(កាលីហ្វ័រញ៉ា)៖ ខណៈបេសកកម្មយាន យូរ៉ូប៉ាឃ្លីបភើ (Europa Clipper) កំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងត្រៀមបាញ់បញ្ចូនទៅព្រះច័ន្ទ យូរ៉ូប៉ា (Europa) នៃព្រហស្បតិ៍នៅអំឡុងទសវត្សរ៍២០២០នេះ ក្រុមអ្នកវិទ្យាសាស្ត្រលើផែនដី​ទើបតែបានរកឃើញអ្វីៗថ្មីបន្ថែមទៀត ដែលអាចគាំទ្រដល់ការសន្ឋិដ្ឋាន​រាប់ទសវត្សរ៍មកនេះថា មហាសមុទ្រទឹករាវដែលស្ថិតនៅក្រោមស្រទាប់ទឹកកករបស់ព្រះច័ន្ទ Europa អាចកំពុងលាក់ជីវិត​នៅក្នុងទម្រង់ណាមួយ ឬក៏មានអំណោយផល​សម្រាប់ជីវិតកកើតឡើង។

ការសន្និដ្ឋានប្រកបដោយអំណះអំណាង​ច្រើនជាងមុនខាងលើនេះ គឺបានយោងទៅលើការសិក្សាដោយប្រើកម្មវិធីកុំព្យូទ័រ ដើម្បីវិភាគអំពីសារធាតុផ្សំ នៅក្នុងមហាសមុទ្រក្រោមផ្ទាំងទឹកកករបស់ Europa។ ជាលទ្ធផលក្រោយការវិភាគ​ដោយមន្ទីរពិសោធន៍ JPL របស់អង្គការ NASA ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា មហាសមុទ្រទឹករវាវរបស់ Europa ប្រហែលជាអាចកកើតឡើង ដោយការបំបែកសារធាតុរ៉ែនានា ដែលមានផ្ទុកសារធាតុទឹកនៅក្នុងនោះ ក៏ដូចជាសារធាតុទ្រទ្រង់ជីវិតផងដែរ។

ជាការពិតណាស់ថា លទ្ធផលខាងលើនេះត្រូវបានយកទៅធ្វើបទបង្ហាញ នៅក្នុងសន្និបាត ហ្គោលស្កាមីដ (Goldschmidt) ឆ្នាំ២០២០ តាមរយៈប្រព័ន្ធអនឡាញ។ ទិន្នន័យពី Europa ដែលត្រូវបានយកមកសិក្សាជាបន្តបន្ទាប់នោះ គឺក្រុមការងារអង្គការ NASA បានទទួលពីបេសកកម្មផ្កាយរណប ហ្គាលីឡេអូ (Galileo) ដែលបានទៅដល់ប្រព័ន្ធភពព្រហស្បតិ៍​ដោយផ្ទាល់ និងតាមរយៈកែវយឺតអវកាស Hubble ដែលមានសមត្ថភាពផ្តិតយករូបភាព​នៃព្រះច័ន្ទទឹកកកនោះយ៉ាងច្បាស់ និងការប្រទះឃើញកំសួលទឹកផុសចេញពីផ្ទៃ Europa កាលពីឆ្នាំ២០១៦ ដែលបានក្លាយជាមូលដ្ឋានគ្រឹះ​ដ៏សំខាន់មួយក្នុងការសិក្សា។

ការសិក្សាខាងលើនេះ បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងថា មហាសមុទ្រនៃព្រះច័ន្ទទឹកកក Europa អាចត្រូវបានបង្កើតឡើងដោយ​ចលនាផ្លាស់ប្តូរនៃស្រទាប់ថ្ម នៅក្នុងផ្ទៃនៃព្រះច័ន្ទនេះ (ដោយសារឥទ្ធិពលនៃកម្លាំងទំនាញរវាងភពព្រហស្បតិ៍ និងស្នូល Europa) ដែលតែងតែបង្កឲ្យមានកម្តៅកើនឡើង និងអាចរំលាយទឹកកក ឬក៏ធ្វើឲ្យសារធាតុរ៉ែនានា​ដូចបានលើកឡើងខាងលើនេះរលាយក្លាយជាទឹករាវ។

ជុំវិញលទ្ធផលខាងលើនេះ បណ្ឌិត ម៉ូហ៊ីត មែលវ៉ានី ដាស្វានី (Mohit Melwani) Daswani ដែលដឹកនាំការស្រាវជ្រាវអំពី Europa បានលើកឡើងថា «យើងជឿជាក់ថា មហាសមុទ្រទឹករាវរបស់ Europa ពិតជាអាចទ្រទ្រង់ជីវិត…។ នៅប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ បេសកកម្ម Europa Clipper នឹងត្រូវបាញ់បង្ហោះ ហើយក្រុមការងារយើងនឹងធានាថា បេសកកម្មនេះអាចនឹងមានតួនាទី សម្រាប់ស្រាវជ្រាវលទ្ធភាពទ្រទ្រង់ជីវិតរបស់ Europa»៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Sky News (ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here