(ភ្នំពេញ)៖ ពិភពលោកនៅតែបន្តភាពជ្រួលច្របល់​ដោយសារជំងឺកូវីដ-១៩ ដែលកំពុងបំផ្លិចបំផ្លាញមនុស្សស្ទើរគ្រប់ច្រកល្ហក និងគ្រប់វិស័យ ប៉ុន្តែសម្រាប់ទីអវកាស​ក្រៅពីភពផែនដីវិញ អ្វីៗនៅតែមានសភាពធម្មតា និងវិវឌ្ឍទៅតាមការគណនា។ ខាងក្រោមនេះ គឺជាកម្រងរូបភាពបង្កប់ទៅអត្ថន័យពិសេសៗចំនួន ៥ សន្លឹក​សម្រាប់លោកអ្នកទស្សនាកម្សាន្ត និងស្វែងយល់មុនពេលចូលគេង៖

១៖ រូបភាពមួយនេះត្រូវបានថតដោយ Hubble កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដែលបង្ហាញអំពីផ្កាយក្មេងមួយ ទើបតែចាប់កំណើត នឹងត្រូវបានមនុស្សដាក់ឈ្មោះឲ្យថា HBC 672 និងស្ថិតនៅក្នុងបណ្តុំពពកធូលីនេបូឡា Serpens Nebula។ បណ្តុំពពកមានរាងជាចាសឌីស ដែលព័ទ្ធជុំវិញផ្កាយក្មេង (ផ្កាយធំជាងគេខាងស្តាំនៃរូប) គឺសុទ្ធតែជាភព​ដែលកំពុងចាប់កំណើត និងមានវិសាលភាពធំជាងប្រព័ន្ធព្រះអាទិត្យយើង​រហូតដល់ទៅ ២០០ដងឯណោះ។

២៖ រូបភាពនេះត្រូវបានថតដោយផ្កាយរណបអង្កេតផែនដី NASA-NOAA Suomi NPP ដែលបង្ហាញអំពីព្យុះខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក​​ជះទៅលើមហាសមុទ្រអាត្លង់ទិក និងកំពុងធ្វើដំណើរទៅដែនដីអាមេរិកខាងជើង។

៣៖ រូបភាពនេះត្រូវបានថតដោយតេឡេស្កូបអវកាស Hubble ដែលបង្ហាញអំពីបណ្តុំពពកនេបូឡាមួយ មានរាងដូចជាសត្វមេអំបៅ។

៤៖ រូបភាពដែលបញ្ចេញដោយវិទ្យាស្ថាន Caltech របស់ NASA ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​មួយសន្លឹកនេះ គឺជាព្រះច័ន្ទទឹកកក Europa នៃភពព្រហស្បតិ៍ ដែលមានស្រទាប់ទឹកកកស្រោបជុំវិញវា មានកម្រាស់ចន្លោះពី ៣ ទៅ ១០គីឡូម៉ែត្រ។ ស្នាមក្រវេមក្រវាមនៅលើផ្ទៃលើរបស់វានោះ គឺជាពណ៌នៃធូលី និងសារធាតុនានាផ្សេងទៀតដិតដាននៅជាមួយផ្ទៃទឹកកក ដែលមាននៅគ្រប់ទីកន្លែងទាំងអស់ លើផ្ទៃព្រះច័ន្ទមួយនេះ។

៥៖ ចាំបានសូរ្យគ្រាសលើតំបន់អាស៊ី មជ្ឈិមបូព៌ា និងអាហ្វ្រិកកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ដែរឬទេ? នេះគឺជារូបភាព​ដែលត្រូវបានថតដោយអវកាសយានិក​អង្គការ NASA ចេញពីស្ថានីយអវកាសអន្តរជាតិ ISS។ ស្រមោលខ្មៅមួយដុំ នៅលើផ្ទៃពពក និងផែនដីនោះហើយ គឺជាប្រមោលរបស់ព្រះច័ន្ទ។

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
រូបភាព៖ Space/ NASA/ ESA

LEAVE A REPLY

Please enter your comment!
Please enter your name here