(អាហ្វ្រិក)៖ វាជាតំបន់ត្រីកោណកំពុងមានការសិក្សាយ៉ាងក្តៅគគុកមួយ ស្ថិតនៅភាគខាងកើតទ្វីបអាហ្វ្រិកឈ្មោះថា តំបន់ Afar ព្រោះនៅក្រោមផ្ទៃដីតំបន់នោះ ស្រទាប់របស់វាចាប់ផ្តើមប្រេះរហែកជាបណ្តើរៗហើយ ដែលនាំឲ្យក្រុមអ្នកសិក្សាធ្វើការសន្និដ្ឋានថា មហាសមុទ្រថ្មីមួយទៀតនឹងលេចរូបរាងឡើង។

ទីវាលមួយដែលជាតំបន់ស្ងប់ស្ងាត់ និងប្រជុំទៅដោយភ្នំតូចៗនៅលើស្រទាប់តិចតូនិក ០៣ប្រសព្វគ្នា ពេលនេះត្រូវបានមើលឃើញការរសាត់ឃ្លាតចេញពីគ្នាបន្តិចម្តងៗ ហើយបាតុភូតដ៏ស្មុគស្មាញនេះ ត្រូវបានក្រុមអ្នកសិក្សាគណនាថា នឹងអាចធ្វើឲ្យទ្វីបអាហ្វ្រិករហែកជាពីរ និងបង្កើតចេញទៅជាមហាសមុទ្រថ្មីមួយ នៅរយៈពេលប៉ុន្មានលានឆ្នាំខាងមុខ ប៉ុន្តែនាពេលបច្ចុប្បនេះ ស្នាមប្រេះដែលមានបណ្តោយជិត ៦០គីឡូម៉ែត្រ​នៅលើវាលខ្សាច់មួយនៃប្រទេសអេត្យូពី គឺជាភស្តុដ៏ធំធេងដែលបង្ហាញអំពី ដំណើរទៅរកអ្វីដែលដូចការព្យាករណ៍នោះហើយ។

ស្រទាប់តិចតូនិកជាស្រទាប់​ក្រាស់ដែលស្រោបជុំវិញភពផែនដី ដែលមានកម្រាស់រហូតដល់ ១០០គីឡូម៉ែត្រ និងចែកចេញជាពីរគឺស្រទាប់សំបកស៊ីម៉ា ឬមហាសមុទ្រ (sima ឬ ocean crust ផ្សំពីស៊ីលីខុន និងម៉ាញេស្យូម) និងស្រទាប់មួយទៀតគឺសំបកទ្រនរទ្វីប (continental crust ផ្សំពីស៊ីលីខុន និងអាលុយមីញ៉ូម)។ នៅត្រង់ទ្វីបអាហ្វ្រិកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការសិក្សា អស់ជាច្រើនទសវត្សរ៍មកហើយ ដោយប្រើប្រាស់ផ្កាយរណបដែលមានបំពាក់ឧបករណ៍ អាចឲ្យយើងពិនិត្យទៅក្នុងស្រទាប់សំខាន់ៗទាំងនេះ ហើយបានឃើញអំពីតំរុយនៃការកកើត​មហាសមុទ្រថ្មី នៅតំបន់ដែលត្រូវបានចាត់ទុកថា ពិសេសជាងគេលើផែនដីនេះ។

ជុំវិញការសិក្សាខាងលើនេះ និស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ Leeds ដ៏ល្បីល្បាញរបស់អង់គ្លេសលោក Christopher Moore បានលើកឡើងថា «វាជាកន្លែងតែមួយគត់នៅលើផែនដីនេះ ដែលយើងអាចមើលឃើញទ្វីបរហែកជាបណ្តើរៗ ហើយក្លាយទៅជាមហាសមុទ្រ»។ ការរកឃើញដំណើរបង្កើតមហាសមុទ្រថ្មីនេះ គឺក្រោយពីផ្កាយរណបរបស់អន្តរជាតិ បានធ្វើការអង្កេតទៅលើសកម្មភាពភ្នំភ្លើង នៅតំបន់ភាគខាងកើតទ្វីបអាហ្វ្រិក ដែលពិតផ្សារភ្ជាប់ដ៏សំខាន់ ទៅលើសកម្មភាពបំបែកទ្វីប។

គួរបញ្ជាក់ថា យ៉ាងហោចក៏តំបន់ខាងលើនេះត្រូវការពេលពី ៥ ទៅ ១០លានឆ្នាំទៀតដែរ​ទើបអាចឲ្យមហាសមុទ្រលេចរូបរាងឡើងទៅរួច ខណៈតំបន់ត្រីកោណ Afar គឺស្ថិតនៅព្រំប្រទល់តំបន់ខ្ពង់រាប Nubia, Somalia និង Arab ដែលពិតជាពិសេសណាស់​សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្ររាប់ជំនាន់ទៅមុខ ធ្វើការសិក្សាអំពីដំណើរការប្រែប្រួល​ស្រទាប់តិចតូនិកយ៉ាងល្អិតល្អន់។

តំបន់ខ្ពង់រាបអារ៉ាប់ (Arabian Plate) ត្រូវបានគេដឹងថា បានរសាត់ចេញពីទ្វីបអាហ្វ្រិកបន្តិចម្តងៗ ដែលបាតុភូតនេះហើយទើបបង្កើតចេញជាសមុទ្រក្រហម (Red Sea) និងឈូងសមុទ្រអាដែន (Gulf of Aden) នៅចន្លោះផ្ទៃដីដ៏ធំធេង​ទាំងពីផ្នែកនេះ។ ប៉ុន្តែតំបន់ខ្ពង់រាបសូម៉ាលី (Somali Plate) ដែលស្ថិតនៅភាគខាងកើតអាហ្វ្រិក ក៏កំពុងតែឃ្លាតចេញពីតំបន់ខ្ពង់រាបនូបៀរ (Nubian Plate) ដូចគ្នាដែរ ដោយវាក៏ជាការឃ្លាតចេញពីជ្រលង Rift នៃតំបន់អាហ្វ្រិកខាងកើត ដែលលាតសន្ធឹងកាត់ប្រទេសអេត្យូពី និងកេនយ៉ាផងដែរ។ យ៉ាងណាក៏ដោយ កម្លាំងដែលរុញច្រានបាតុភូតនេះឡើង គឺមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ សារព័ត៌មានអាមេរិក NBC News (ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here