(អឺរ៉ុប)៖ នៅទីបំផុតក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញរូបថតប្រព័ន្ធផ្កាយមួយ ដែលមានភពគោលចរជុំវិញស្រដៀងនឹងព្រះអាទិត្យ​របស់យើងដែរ និងស្ថិតនៅចម្ងាយ ៣០០ឆ្នាំពន្លឺពីភពផែនដី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Independent នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

វាជាលើកដំបូងបំផុតហើយ សម្រាប់វិស័យតារាសាស្ត្រអន្តរជាតិ ដែលក្រុមអ្នកវិទ្យាសាស្ត្របានបញ្ចេញរូបថត បង្ហាញអំពីប្រព័ន្ធផ្កាយដទៃ​មានភពកំពុងគោចរជុំវិញលើសពី ១ បែបនេះ។ រូបភាពពិតៗ (មិនមែនបង្កើតឡើងដោយទិន្នន័យកុំព្យូទ័រ) ដែលបង្ហាញអំពីភពលើសពី១ កំពុងគោចរជុំវិញផ្កាយមេរបស់ពួកវាបែបនេះ គឺអាចចាត់ទុកថាកម្របំផុត ឬមិនធ្លាប់កើតមាននោះឡើយ។

យ៉ាងណាក៏ដោយ សមត្ថភាពនៃការផ្តិតយករូបថតខាងលើ ដោយប្រើប្រាស់ឧបករណ៍ SPHERE បំពាក់ជាមួយតេឡេស្កូបយក្ស (Very Large Telescope) របស់អង្គការអឺរ៉ុប ESO (European Southern Observatory) គឺពិតជាសោមាសមួយដ៏ធំ ដែលអាចឲ្យក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រ​យកធ្វើជាវិធីសាស្ត្រដើម្បីសិក្សាអំពីរបៀបនៃការកកើតផ្កាយ និងភពនានានៅក្នុងកាឡាក់ស៊ីរបស់យើង។

គួរបញ្ជាក់ថា ប្រព័ន្ធផ្កាយស្រដៀងព្រះអាទិត្យយើង ដែលស្ថិតនៅចម្ងាយ ៣០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ពាន់ពាន់លានគីឡូម៉ែត្រ) ខាងលើនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា TYC 8998-760-1។ បើតាមរូបភាពដែលបាន​បង្ហាញថា គឺយើងអាចឃើញផ្កាយមួយនៅចំកណ្តាល និងមានភពពីរ (ដូចសញ្ញាព្រួញបានចង្អុលបង្ហាញ) គោចរនៅជុំវិញវា។

បើតាមអ្នកស្រាវជ្រាវជនជាតិប៊ែលហ្សិកឈ្មោះ Maddalena Reggiani នៃវិទ្យាស្ថាន KU Leuven ដែលជាសមាជិកក្រុមស្រាវជ្រាវរបស់ ESO ខាងលើនេះដែរបាននិយាយថា «ក្រុមរបស់យើងឥឡូវនេះ អាចមានសមត្ថភាពថតបានរូបភាព ភពឧស្ម័នយក្សចំនួន ២ ដែលកំពុងគោចរជុំវិញតារាក្មេងមួយ មានលក្ខណៈស្រដៀងព្រះអាទិត្យយើង។ វាមានអាយុក្មេងទើបតែ ១៧លានឆ្នាំប៉ុណ្ណោះ ដូច្នេះវាស្រដៀងៗនឹងព្រះអាទិត្យ កាលពីទើបមានវ័យក្មេងនោះដែរ»។

បើតាមអ្នកស្រាវជ្រាវ Reggiani ភពឧស្ម័នយក្សទាំងពីរខាងលើនេះ គឺមានលក្ខណៈខុសពីភពផែនយើងខ្លាំង ដោយពួកវាស្រដៀងនឹងភពព្រហស្បតិ៍ សៅរ៍ ណិបទូន និងអ៊ុយរ៉ាណូសទៅវិញ ហើយក្នុងចំណោមនោះ ភពទី ១ គោចរចម្ងាយ ២.៤ពាន់គីឡូម៉ែត្រពីផ្កាយរបស់វា និងភពទី ២ គោចរចម្ងាយ ៤.៨ពាន់លានគីឡូម៉េត្រពីផ្កាយរបស់វា។

រាប់ទសវត្សរ៍មកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភពរាប់ពាន់មកហើយ ដែលកំពុងគោចរនៅជុំវិញផ្កាយនានា នៅក្នុងកាឡាក់ស៊ីមាលគីវេយ៍ (Milky Way) របស់យើងនេះ ប៉ុន្តែពួកវាភាគច្រើនត្រូវបានរកឃើញ តាមរយៈការប្រើប្រាស់វិធីសម្ងំអង្កេតពន្លឺផ្កាយ នៅភពគោចរឆ្លងកាត់ (transit) និងបាំងពន្លឺផ្កាយទាំងនោះប៉ុណ្ណោះ ដូច្នេះវាមានន័យថា ក្រុមអ្នកវិទ្យាសាស្ត្រមិនបានឃើញភពទាំងនោះផ្ទាល់ ដូចរូបថតពេលនេះ​ដែលត្រូវបានបង្ហាញដោយ ESO ឡើយ៕

ប្រែសម្រួល និងរក្សាសិទ្ធិ៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភពដើម៖ Independent (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here