(វ៉ាស៊ីនតោន)៖ នៅវេលាម៉ោង ៧៖៥០នាទីព្រឹក (ម៉ោងនៅផ្លរីដា) ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ អង្គការ NASA នៃសហរដ្ឋអាមេរិក​បានធ្វើការបាញ់បង្ហោះយានស្រាវជ្រាវ Perseverance សំដៅទៅភពអង្គារ ដើម្បីធ្វើការសិក្សាស្វែងយល់​អំពីដាននៃជីវិត ដែលអាចកើតមានកាលពីអតីតកាល នៅលើភពក្រហម​ដែលមានចម្ងាយរាប់លានគីឡូម៉ែត្រពីផែនដីយើងនោះ។

បេសកកម្ម Perseverance ដែលមានយានប៉ុនរថយន្តមួយគ្រឿង, ឧទ្ធម្ភាគចក្រខ្នាតតូចមួយគ្រឿង និងឧបករណ៍ស្រាវជ្រាវសំខាន់ៗ​បំពាក់នៅក្នុងខ្លួនយានជាចង្កោមតែម្តង ត្រូវបានដឹកនាំដោយគ្រាប់រ៉ុក្កែត Atlas V របស់ក្រុមហ៊ុន United Launch Alliance ចេញពីមូលដ្ឋានទ័ពអាកាស Cape Canaveral នៅពេលវេលាព្រឹកថ្ងៃទី៣០ ខែកក្កដា ដោយវានឹងត្រូវធ្វើដំណើរយ៉ាងហោចណាស់ ៧ខែទើបទៅដល់គោលដៅ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១ រួចនឹងធ្វើការចុះចតក្នុងរណ្តៅ Jzero ស្ថិតនៅអឌ្ឈគោលខាងជើង នៃភពអង្គារ។

ប្រធានអង្គការ NASA លោក Jim Bridenstine បាននិយាយនៅមុនការបាញ់បង្ហោះយាន Perseverance នោះថា «វាពិតជាពេលវេលាមួយដ៏គួរឲ្យរំភើបខ្លាំងក្រៃលែង។ យានមួយនេះពិតជាបេសកកម្ម​ដ៏សំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក ហើយវាក៏ពិតណាស់ជាសំខាន់ខ្លាំងបំផុត​សម្រាប់ពិភពលោកទាំងមូលដែរ»។

គួរបញ្ជាក់ថា នៅអំឡុងពេលនៃការបាញ់បង្ហោះយាន Perseverance ទីស្នាក់ការគ្រប់គ្រងបេសកកម្ម ដែលស្ថិតនៅទីក្រុង Pasadena រដ្ឋកាលីហ្វ័រញ៉ា​ឯណោះវិញ បានរងគ្រោះធម្មជាតិរញ្ជួយដីតិចៗ ដែលនាំឲ្យគ្រប់គ្នាមានការរំភើបផង និងរន្ធត់ផងក្នុងពេលតែមួយតែម្តង។ អង្គការ NASA ចាប់ផ្តើមស្រាវជ្រាវភពអង្គារ តាំងតែពីទសវត្សរ៍ ១៩៧០ មកម្ល៉េះ ប៉ុន្តែសម្រាប់បេសកកម្ម​ដើម្បីសិក្សាអំពីជីវិតលើភពអង្គារ និងនាំយកគំរូតាងជាដុំថ្ម ឬដី​ត្រឡប់មកកាន់ផែនដីវិញនេះ គឺពិតជាមហិច្ឆតាដ៏ធំធេងថ្មីមួយទៀត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space (ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here