(បរទេស)៖ ជាការពិតណាស់ ការនិយាយអំពីប្រហោងខ្មៅ (Black Hole) ពីររួមបញ្ចូលគ្នា គឺមិនមែនជារឿងថ្មីនោះឡើយ ប៉ុន្តែសកម្មភាពនៃការរួមបញ្ចូលគ្នា​របស់បាតុភូតអវកាសដ៏មហាអស្ចារ្យនោះទៅវិញទេ ទើបជារឿងដែលគ្រប់គ្នាចង់ដឹង។ ពាក្យថាប្រហោងខ្មៅមួយមាត់ គឺមានន័យថា យើងមិនអាចមើលឃើញវាឡើយ ដោយតេឡេស្កូបនានាអាចដឹងថា មានប្រហោងខ្មៅនៅតំបន់ណាមួយនៃកាឡាក់ស៊ីឬអត់ អាស្រ័យទៅលើការអង្កេតអំពីបម្រែបម្រួល នៃចានឌីសធូលីប្រកបដោយពន្លឺ​ ដែលស្ថិតនៅជុំវិញតំបន់ងងឹតណាមួយ នោះទើបគេអាចសន្និដ្ឋានថា វាជាប្រហោងខ្មៅ។

ក្រុមតារាវិទូដែលប្រើប្រាស់តេឡេស្កូបអុកទិក និងតេឡេស្កូបមានសមត្ថភាពចាប់យក​រលកទំនាញពីទីអវកាសមានឈ្មោះថា Ligo បានឲ្យដឹងថា ពួកគេទំនងជាបានប្រទះឃើញ ការរួមបញ្ចូលគ្នានៃប្រហោងខ្មៅពីរ កាលពីមួយឆ្នាំមុន ដែលព្រឹត្តិការណ៍នោះបង្កឲ្យមានពន្លឺជះចេញ ក្នុងកម្រិតភ្លឺជាងព្រះអាទិត្យដល់​រាប់ពាន់ពាន់លានដងឯណោះ។ ពន្លឺជះចេញយ៉ាងសាហាវនោះ គឺត្រូវបានក្រុមតារាវិទូ​សន្មត់ថា មានប្រភពមកពីប្រហោងខ្មៅពីរមិនស្គាល់ អត្តសញ្ញាណ ចម្ងាយ និងប្រភពច្បាស់លាស់ ដែលបានរួមបញ្ចូលគ្នា។

ពន្លឺដែលជះចេញខ្លាំងបែបនេះ ក៏ត្រូវបានក្រុមតារាវិទូគណនាផងដែរថា អាចបង្កើតឡើងនៅពេលប្រហោងខ្មៅធំពីររួមចូលគ្នា ហើយនៅពេលនោះបណ្តុំរង្វង់ធូលី និងឧស្ម័នដ៏ក្តៅគគុកបានទង្គិចគ្នាយ៉ាងកម្រោលបំផុត បង្កទៅជាពន្លឺភ្លឺចិញ្ចាចគ្មានគូប្រៀប នៅក្នុងទីអវកាសដែលឥតព្រំដែន ហើយវាប្រាកដណាស់ថា តេឡេស្កូបលើផែនដី​មានលទ្ធភាពដឹងអំពីបាតុភូតដ៏មហាអស្ចារ្យនោះបាន។

សាស្ត្រាចារ្យ Matthew Graham អ្នកស្រាវជ្រាវផ្នែកតារាសាស្ត្រ​នៃវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រហោងខ្មៅដ៏ធំមហិមាមួយនេះ បានកើតចេញពីការបុកបញ្ចូលគ្នាកាលពីប៉ុន្មានឆ្នាំមុន មុនពេលមានការបញ្ចេញនូវពន្លឺភ្លើងយ៉ាងខ្លាំង។ ដូច្នេះយើងសន្មត់ថា វាជាការរួមបញ្ចូលគ្នានៃប្រហោងខ្មៅ»។ បន្ថែមពីនេះ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ​ទីក្រុងញូយ៉កលោកស្រី Saavik Ford ក៏បានបង្ហាញទស្សនដូចគ្នានេះដែរ និងថែមទាំងបញ្ជាក់យ៉ាងខ្លីថា «ពួកយើងច្បាស់ ៩៩.៩%។ មន្ទិលសង្ស័យ គឺស្ទើរតែគ្មានទៀតឡើយ»។

គួរបញ្ជាក់ថា ទោះបីជាការសិក្សាខាងលើនេះ ហាក់ដូចជាច្បាស់លាស់ទៅហើយក្តី ប៉ុន្តែគ្រប់គ្នានៅតែត្រូវការ​ឯកភាពគ្នាជារួម។ ដូច្នេះការអង្កេតរកប្រហោងខ្មៅទើបរួមបញ្ចូលគ្នា ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា J1249+3449 ជាមួយនឹងមុខកាត់ជិត ១ពាន់លានគីឡូម៉ែត្រខាងលើនេះ នៅតែបន្តទៅមុខទៀត។ ប្រហោងខ្មៅទាំងពីរមុនរួមបញ្ចូលគ្នា គឺមួយៗមានម៉ាស់ស្មើនឹងព្រះអាទិត្យយើងគុណនឹង ១៥០លានដង។ នៅពេលពួកវារួមបញ្ចូលគ្នា ដោយការបុកបញ្ច្រាស់ទិស វាមិនខុសអ្វីពីរុញច្រានឲ្យធូលី និងឧស្ម័ននៅជុំវិញខ្លួនពួកវាប៉ះទង្គិចគ្នា និងឆេះកញ្ជ្រោលខ្លាំងឡើង​ នាំឲ្យទីអវកាសជុំវិញវាទទួលរងឥទ្ធិពលនោះឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ The Guardian (ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here