(អឺរ៉ុប)៖ បណ្តុំពពករាងទ្រវែង​បានលេចឡើងជាថ្មីទៀតហើយ ទៅតាមអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្របានគិតទុកជាមុន នៅពីលើភ្នំភ្លើងរបស់ភពអង្គារ ហើយរូបភាពថ្មីនេះត្រូវបានថតដោយផ្កាយរណប Mars Express កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ពពកចម្លែកនេះ តែងតែកកើតឡើងជាទៀងទាត់ នៅពីលើភ្នំភ្លើងដដែល ហើយនៅទីបំផុតក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឲ្យវាថា Arsia Mons Elongated Cloud ឬអាចហៅបានយ៉ាងខ្លីថា AMEC។

បណ្តុំពពករាងទ្រវែងនេះ គឺបានលេចឡើងនៅលើភ្នំភ្លើង Arsia ដែលស្ថិតនៅភាគអាគ្នេយ៍នៃភ្នំភ្លើងយក្ស Olympus ដ៏ល្បីល្បាញបំផុត របស់ភពក្រហមមួយនេះ។ ទោះបីជាខ្សែពពកនោះ តែងតែបង្ហាញខ្លួននៅពីលើភ្នំភ្លើង Arsia ក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា វាមិនមែនត្រូវបានបង្កើតឡើង ដោយភ្នំភ្លើងស្លាប់មួយនោះឡើយ។ ជាក់ស្តែងផ្កាយរណបអង្កេតការរបស់អឺរ៉ុប Mars Express អាចកំណត់បានថា ពពកចម្លែកមួយនេះតែងតែលេចឡើង ទៅតាមកាលកំណត់ក្នុងមួយឆ្នាំៗនៃភពអង្គារ ដោយផ្កាយរណបអឺរ៉ុបត្រូវរង់ចាំអង្កេតបន្តទៀត ដើម្បីបកស្រាយអាថ៌កំបាំងរបស់វាបន្ថែម។

ជុំវិញការអង្កេតខាងលើនេះ អ្នកស្រាវជ្រាវឈ្មោះ Jorge Hernandez-Bernal នៃសាកលវិទ្យាល័យ Basque Country ប្រទេសអេស្ប៉ាញ បានចេញសេចក្តីថ្លែងការណ៍​មួយ ក្នុងនាមអង្គការអវកាសអឺរ៉ុប ESA យ៉ាងដូច្នេះថា «យើងបាននិងកំពុងស៊ើបអង្កេត លើបាតុភូតដ៏គួរឱ្យចាប់អារម្មណ៍នេះ ហើយយើងក៏រំពឹងផងដែរថា នឹងមើលឃើញការកកើតពពកដូចនេះ ចាប់ពីឥឡូវនេះទៅ។ ពពកដ៏វែងនេះ តែងតែបង្កើតឡើងជារៀងរាល់ឆ្នាំនៃភពអង្គារ នៅតំបន់ខាងលើនេះ ហើយវាអាចលេចរូបរាងឡើងវិញទៀត នៅក្នុងរយៈពេល ៨០ថ្ងៃ ឬក៏យូរជាងនេះក៏មានដែរ។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងថា តើពពកទ្រវែងមួយនេះ ពិតជាបាតុភូតដ៏គួរឲ្យចាប់អារម្មណ៍មែន ឬក៏យ៉ាងណាឡើយ»។

យោងតាមទិន្នន័យរបស់ ESA ពពកខាងលើនេះ​មានបណ្តោយប្រវែងរហូតដល់ទៅ ១,៨០០គីឡូម៉ែត្រ។ ពពកមានឈ្មោះ AMEC នេះត្រូវបានផ្សំឡើងដោយទឹកកក ហើយអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រអាចសន្មត់បាននោះ គឺវាមិនមែនត្រូវបានបង្កើតឡើងដោយភ្នំភ្លើង Arsia នោះឡើយ ប៉ុន្តែវាអាចកកើតឡើងដោយសារចរន្តខ្យល់ ដែលបោកបក់ពពកឲ្យប្រមូលផ្តុំ នៅក្នុងតំបន់ភូមិសាស្ត្រ​ដ៏ពិសេស នៅលើភពអង្គារខាងលើនេះ។ ដោយសារវាតែងតែកកើតឡើង នៅរយៈពេលប៉ុន្មានម៉ោងនៅពេលព្រឹក​លើភពអង្គារ ហើយក៏បាត់ទៅវិញ រួចទើបកកើតឡើងវិញនៅព្រឹកថ្ងៃបន្ទាប់នោះ វាពិតជាលំបាកខ្លាំងណាស់​ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រសិក្សាអំពីវា ខណៈដែលយានគោចរជុំវិញភពក្រហមនេះ មិនអាចឈប់នៅសំកាំង ដើម្បីរង់ចាំតាមដានបម្រែបម្រួលពពក AMEC នោះឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ Space, ESA’s Mars Express (ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here