(ញូដេលី)៖ ព្រឹត្តិការណ៍អាចម៍ផ្កាយហោះឆ្លងកាត់ផែនដី មិនមែនជារឿងថ្មីឡើយ ប៉ុន្តែបើវាហោះមកគន្លងជិតជាងព្រះច័ន្ទនោះ ទើបជារឿងដែលគួរឲ្យព្រឺព្រួច ជាពិសេសពេលដែលយើងដឹងថា អ្នកជំនាញបានគណនាខុស អំពីថ្ងៃដែលវាមកដល់។ នេះបើតាមការចេញផ្សាយដោយ India Times ដែលត្រូវបានដកស្រង់នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

តាមពិតទៅក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញពាក់ព័ន្ធ បានកំណត់ថ្ងៃចាប់សកម្មភាពអាចម៍ផ្កាយ 2020 LD ដែលមានប្រវែងមុខកាត់ជិត ១០០ម៉ែត្រ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែវាបែរជាបានមកដល់ពីរថ្ងៃមុនការរំពឹងទុក។ 2020 LD ចល័តក្នុងល្បឿនជាង ១សែនគីឡូម៉ែត្រក្នុងមួយម៉ោង (60,826 miles per hour) ស្ថិតចម្ងាយ ៨០% នៃចម្ងាយរវាងព្រះច័ន្ទ និងផែនដី (បើព្រះច័ន្ទនៅចម្ងាយ ៣៨៤,៣១៧គីឡូម៉ែត្រពីផែនដី នោះអាចម៍ផ្កាយ 2020 LD ស្ថិតនៅចម្ងាយ ៣០៧,៤៥៤គីឡូម៉ែត្រពីផែនដី)។

គួរបញ្ជាក់ថា 2020 LD គឺជាអាចម៍ផ្កាយធំបំផុតហើយ ដែលបានមកកៀកផែនដីខ្លាំងជាងគេ នៅក្នុងឆ្នាំ២០២០នេះតែម្តង ហើយបើយោងតាមវែបសាយ Earth Sky វាក៏ជាអាចម៍ផ្កាយក្នុងទំហំធំមួយ​ដែលបានហោះមកកៀកផែនដីខ្លាំង មិនធ្លាប់មានតាំងពីឆ្នាំ២០១១ផងដែរ។ តាមពិតទៅ 2020 LD ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ និងតារាវិទូនៅរដ្ឋហាវ៉ៃ​រំពឹងថានឹងហោះឆ្លងកាត់តំបន់ចន្លោះផែនដី និងព្រះច័ន្ទនៅថ្ងៃទី០៧ ខែកក្កដា កន្លងទៅនេះ ប៉ុន្តែវាបានមកមុនកាលកំណត់ ២ថ្ងៃ។ នេះអាចជារឿងសោកស្តាយ និងប្រកបដោយគ្រោះថ្នាក់ ចំពោះការគណនាខុសបែបនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)

LEAVE A REPLY

Please enter your comment!
Please enter your name here