ់ចេញពីផ្ទៃភពអង្គារ​​ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រួចវានឹងហោះសំដៅទៅកាន់ផ្កាយរណបមួយ ដែលកំពុងត្រៀមចាំផ្ទេរទំនិញរួចជាស្រេច​នៅក្នុងគន្លងគោចរភពអង្គារ ហើយទើបផ្កាយរណបនោះ ដឹកនាំយកវាមកកាន់ភពផែនដី៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ BBC

LEAVE A REPLY

Please enter your comment!
Please enter your name here