(អាមេរិក)៖ ទីបំផុតអ្វីដែលអ្នកស្រឡាញ់ភពផែនដីតែងសួរថា បើមានអាចម៍ផ្កាយមួយ​កំពុងហោះសំដៅមកផែនដី តើមនុស្សមានសមត្ថភាពបាញ់កម្ទេចដែរមួយក៏អត់នោះ ជិតទទួលបានចម្លើយពេញលេញហើយ ព្រោះពេលនេះអង្គការ NASA បានដាក់ឈ្មោះឲ្យអាចម៍ផ្កាយមួយ ដែលនឹងក្លាយជាវត្ថុពិសោធន៍ អំពីសមត្ថភាពបាញ់កម្ទេច ឬបង្វែទិសដៅវត្ថុអវកាសណាមួយ មុននឹងវាធ្លាក់មកលើភពផែនដី។ នេះបើតាមការដកស្រង់ព័ត៌មានពី Independent នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

ជាការពិតបេសកកម្ម DART មិនមែនជារឿងថ្មីឡើយ ប៉ុន្តែការចាប់ផ្តើមអនុវត្តវា​នោះទើបជារឿងសំខាន់។ អាចម៍ផ្កាយដែលអង្គការ NASA បានរកឃើញកាលពីជាង ២០ឆ្នាំមុននេះ​ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឲ្យថា Didymos ដែលវាមិនមែនមានតែមួយដុំនោះឡើយ ព្រោះអាចម៍ផ្កាយមួយដុំតូចមួយទៀត (អាចហៅថាព្រះច័ន្ទរបស់ Didymos ដែលគេដាក់ឈ្មោះថា Didymos B ឬ Dimorphos) ក៏ស្ថិតនៅជាប្រព័ន្ធជាមួយ Didymos ផងដែរ។

មូលហេតុដែលអង្គការ NASA ទើបតែរើសយក Didymos សម្រាប់ធ្វើជារបស់ពិសោធន៍នោះ ក៏ព្រោះពួកគេបានចំណាយពេលជាច្រើនឆ្នាំ សិក្សាអំពីចលនារបស់ Didymos និងព្រះច័ន្ទរបស់វា ហើយជាលទ្ធផលបានបង្ហាញថា វាមានគន្លងគោចរទៀតទាត់មួយ (ជាង ៣៤០លានគីឡូម៉ែត្រពីព្រះអាទិត្យ) ដែលអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រកំណត់ពេលជាក់​ដើម្បីធ្វើការពិសោធន៍ដ៏សំខាន់បំផុតលើវា។

Didymos មានមុខកាត់ប្រវែងចន្លោះពី ៣៩០-៧៨០ម៉ែត្រ ខណៈព្រះច័ន្ទរបស់វាគឺ Didymos B មានទំហំប៉ុនប្រាសាទពីរ៉ាមីតធំបំផុតនៅទីក្រុងជីសា របស់អេហ្សីប (មុខកាត់ជាង ២០០ម៉ែត្រ)។ Didymos ត្រូវបានគេគណនាថា នឹងគោចរមកជិតផែនដីបំផុតក្នុងគម្លាតជិតបំផុត ៥.៩លានគីឡូម៉ែត្រ​នៅក្នុងឆ្នាំ២១២៣។ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ វត្ថុអវកាសទំហំធំ​ដែលហោះមកកៀកផែនដីក្រោមគម្លាត ៧លានគីឡូម៉ែត្រ នោះនឹងត្រូវចាត់ទុកថា មានលទ្ធភាពអាចគំរាមកំហែងផែនដីបាន។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ បើតាមការគ្រោងទុកទីភ្នាក់ងារអវកាស NASA នឹងចេញបេសកកម្មមួយឈ្មោះថា Double Asteroid Redirection Test ហៅកាត់ DART ដើម្បីឲ្យស្ទាក់អាចម៍ផ្កាយជាប្រភេទ NEO (នៅជិតៗផែនដី) ក្រោមការធ្វើតេស្តវិធីសាស្រ្តមួយ ដែលអាចនឹងត្រូវយកទៅប្រើប្រាស់ ក្នុងការបង្វែរទិសដុំអាចម៍ផ្កាយ ដែលអាចបង្កការគំរាមកំហែងដល់ភពរបស់យើង។ វិធីសាស្ត្រនោះ គឺជាការបញ្ចូនយានអវកាសផ្ទុកដោយគ្រឿងផ្ទុះ ហើយទម្លាក់ទៅលើអាចម៍ផ្កាយនោះ​ ឲ្យចំកន្លែងដែលអាចរុញច្រានគន្លងគោចររបស់វា ឲ្យកាន់តែឃ្លាតឆ្ងាយពីផែនដី៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Independent (ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here